បច្ចុប្បន្នភាព-​នយោបាយ

បក្ស​ប្រឆាំង​ថា មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ​ដែល​អាច​បញ្ចប់​ភាព​តានតឹង​នយោបាយ​បាន!


គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កម្ពុជា​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ដំណោះ​ស្រាយ​មួយ​ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ ហើយ​ដំណោះ​ស្រាយ​នោះ គឺ​មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ ដែល​អាច​និយាយ​គ្នា​បាន។
លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នាព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់​ការ​គណបក្ស​​ លោក សុន​ ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ពី​ភាព​វិជ្ជមាន​នេះ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ។

លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

បណ្តា​ប្រទេស​លោក​ខាង​លិច​និង​ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​មួយ​ចំនួន បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ហើយ​បាន​និយាយ​ថា វា​បង្កើន​ការ​សង្ស័យ​ថា​តើ​ការ​បោះឆ្នោត​សកល​ឆ្នាំ​ក្រោយ​អាច​យុត្តិធម៌​បាន ឬ​​យ៉ាងណា។

លោក សុន​ ឆ័យ បាន​និយាយ​ថា ខណៈ​ដែល​បរទេស​ដាក់​គំនាប​នោះ​ នៅ​ចុង​បញ្ចប់ មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ ដែល​អាច​រក​វិធី​ដោះស្រាយ​បញ្ហា​បាន។

លោក សុន ឆ័យ បាន​និយាយ​យ៉ាង​ដូច្នេះ ៖ «យើង​នៅ​តែ​មាន​សង្ឃឹម ហើយ​នៅ​តែ​មាន​ជំនឿ។ ការ​ដោះស្រាយ​បញ្ហា​ប្រទេស​មួយ អ្វី​ដែល​ធ្វើ​ហើយ​ជោគជ័យ ហើយ​ប្រសិទ្ធ​ភាព គឺ​ការ​ដោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ។ បរទេស​គ្រាន់​តែ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រវាង​ខ្មែរ​និង​ខ្មែរ។ ចំពោះ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ​វា​អាស្រ័យ​លើ​ខ្មែរ​និង​ខ្មែរ។ ដូច​យើង​មាន​បទ​ពិសោធន៍​នៅ​ឆ្នាំ​១៩៩១​ដូច្នោះ។»

លោក សុន ឆ័យ បាន​បន្ត​ថា ទោះបី​ជា​ស្ថានភាព​អាប់​អួរ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​អត់​ធ្មត់​ណាស់ ក្នុង​ការ​បន្ត​ការ​តស៊ូ​នយោបាយ​ដោយ​សន្តិវិធី។

លោក សុន ឆ័យ បាន​និយាយ​ថា​ «ដូច្នេះ យើង​មិន​ខាត​ពេល​វេលា​របស់​យើង​ បន្ត​ឲ្យ​សភាព​ការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ត​ទៅ​ទៀត​ទេ។ សង្ឃឹម​ថា មាន​យន្តការ​ដែល​យើង​អាច​និយាយ​គ្នា​បាន។»

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​កន្លង​មក គឺ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រទេស​ជាតិ ដែល​ជា​ការ​ចាំបាច់ និង​ជា​ធម្មតា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្នំភ្លើង​នៅ​លើ​កោះបាលីអាច​នឹង​ផ្ទុះ ប៉ុន្តែ មិន​ដឹង​ពេល​ជាក់លាក់!

ព័ត៌មាន
សម្រាប់អ្នក​ដែល​មាន​បំណង ឬ​គ្រោង​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី គួរតែ​ផ្លាស់ប្ដូរ​គម្រោង​ ឬ​លើក​ពេល​ទៅ​ទីនោះ​ ព្រោះ​ថា…

បន្ទាប់​ពី​បើក​ដំណើរការ​វារី​អគ្គិសនីសេសានក្រោម-២ តម្លៃ​ភ្លើង​នឹង​កាន់​តែ​ចុះ​ថោក?

ព័ត៌មាន
បញ្ហា​តម្លៃ​អគ្គិសនី គឺ​ជា​គំនាប​មួយ​ដែល​​បាន​រាំង​ស្ទះ​​ដល់​​វិសាលភាព​​នៃ​​ការ​​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ក៏ដូចជា​បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ