វិស័យពាណិជ្ជកម្ម

តើការប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យឈានដល់១៥ពាន់លានដុល្លាររវាងកម្ពុជា និងថៃ អាចទៅរួចទេ ក្រោយប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា?


ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានរងផលប៉ះពាល់យ៉ាងដំណំក្រោយប្រទេសទាំងពីរមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា ជាពិសេសពេលកងទ័ពថៃ បើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា នាំគ្នាបង្កើតចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ។
វិស័យពាណិជ្ជកម្ម
ដោយ

មុនពាក់មុខយក្សដាក់គ្នារឿងបញ្ហាព្រំដែន ថ្នាក់ដឹកនាំកម្ពុជា-ថៃ បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងគ្នាឱ្យឈានដល់១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៧ តែយ៉ាងណាក្រុមអ្នកជំនាញបានវាយតម្លៃថា ផែនការនេះទំនងជាមិនអាចសម្រេចបាននោះទេ ដ្បិតវាត្រូវបានដុតបំផ្លាញខ្ទេចខ្ទាំដោយសារសង្រ្គាម៥ថ្ងៃបាត់ទៅហើយ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានវាយតម្លៃថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានធ្លាក់ដល់កម្រិតទាបបំផុតនាពេលនេះ បន្ទាប់ពីមានការបិទច្រកព្រំដែនគោករវាងគ្នា និងចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ភាពប្រះស្រាំនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទំនងជាមិនអាចវិលទៅរកភាពល្អប្រសើរដូចដើមវិញបាននោះទេ ខណៈផែនការរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យដល់១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៧ ក៏មិនអាចសម្រេចបាននោះដែរ ដ្បិតផែនការនេះវាត្រូវបានដុតបំផ្លាញដោយសារបញ្ហាសង្រ្គាមចំនួន៥ថ្ងៃបាត់ទៅហើយ។

​ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ទោះបីកម្ពុជា បានបិទត្រឹមការនាំចូលទំនិញមួយចំនួនពីថៃ ដូចជាបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈក៏ពិតមែន ប៉ុន្តែការឈ្លានពានទាំងកម្រោលរបស់កងទ័ពថៃ មកលើកម្ពុជា បានទាញទម្លាក់ការនាំចូលទំនិញនានាពីថៃ មកកាន់កម្ពុជា ឱ្យធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា លែងមានទំនុកចិត្ត និងធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ ដោយងាកមកគាំទ្រផលិតផលក្នុងស្រុក។

តាមរយៈបញ្ហានេះ អ្នកជំនាញរូបនេះ យល់ឃើញថា ការស្តារទំនាក់ទំនង និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទំនងជាត្រូវការចំណាយរយៈពេលយូរ ហើយក្នុងករណីអាចស្តារឡើងវិញបាន ក៏មិនអាចដូចដើមបាននោះដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បន្ទាប់ពីយោធាថៃ បានផ្តើមបិទច្រកព្រំដែនដោយឯកតោភាគី និងធ្វើសកម្មភាពឈ្លានពានមកលើកម្ពុជា ជាបន្តបន្ទាប់ បានជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឃ្លាតឆ្ងាយគ្នាកាន់តែខ្លាំងទៅៗ និងបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ បើតាមអ្នកជំនាញរូបនេះ ទោះបីបច្ចុប្បន្ននៅតែមានទំនិញថៃ មួយចំនួនបន្តហូរចូលមកទីផ្សារកម្ពុជា តាមរយៈផ្លូវទឹក ឬច្រកព្រំដែនឡាវ ក៏ពិតមែន ប៉ុន្តែការគាំទ្រផលិតផលថៃ ពីសំណាក់ពលរដ្ឋកម្ពុជា គឺពុំដូចមុននោះទេ ដូច្នេះលោកជឿជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺពិបាកនឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញណាស់ ហើយផែនការពង្រើកទំហំពាណិជ្ជកម្មទ្វេភាគីរវាងគ្នាឱ្យដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២៧នោះ ក៏ពុំអាចទៅរួចនោះដែរ។

​គួរជម្រាបថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំប្រមាណ២ពាន់៤រយលានដុល្លារ មានការធ្លាក់ចុះ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៨៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៩រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២០ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ក្រសួងកសិកម្មកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២០ ដើម្បីជួយ…

តើទីផ្សារសត្វក្រពើនៅកម្ពុជា មានស្ថានភាពបែបណា ក្រោយបាននាំចេញលើកដំបូងទៅកាន់ទីផ្សារចិន?

ចំនួនអ្នកចិញ្ចឹមសត្វក្រពើនៅកម្ពុជា មានការថយចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីតម្លៃក្រពើបានធ្លាក់ចុះហៅលែងលឺនៅអំឡុងវិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ