Advertisement
វិស័យ​ស្រូវ​អង្ករ

អឺរ៉ុប​ចាប់​ផ្តើម​លេង​ធម៌ក្តៅ​រឹតត្បិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ផ្សេងៗ​ដែល​មាន​សារធាតុ​គីមី


សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​នាំចូល​អង្ករ ទៅ​កាន់​ប្រទេស​របស់​ខ្លួន ដោយ​បាន​កម្រិត​ឲ្យ​កាត់​បន្ថយ​និង​លុប​បំបាត់​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) ដែល​ជា​ប្រភេទ​គីមី​សកម្ម​សម្រាប់​កម្ចាត់​ជំងឺ​ផ្សិត ពិសេស​ជំងឺ​ប្លាស់ ជា​ប្រភេទ​ជំងឺ​រលាក​ស្រទាប់​ស្លឹក​និង​កួរ​ស្រូវ និង​កើត​លើ​ដំណាំ​ដទៃ​ទៀត មក​ត្រឹម ០,០១​មីលីក្រាម ដែល​ស្ទើរ​តែ​គ្មាន​សោះ​ក្នុង​អង្ករ។
បង់ក្លាដេស​ធ្លាប់ចរចា​ទិញ​អង្ករ​ពី​កម្ពុជា ប៉ុន្តែ ឥឡូវ​ទិញ​ពី​វៀតណាម​រាប់សែន​តោន​ក្នុង​មួយឆ្នាំ។ រូបភាព៖ ហេង ភារម្យ
ដោយ

ការ​ដាក់​កំហិត​បែប​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប បាន​រក​ឃើញ​ការ​ប្រើប្រាស់​សារធាតុ​ជី​គីមី​នេះ​លើ​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេងៗ​ទៀត នៅ​ក្នុង​ប្រទេស​វៀតណាម​និង​ចិន។ ចំណែក​ប្រទេស​កម្ពុជា​យើង គឺ​ជា​ប្រទេស​ដែល​បាន​នាំ​ចូល​ជី​គីមី​និង​ថ្នាំ​ពុល​កសិកម្ម​រាប់​រយ​តោន​ក្នុង​១​ឆ្នាំៗ ពី​ប្រទេស​ចិន​និង​វៀតណាម​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​កំហិត​តឹងរ៉ឹង​លើ​ការ​នាំចូល​អង្ករ​ទៅ​ប្រទេស​របស់​ខ្លួន។ 

ការ​ដាក់​កំហិត​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ គឺ​គ្រប​ដណ្តប់​លើ​ប្រទេស​ដែល​នាំចូល​អង្ករ​ទៅ​កាន់​ប្រទេស​អឺរ៉ុប ដែល​ច្បាប់​ថ្មី​របស់​អឺរ៉ុប​នេះ​ត្រូវ​អនុវត្ត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ 

ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា កន្លង​មក នៅ​កម្ពុជា ​មិន​​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​មាន​កំហុស​ឆ្គង​ក្នុង​ការ​នាំ​ចេញ​អង្ករ​ដែល​លើ្មស​នឹង​ច្បាប់​របស់​អឺរ៉ុប​នៅ​ឡើយ​​ទេ។

ឯកឧត្តម​បាន​បន្ត​ថា ការ​ដាក់​កំហិត​ថ្មី​ហាក់​ដូចជា​ការ​រឹត​បន្តឹង​ខ្លាំង និង​ជា​ឧបសគ្គ​ដល់​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ក្រៅ​ប្រទេស រួម​ទាំង​ប្រទេស​​អឺរ៉ុប​​ផង​ដែរ។ ឯកឧត្តម​បាន​បន្ត​ថា ការ​កំហិត​ថ្មី​នេះ​របស់​អឺរ៉ុប ក៏​ធ្លាប់​ត្រូវ​បាន​ប្រទេស​នាំ​ចេញ​អង្ករ​ផ្សេង​ទៀត ដូចជា ឥណ្ឌា​និង​ថៃធ្វើការ​តវ៉ា​ច្រាន​ចោល​ដែរ តែ​មិន​បាន​លទ្ធផល​ឡើយ។ 

អឺរ៉ុប​ជា​ទីផ្សារ​ធំ​មួយ​របស់​កម្ពុជា​សម្រាប់​ការនាំ​អង្ករ​ចេញ។ (រូបភាព៖ ហេង ភារម្យ)

លោក​ឧកញ៉ា គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ ខ្មែរ​ហ្វ៊ូត បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដាក់​កំហិត​ថ្មី​របស់​សហគមន៍​អឺរ៉ុប​នេះ​ គឺ​ដើម្បី​រឹត​បន្តឹង​សុវត្ថិភាព​ចំណី​អាហារ។ លោក​ថា កន្លង​មក ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ជា​ធម្មតា ដោយ​បាន​ពិនិត្យ​រួចរាល់​ហើយ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​អ្នក​នាំ​ចេញ​អង្ករ មិន​ត្រូវ​រអ៊ូ ឬ​ក៏​ភ័យ​ខ្លាច​ចំពោះ​វិធានការ​ថ្មី​របស់​អឺរ៉ុប ដែល​គិតគូរ​សុវត្ថិភាព​ប្រជាជន​គេ​នោះ​ទេ។ 

លោក​ឧកញ៉ា​បាន​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ត្រួត​ពិនិត្យ​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម​ទាំង​អស់​កុំ​ឲ្យ​មាន​នៅ​លើ​ទីផ្សារ និង​ហាម​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់។ ហើយ​កន្លង​មក ក៏​មិន​ទាន់​មាន​ឃើញ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​ហាម​ឃាត់​នេះ លើស​កម្រិត​នៅ​ឡើយ​ទេ។

ភ្លាមៗ​នេះ​ដែរ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ច្បាប់​ថ្មី​របស់​អឺរ៉ុប​កំណត់​ក្នុង​ការ​នាំ​ចេញ​អង្ករ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ទប់​ស្កាត់​ការ​នាំ​ចូល​ថ្នាំ​ពុល​កសិកម្ម​ដែល​មាន​សារធាតុ​ហាម​ឃាត់​ខាង​លើ​នេះ និង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​កសិករ​ជៀសវាង​ការ​ប្រើប្រាស់​ជី​កសិកម្ម​ដែល​មាន​សារធាតុ​ហាមឃាត់​ដាក់​លើ​ដំណាំ​ស្រូវ ដែល​ជា​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ច្រើន​ជាង​គេ។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក បាន​បញ្ជាក់​ថា ការ​កំណត់​ច្បាប់​ថ្មី​របស់​អឺរ៉ុប​ក្នុង​ការ​នាំ​ចូល​អង្ករ​នោះ មាន​លក្ខណៈ​តឹងរ៉ឹង និង​ឲ្យ​កម្ពុជា​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ប្រើប្រាស់​ជី និង​ថ្នាំ​ពុល​កសិកម្ម ដែល​កន្លង​មក លោក​បាន​បញ្ជាក់​ថា ក៏​នៅ​តែ​មាន​ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម​ដែល​ហាមឃាត់​ផង​ដែរ។

សូម​បញ្ជាក់​ថា នៅក្នុង​រយៈ​ពេល​ពីរ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន ៥​ម៉ឺន ៥​ពាន់​តោន៕




អត្ថបទបន្ទាប់


បី​ខែ​ចោរ​គាស់​បន្ទប់​ជួល​​លោក​សាស្ត្រាចារ្យ​បីដង ! មក​ពី​គាត់​ស៊យ ឬ​មក​ពី​អសន្តិសុខ?

ព័ត៌មាន
អាច​រាប់​ថា​ជារឿង​មហាស៊យ​ដែល​ក្នុង​ពេល​បី​ខែ លោកសាស្ត្រាចារ្យ ស៊ិន គង់ សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុរាជ ត្រូវ​«លោក...

សៀវភៅ​ដែល​ធ្វើ​ឲ្យ ប៊ីល ហ្គេតស៍ អាន​ហើយ​ស្រក់​ទឹក​ភ្នែក !

ព័ត៌មាន
មហាសេដ្ឋី​ពិភពលោក ប៊ីល ហ្គេតស៍ (Bill Gates) ថ្មីៗ បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​ដាក់​ច...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ