នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារ Nikkei Asia ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក ចូស មានូអេល រ៉ូមូលដេហ្ស (Jose Manuel Romualdez) ដែលជាប់សាច់ញាតិជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងជាបុគ្គលកំពុងមានឥទ្ធិពលនៅក្នុងគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់ប្រទេសហ្វីលីពីនផងនោះ បានសម្តែងការព្រួយបារម្ភមែនទែន អំពីភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញបញ្ហាកោះតៃវ៉ាន់។
លោក Romualdez បាននិយាយយ៉ាងដូច្នេះថា «គ្មាននរណាម្នាក់ប្រាថ្នាចង់បានសង្គ្រាម ឬការប្រឈមមុខដាក់គ្នានោះឡើយ» ហើយលោកស្នើឲ្យប្រទេសទាំងពីរ គឺមហាយក្សអាមេរិក និងចិនកាត់បន្ថយភាពតានតឹង ដោយបែរទៅរកកិច្ចសន្ទនាបន្ថែមវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
មែនទែនទៅ ទីក្រុងម៉ានីលតែងប្រកាន់ជំហរអព្យាក្រឹត ចំពោះបញ្ហានៅកោះតៃវ៉ាន់រហូតមក គឺនៅចន្លោះកណ្តារវាងអាមេរិក និងចិន។ ប៉ុន្តែ អ្នកអង្កេតព្រឹត្តិការណ៍អន្តរជាតិខ្លះចង់ដឹងកាន់តែច្បាស់ថា តើក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក Marcos ហ្វីលីពីនអាចមានទំនោរទៅរកសហរដ្ឋអាមេរិកដែរ ឬយ៉ាងណា ជុំវិញវិបត្តិនៅកោះតៃវ៉ាន់ និងហើយលោក Marcos អាចនឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៊ីនតោនវិញ ដូចដែលអតីតប្រធានាធិបតីអាណត្តិមុនប៉ុនប៉ងធ្វើ តែមិនបានសម្រេចនោះដែរឬទេ។
លោក ចូស មានូអេល ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកបាននិយាយដែរថា ក្រោមការដឹកនាំរបស់លោកម៉ាកូស ហ្វីលីពីនបានបង្ហាញពីការផ្លាស់ប្តូរនូវជំហរផ្សះផ្សានិយមរបស់លោក Duterte ជាមួយប្រទេសចិន។
គេនៅចាំបានថា កាលពីខែកក្កដាកន្លងទៅ នៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិហ្វីលីពីន លោក Marcos ប្រធានាធិបតីចូលកាន់តំណែងថ្មីបាននិយាយថា៖ «រូបលោកនឹងមិនធ្វើជាមេដឹកនាំ ដែលលះបង់ទឹកដីសូម្បីមួយចង្អាមនៃសាធារណរដ្ឋហ្វីលីពីន ទៅឲ្យមហាអំណាចបរទេសណាមួយឡើយ»។
គួរជម្រាបថា បើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិអាមេរិកបានគូសបញ្ជាក់ថា កាលពីភាពតានតឹងរវាងចិន និងតៃវ៉ាន់នៅដើមខែសីហាកន្លងទៅ ដោយទីក្រុងប៉េកាំងបានធ្វើសមយុទ្ធឡោមព័ទ្ធកោះនេះ បានបង្អាក់លំហូរសេរីនៃទំនិញតាមផ្លូវសមុទ្រ និងផ្លូវអាកាសជុំវិញប្រទេសហ្វីលីពីន ហើយសមយុទ្ធចិននោះក៏លាតសន្ធឹងចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខប្រទេសនោះផងដែរ។
ប្រឈមមុខនឹងការរះឡើងនៃយោធាចិននៅសមុទ្រចិនខាងត្បូងផងនោះ លោក Romualdez បានគូសបញ្ជាក់ដែរថា ទីក្រុងម៉ានីលបាននិងកំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនចំនួនមូលដ្ឋានយោធាហ្វីលីពីន ដែលអាចឲ្យកងកម្លាំងអាមេរិកប្រើប្រាស់បាន ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០១៤ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិករក្សាវត្តមានយោធានៅមូលដ្ឋានទ័ពចំនួនប្រាំរបស់ហ្វីលីពីនផងដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិក និងហ្វីលីពីន «នឹងធ្វើការពិភាក្សាជាទៀងទាត់ លើការធ្វើឱ្យកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពសន្តិសុខយូរអង្វែងរបស់យើង ក្រោមការឧបត្ថម្ភនៃសន្ធិសញ្ញាការពារទៅវិញទៅមក និងកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត រួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលបានពង្រឹងឆ្នាំ២០១៤ កន្លងទៅ។