ថ្នាំ​ពុល​កសិកម្ម

កម្ពុជា​នាំចូល​ថ្នាំ​ពុល​​ឬ​សារធាតុ​គីមី​ប៉ុន្មាន​ម៉ឺន​តោន​​មួយ​ឆ្នាំៗ​សម្រាប់​វិស័យ​កសិកម្ម


តម្រូវការ​ប្រើ​ប្រាស់​សារធាតុ​គីមី ឬ​ថ្នាំ​ពុល​ទៅ​លើ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពុល​នេះ​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ​ចំពោះ​បញ្ហា​សុខភាព។
កសិករ​ខ្មែរ​ប្រើ​ថ្នាំ​ពុល​កសិកម្ម​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
ដោយ

ប្រទេស​កម្ពុជា​បាន​នាំ​ចូល​សារធាតុ​គីមី ឬ​ហៅ​ថា ថ្នាំ​ពុល​កសិកម្ម​ មក​ពី​ប្រទេស​ជិត​ខាង​មាន​ចំនួន​ប្រមាណ ៣​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

កាល​ពី​ឆ្នាំ​២០១៦ កើន​​ឡើង​​ដល់​ជាង ៣​ម៉ឺន​តោន ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ប្រមាណ​ជិត ៣​ម៉ឺន​តោន និង​ឆ្នាំ​២០១៤ មាន ២​ម៉ឺន ៥​ពាន់​តោន។ ឃើញ​ថា ទិន្នន័យ​ការ​នាំ​ចូល​សារធាតុ​គីមី ឬ​ថ្នាំ​ពុល​កសិកម្ម​ ពី​​ក្រសួង​កសិកម្ម បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំ​បាច់​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ 

សួរថា តើ​កម្ពុជា​ពិត​ជា​ចាំបាច់​ត្រូវការ​ប្រើប្រាស់​សារធាតុ​គីមី ឬ​ថ្នាំ​ពុល ដើម្បី​បម្រើ​នៅ​ក្នុង​វិស័យ​កសិកម្ម មែន​ ឬ​ទេ? អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​កសិកម្ម បាន​បក​ស្រាយ​ខុសៗ​គ្នាថា​ ការ​ប្រើប្រាស់​សារធាតុ​គីមី ឬ​ថ្នាំ ​ពុល​ច្រើន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ដំណាំ​ធ្លាក់​ចុះ​ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​គុណភាព​ដី។

អ្នក​ជំនាញ​កសិកម្ម​មួយ​ចំនួន​ទៀត​អះអាង​ថា បើ​មិន​ប្រើប្រាស់​សារធាតុ​ពុល​សម្លាប់​សត្វ​ល្អិត​ទេ​នោះ ការ​ប្រកប​របរ​កសិកម្ម​មិន​ទទួល​បាន​ផ្លែ​ផ្កា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រើ​ប្រាស់​និង​នាំ​ចូល​សារធាតុ​គីមី ឬ​ថ្នាំ​ពុល​ច្រើន​នេះ បាន​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សុខភាព​ពលរដ្ឋ​និង​បរិស្ថាន។ អ្នក​ជំនាញ​កសិកម្ម​បាន​ណែនាំ​​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សារធាតុ​ពុល​ផលិត​ពី​ធម្មជាតិ​វិញ។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ក្រសួង​កសិកម្ម​មួយ​រូប​ដែល​ទទួល​បន្ទុក​រួម​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត​ផ្សេងៗ នៅ​លើ​ដំណាំ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ដំណាំ​ធ្លាក់​ចុះ​ទេ ដរាប​ណា​ដែល​​យើង​​ចេះ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បច្ចេក​ទេស។ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ដដែល ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​សារធាតុ​ពុល​ច្រើន បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ជាច្រើន។

មន្ត្រី​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចូល​សារធាតុ​ពុល ឬ​ថ្នាំ​ពុល​មក​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ចំនួន​ប្រមាណ​ជា ៣​ម៉ឺន ៣​ពាន់​តោន។ លោក​ថា តម្រូវការ​ប្រើប្រាស់​ថ្នាំ​ពុល​ហាក់​កើន​ឡើង​ច្រើន នៅ​ដើម​ឆ្នាំ​នេះ ដោយសារ​តែ​បញ្ហា​សត្វ​ល្អិត​កើត​ឡើង​ច្រើន៕




អត្ថបទបន្ទាប់


ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នឹង​ថមថយ​ចុះ​បី​ឆ្នាំ​ជាប់​គ្នា

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​លឿន​​ក្នុង​ទសវត្ស​ចុង​ក្រោយ ហើយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា ក៏​មាន​ចំនួន​ច្រើន​ក្រែល​ដែរ។ ប៉ុន្…

ប្រជាជន​វៀតណាម​ស្ទើរ​មួយ​ប្រទេស​បារម្ភពី​សុវត្ថិភាព​ចំណី​អាហារ

នៅ​ប្រទេស​វៀតណាម​ក្បែរ​ខាង​កម្ពុជា ប្រជាជន​វៀតណាម​ភាគច្រើន​លើស​លប់​​កំពុង​ខ្វល់​ខ្វាយ​កាន់​តែ​ខ្លាំងឡើង អំពី​បញ្ហា​សុវត្ថិភាព​ចំណី​អាហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ