ក្រសួងការបរទេសហ្វីលីពីន បានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល ដែលថា ជម្លោះការទូត ដែលកំពុងអូសបន្លាយរវាងប្រទេសទាំងពីរនឹងធ្វើឱ្យបាត់បង់ការងាររបស់ពលរដ្ឋហ្វីលីពីន រាប់លាននាក់ និងបានចាត់ទុកការធ្វើអត្ថាធិប្បាយនេះថា មានចរិតបង្ខិតបង្ខំ។ ទីក្រុងម៉ានីល បានសង្កត់ធ្ងន់ថា ការអត្ថាធិប្បាយបែបនេះមិនត្រឹមតែជាការប្រើឥទ្ធិពល ដើម្បីសងសឹកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងធ្វើឱ្យខូចខាតដល់កិច្ចសន្ទនាទ្វេភាគី ដែលមានលក្ខណៈស្ថាបនា។
ហ្វីលីពីន បានចាត់ទុកការប្រតិកម្មរបស់ស្ថានទូតចិន ហាក់ចង់បញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអាចត្រូវបានរារាំង ឬប្រើប្រាស់ជាឧបករណ៍សម្រាប់ដាក់សម្ពាធនយោបាយ។ ទន្ទឹមនឹងនេះ ហ្វីលីពីន បានអំពាវនាវឱ្យអ្នកការទូតចិន រក្សាជំហរដោយការទទួលខុសត្រូវ និងប្រើប្រាស់ពាក្យពេចន៍ដែលមានលក្ខណៈវិជ្ជមានក្នុងន័យរក្សាទំនាក់ទំនងការទូត។ យ៉ាងណាមិញ មកទល់ពេលនេះស្ថានទូតចិន មិនទាន់មានការឆ្លើយតបចំពោះការរិះគន់ត្រឡប់វិញរបស់ហ្វីលីពីន នៅឡើយទេ ដោយសារស្ថិតក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន។
សូមរំលឹកថា ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយសារការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីន បានចោទប្រកាន់ចិន ពីបទធ្វើសកម្មភាពឈ្លានពាន និងសមយុទ្ធដ៏គ្រោះថ្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ខណៈទីក្រុងប៉េកាំង តែងតែវាយបកវិញថា ហ្វីលីពីន គឺជាអ្នកដែលរំលោភបំពានចូលក្នុងដែនទឹក ដែលខ្លួនអះអាងថា ជាកម្មសិទ្ធិផ្តាច់មុខរបស់ចិន៕
ដោយៈ សរ សុជាតិ