ទីផ្សារជ្រូក

តម្លៃជ្រូករស់ហក់ឡើងដល់ជិត១២,០០០រៀលក្នុង១គីឡូក្រាម ដែលកំពុងផ្តល់ក្តីសង្ឃឹមដល់កសិករ តែបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់


នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃជ្រូករស់បានហក់ឡើងថ្លៃយ៉ាងគំហុកឈានដល់ជិត១ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃល្អប្រសើរសម្រាប់កសិករ តែវាទំនងជាអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។ បើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ ការហក់ឡើងតម្លៃជ្រូករស់នេះ ត្រូវបានជំរុញជាចម្បងដោយសារកើនឡើងតម្រូវការ តែការផ្គត់ផ្គង់ហាក់មានថមថយ ដោយសារកសិករមួយចំនួនបានផ្អាកការចិញ្ចឹម ក្រោយជួបបញ្ហាធ្លាក់ថ្លៃកន្លងមក។
ទីផ្សារជ្រូក
ដោយ

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ បានគូបញ្ជាក់ថា នៅថ្ងៃទី២ ខែកុម្ភៈ តម្លៃជ្រូករស់នៅតាមកសិដ្ឋានបានហក់ឡើងដល់១១,៥០០រៀលក្នុង១គីឡូក្រាម មានការកើនឡើងប្រមាណ៣ពាន់រៀលក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃលកចេញកាលពីខែមុន។ លោក រ៉ាដេត ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកម្នាក់ដែរនោះបានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យតម្លៃជ្រូកហក់ឡើងខ្ពស់បែបនេះ គឺដោយសារតម្រូវការមានការកើនឡើងខ្លាំង ស្របពេលការផ្គត់ផ្គង់មានការធ្លាក់ចុះ ព្រោះនៅតាមកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួនមានបញ្ហាប្រឈមនូវជំងឺឆ្លងបណ្ដាលឱ្យជ្រូកងាប់ និងមានកសិករមួយចំនួនបានផ្អាកចិញ្ចឹមជាដើម។ សម្រាប់អ្នកជំនាញរូបនេះការឡើងថ្លៃជ្រូករស់នៅពេលនេះវាបានផ្ដល់ផលចំណេញដល់អ្នកចិញ្ចឹម តែបើវាបន្តកើនឡើងបន្ថែមទៀត នោះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

​មិនខុសគ្នានោះទេ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានអះអាងថា តម្លៃជ្រូករស់នៅថ្ងៃទី២ ខែកុម្ភៈ បានហក់ឡើងដល់ជិត១ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាម ដែលជំរុញជាចម្បងដោយសារការកើនឡើងតម្រូវការ ស្របពេលការផ្គត់ផ្គង់មានថយចុះ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍ខ្វះខាតការផ្គត់ផ្គង់នៅតែបន្ត នោះតម្លៃសាច់ជ្រូកនៅលើទីផ្សារនឹងឡើងថ្លៃទៅតាមនឹងដែរ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់អាជីវករលក់បន្ត និងប្រើប្រាស់ប្រចាំថ្ងៃ។

​ទោះបីតម្លៃជ្រូករស់បានហក់ឡើងថ្លៃខ្ពស់ក៏ដោយ តែលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ។ លោកបានពន្យាល់ថា មិនទាន់អាចផ្តល់ប្រាក់ចំណេញ ក៏ដោយសារកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។

​បើតាមការគូសបញ្ជាក់របស់លោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជា ត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមក្នុង១ថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញយល់ថា ល្មមដល់ពេលដែលរាជរដ្ឋាភិបាល ត្រូវបោសសម្អាតគម្រោងវិនិយោគបោកប្រាស់ ដើម្បីស្តារវិស័យអចលនទ្រព្យហើយ

វិស័យអចលនទ្រព្យកម្ពុជា ដែលធ្លាប់តែជាសសរស្ដម្ភក្នុងការជួយគាំទ្រសេដ្ឋកិច្ច កំពុងស្ថិតក្នុងសភាពទ្រឹង និងប្រឈមនឹងការបាត់បង់អតិថិជន។ អ្វីដែលកាន់…

Vietjet បង្ហាញលទ្ធផលដ៏រឹងមាំនៃអាជីវកម្មនៅឆ្នាំ ២០២៥ ជាមួយនឹងកំណើនប្រាក់ចំណូល 47% ក្នុងត្រីមាសទី ៤ និងការពង្រីកបណ្តាញហោះហើរជាសកល

ភ្នំពេញ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានរាយការណ៍ពីកំណើនប្រាក់ចំណូល និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ