លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ហាក់បង្ហាញការយល់ស្របចំពោះរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័ន Mercer ដែលវាយតម្លៃថា ភ្នំពេញជាទីក្រុង ដែលមានការចំណាយខ្ពស់លើការរស់នៅលំដាប់ទី២ នៅអាស៊ាន បន្ទាប់ពីសិង្ហបុរី។ លោកកត់សម្គាល់ឃើញថា ការចំណាយលើការរស់នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នពិតជាស្ថិតក្នុងកម្រិតខ្ពស់ពិតប្រាកដមែន បើធៀបនឹងបណ្តាទីក្រុងក្នុងតំបន់អាស៊ាន។
សម្រាប់អ្នកជំនាញរូបនេះ ការវាយតម្លៃរបស់ស្ថាប័នស្រាវជ្រាវ Mercer មិនមែនជារឿងល្អសម្រាប់កម្ពុជានោះទេ ពោលគឺវាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់រាជធានីភ្នំពេញ ក្នុងការស្រូបទាញភ្ញៀវទេសចរ និងវិនិយោគិន ខណៈសេដ្ឋកិច្ចកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបជាមួយសិង្ហបុរី និងប្រទេសថៃ និងបណ្ដាប្រទេសមួយចំនួនទៀត។ អ្នកជំនាញរូបនេះយល់ថា រាជរដ្ឋាភិបាលគួរត្រួតពិនិត្យ និងស្រាវជ្រាវឡើងវិញ ចំពោះតម្លៃទំនិញ និងសេវាកម្មនានា ព្រោះតម្លៃទំនិញ និងសេវាកម្មថ្លៃវាមិនបានផ្ដល់ផលល្អដល់ពលរដ្ឋ និងសង្គមជាតិ នោះទេ។
ស្រដៀងគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការវាយតម្លៃការរស់នៅរបស់ស្ថាប័នស្រាវជ្រាវ Mercer ដែលថា រាជធានីភ្នំពេញជាទីក្រុងមានការចំណាយខ្ពស់លើការរស់នៅ ចង់ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញអ្នកទេសចរ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ យ៉ងណាក៏ដោយអ្នកជំនាញរូបនេះបានចាត់ទុកការវាយតម្លៃនេះ គឺជាមេរៀនមួយ ដែលអ្នកពាក់ព័ន្ធគួរពិនិត្យឡើងវិញ ហើយរដ្ឋាភិបាល ក៏គួរកែប្រែចំណុចចំណុចមួយចំនួនផងដែរដូចជា តម្លៃដឹកជញ្ជូន និងការផ្គត់ផ្គង់សេវាកម្មនានា ជាដើម។
បើយោងតាមការវាយតម្លៃលើតម្លៃនៃការរស់នៅប្រចាំឆ្នាំ២០២៤ របស់ស្ថាប័នស្រាវជ្រាវ Mercer សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន ជាទីក្រុងដែលមានការចំណាយលើថ្លៃរស់នៅខ្ពស់បំផុត និងជាទីក្រុងថ្លៃបំផុតទីពីរនៅលើពិភពលោក។ ភ្នំពេញជាទីក្រុងមានការចំណាយលើការរស់នៅខ្ពស់លំដាប់ទី២ នៅអាស៊ាន តាមពីក្រោយដោយទីក្រុងបាងកករបស់ថៃ, ទីក្រុងម៉ានីឡារបស់ហ្វីលីនពីន, ហ្សាកាតារបស់ឥណ្ឌូនេស៊ី, ហាណូយរបស់វៀតណាម, យ៉ាង់ហ្គូនរបស់មីយ៉ាន់ម៉ា និងវៀងចន្ទន៍របស់ឡាវ ខណៈប្រទេសព្រុយណេ មិនស្ថិតក្នុងការស្រាវជ្រាវនេះនោះទេ។
ការវាយតម្លៃរបស់ស្ថាប័ននេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការប្រៀបធៀបការចំណាយលើទំនិញជាង២០០នៅក្នុងទីតាំងនីមួយៗ រួមមាន លំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សម្លៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្តជាដើម៕