ឥណ្ឌូនេស៊ីនឹងផ្ដល់សិទ្ធិគ្រប់គ្រងដីធ្លីរហូតដល់ ១០០ ឆ្នាំសម្រាប់ការវិនិយោគនៅក្នុងរដ្ឋធានីថ្មី នូសានតារ៉ា


ប្រទេសឥណ្ឌូនេស៊ីអាចផ្តល់ការលើកលែងពន្ធលើតម្លៃបន្ថែម និងផ្ដល់ការអនុញ្ញាតការប្រើដីកាន់យូរព្រមទាំងផ្តល់អាជ្ញាបណ្ណលឿនជាងមុនសម្រាប់ក្រុមអ្នកដែលវិនិយោគក្នុងគម្រោងអភិវឌ្ឍរដ្ឋធានីថ្មីដ៏ពោរពេញដោយមហិច្ឆតារបស់ប្រទេសនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី ដូដូ
ដោយ

វិធានការនេះ គឺមានបំណងទាក់ទាញការវិនិយោគពីខាងក្រៅ និងជំរុញនូវកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគអឺរ៉ុប ដើម្បីបញ្ចប់ឲ្យបានត្រឹមដំណាច់ឆ្នាំនេះ។ នេះបើតាមការអះអាងរបស់លោក បាលីល ឡាហាដាលៀ (Bahlil Lahadalia) រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Nikkei Asiaនៅពេលថ្មីៗនេះ ។

លោក ឡាហាដាលៀ បាននិយាយថា ការអនុញ្ញាតឱ្យប្រើដីនៅរដ្ឋធានី នូសានតារ៉ា ជាឈ្មោះរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនេះ នឹងមាន«រយៈពេលវែងជាងមុនបើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសនេះ ពោលគឺអាចនឹងត្រូវពង្រីកសិទ្ធិកាន់កាប់រហូតដល់រយៈពេល ១០០ ឆ្នាំឯណោះ សម្រាប់ការវិនិយោគនៅក្នុងរដ្ឋធានីថ្មីនេះ។

លោក ឡាហាដាលៀ បានបន្ថែមថា វាក៏នឹងមានរយៈពេលសម្រាប់ផ្តល់អាជ្ញាបណ្ណលឿនជាងមុនដល់ក្រុមអ្នកវិនិយោគដែលមកកាន់រាជធានីថ្មីនេះ ព្រមទាំងតម្លៃដីដែលមានការប្រកួតប្រជែងផងដែរ។

គម្រោងដ៏ពោរពេញដោយមហិច្ឆតារបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ដែលមានតម្លៃ ប្រហែល៣១ ពាន់លានដុល្លារនេះ គឺមានគោលដៅដើម្បីផ្លាស់ប្តូរទីតាំងរដ្ឋធានីឥណ្ឌូនេស៊ី ហ្សាកាតា ពីតំបន់លិចលង់ និងដ៏លំបាកនៅលើកោះចាវ៉ា (ជ្វា) ទៅកាន់កោះ បូណេអូ (Borneo)វិញ ដែលជាទីតាំងអំណោយផល និងមានសក្ដានុពលក្នុងការអភិវឌ្ឍ។

ផែនការរបស់លោក វីដូដូ នេះគឺត្រូវមានចំណែកនៃការចំណាយលើការសាងសង់រាជធានីថ្មីនេះ ៨០% ពីក្រុមអ្នកវិនិយោគឯកជន និងរដ្ឋាភិបាលបរទេស ប៉ុន្តែគម្រោងដ៏ធំមួយនេះរហូតមកដល់ពេលនេះ គឺមិនទាន់អាចទាក់ទាញអ្នកគាំទ្រឱ្យបានគ្រប់កម្រិតនេះនៅឡើយទេ។

ក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុនបានដកខ្លួនចេញពីគម្រោងនេះកាលពីខែមីនា ខណៈដែលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបរទេសតិចតួចប៉ុណ្ណោះ ដែលត្រូវបានប្រកាសចាប់តាំងពីពេលនោះមក។ មកដល់ពេលនេះ គឺមានតែការងារសាងសង់មូលដ្ឋានតែប៉ុណ្ណោះ ដែលកំពុងដំណើរការនៅកន្លែងដែលបានគ្រោងទុកនេះ ខណៈដែលតាមផែនការសូម្បីតែវិមានប្រធានាធិបតី ក៏រដ្ឋាភិបាលគ្រោងនឹងត្រូវផ្លាស់ទៅកាន់កោះបូណេអូនៅដើមឆ្នាំ២០២៤ដែរ។

ទោះយ៉ាងណាក៏ដោយ លោក ឡាហាដាលៀ រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូនេស៊ី បាននិយាយដោយភាពជឿជាក់ ១០០% ថា ពួកគេអាចសម្រេចបាននូវគោលដៅ ៨០% (របស់លោក វីដូដូ)ព្រោះឥណ្ឌូនេស៊ីបានធ្វើការពិភាក្សាជាច្រើនជាមួយវិនិយោគិនអឺរ៉ុប ដែលមានសក្តានុពល និងជិតពិភាក្សាគ្នារួចរាល់ហើយគិតមកទល់ពេលនេះ។

ទោះយ៉ាងណា គេសង្កេតឃើញថា បច្ចុប្បន្នស្ថិតក្នុងផ្នែកនៃការវិនិយោគលើរដ្ឋធានីថ្មីនេះ គឺឃើញមាន កិច្ចព្រមព្រៀងវិនិយោគមួយចំនួនកំពុងមានការរីកចម្រើន គឺភាគច្រើនមានតែនៅក្នុងវិស័យផលិតរថយន្តប្រើថាមពលអគ្គិសនី និងការផលិតអាគុយដែលជាការផ្តោតសំខាន់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាបន្ដនាំចូលអំបិលបានជាង១ម៉ឺនតោនពីឥណ្ឌា ចំពេលការផលិតក្នុងស្រុកខ្វះខាត

ព័ត៌មាន
ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តកែបបាននាំគ្នាទុកដីស្រែអំបិលចោល និងកែប្រែដីស្រែអំបិលមួយចំនួនទៅជាតំបន់អភិវឌ្ឍន៍នានា ក្រោយការផលិតអំបិលទទួល…

រដ្ឋាភិបាលថៃគាំទ្រគម្រោងអនុញ្ញាតឱ្យក្រុមវិនិយោគិនបរទេសអាចទិញដីបាន ខណៈដែលបក្សប្រឆាំងជំទាស់នឹងគម្រោងនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃបានការពារសេចក្ដីព្រាងច្បាប់មួយក្នុងការអនុញ្ញាតឱ្យជនបរទេសជាក្រុម អាចដាក់ពាក្យសុំការអនុញ្ញាត ដើម្បីអាចមានសិទ្ធិ ទិញ និងកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ