កសិដ្ឋានម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង

សិប្បកម្មផលិតទឹកម្នាស់ទឹកឃ្មុំស្ទឹងត្រែង មិនអាចបំពេញតម្រូវការទីផ្សារបានទៀងទាត់ ព្រោះកង្វះដើមទុន


ដោយសារតែជួបឧបសគ្គខ្វះដើមទុន ក្នុងការពង្រីកផ្ទៃដីដាំម្នាស់ទឹកឃ្មុំបន្ថែម ម្ចាស់កសិដ្ឋាន ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) បានឲ្យដឹងថា ចង្វាក់ផលិតកម្មផលិតទឹកម្នាស់ទឹកឃ្មុំរបស់លោក អាចដំណើរការបានតែរយៈពេល៦ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ព្រោះថា មិនមានម្នាស់គ្រប់គ្រាន់ក្នុងផលិត ដោយសារផ្ទៃដីដាំម្នាស់នៅមានកម្រិតនៅឡើយ។
សិប្បកម្មផលិតទឹកម្នាស់ទឹកឃ្មុំស្ទឹងត្រែង មិនអាចបំពេញតម្រូវការទីផ្សារបានទៀងទាត់ ព្រោះកង្វះដើមទុន

នេះការលើកឡើង ពីសំណាក់លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្ម​ផលិត​ទឹកម្នាស់ ស្វីត រ៉ូយ៉ាល់ ផាយនេបផល(Sweet Royal Pineapple) ដែលមាន​ទីតាំង​នៅភូមិ​អូរឫស្សី​កណ្តាល ឃុំអូរឫស្សី​កណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់​ក្រចេះស្ទឹងត្រែង​ខេត្តស្ទឹងត្រែង។

តាមរយៈការឆ្លងឆ្លើយសារ​ជាសម្លេង​ជាមួយ​នឹងក្រុម​ការងារ​ខេមបូណូមីស លោក សាយ ពន្លឺចិត្តៈករុណា បានប្រាប់ថា បច្ចុប្បន្ននេះ​ខ្សែចង្វាក់​ផលិតកម្មផលិត​ទឹកម្នាស់​ទឹកឃ្មុំ​របស់លោក បានផ្អាកដំណើរការ​ហើយ ដោយសារតែ​ម្នាស់ផ្លែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ផលិត ព្រោះផ្ទៃដីដាំ​នៅមានកំណត់។

លោកបានមានប្រសាសន៍ថា៖«ឥឡូវនេះសិប្បកម្ម​អត់មាន​ដំណើរការទេ យើងផ្អាកអស់ហើយ ទាល់តែ​មានម្នាស់ឡើងវិញ​ យើងដាំអត់​បានវិលជុំ ព្រោះត្រូវ​ការទុន​ធំ​បានទៅរួច ឥឡូវហ្នឹង​អត់បាន​ដាំវិលជុំទេ ទាល់តែវិលជុំ ទើបអាចផលិត​បាន​រាល់ថ្ងៃដែរ ​អ៊ីចឹងយើងផ្អាក​ម៉ាស៊ីន​ប្រហែល​៦ទៅ៧ខែឯណោះ»។

លោកបានបន្ថែមថា លោកបានខិតខំ​ស្វះស្វែង​រកដើមទុនដែរ ដោយកន្លង​មក​បានស្នើ​ទៅខ្ចី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​ផង ដើររកអ្នក​វិនិយោគ​ក្នុងស្រុក​ផង ដែលមិនទាន់​ទទួល​បានលទ្ធ​ផល​ជាផ្លែផ្កា​នៅឡើយទេ។

លោកបានបញ្ជាក់ថា៖« ថ្ងៃមុនទៅពិភាក្សា​ហ្នឹង (ពិភាក្សាលើ​ការ​បណ្ដាក់ទុន)នៅ​មិនទាន់ច្បាស់​នៅឡើយទេ គ្រាន់តែគេថា គេចង់​វិនិយោគដែរ តែគេចាំ​ពិភាក្សា​ជាមួយ​ដៃគូគេសិន ហើយ​ចង់កម្ម៉ង់(បញ្ជាទិញ)ទឹកម្នាស់​យើងហ្នឹង​ជាប្រចាំឆ្នាំ ដើម្បីលក់​ក្នុង​ប្រទេសផង និងនាំចេញ​ទៅក្រៅផង ប៉ុន្តែមិនទាន់​បានចេញ​ជាលទ្ធផល​អ្វីនៅ​ឡើយនោះទេ»។

បើតាមម្ចាស់កសិដ្ឋាន និងសិប្បកម្ម​ស្វីតរ៉ូយ៉ាល់​ផាយនេបផល(Sweet Royal Pineapple)រូបនេះ អះអាងថា ដើម្បីអាច​បំពេញ​តម្រូវការ​ទីផ្សារ​បានឲ្យ​ទៀងទាត់ជាប្រចាំនោះ លោកត្រូវ​ការដើមទុន​ប្រមាណ​ពី ១លានដុល្លារ ទៅ​១,៥លានដុលារ ដើម្បីរៀបចំ​ជារោងចក្រ​ផលិត​ទឹកម្នាស់ និងដាំម្នាស់​នៅលើផ្ទៃ​ដី​២០ហិកតា ដែលអាច​ផលិត​ទឹកម្នាស់​បានប្រមាណ​ជា ២ម៉ឺនទៅ ៣ម៉ឺនដប​ក្នុងមួយថ្ងៃ ហើយអាច​ផលិត​បានពេញ​មួយឆ្នាំតែម្តង។

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្ម​ផលិត​ទឹកម្នាស់ ស្វីត រ៉ូយ៉ាល់ ផាយនេបផល(Sweet Royal Pineapple)

ប៉ុន្តែបច្ចុប្បន្ននេះ សិប្បកម្ម​របស់អាច​មានសមត្ថភាព​ផលិតទឹកម្នាស់​បានត្រឹមតែ​ប្រហែល​១ពាន់ដប​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ដែលក្នុងមួយឆ្នាំ សិប្បកម្ម​អាចដំណើរការ​បានត្រឹមតែ​៦ខែ ខណៈកសិដ្ឋាន​ដាំម្នាស់ទឹកឃ្មុំ​មិនអាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​នៅឡើយនោះទេ។

ម្យ៉ាងវិញទៀត នៅគ្រាដែល​ទឹកម្នាស់​ទឹកឃ្មុំរបស់លោក​កំពុងតែ​មានតម្រូវការនៅ​លើទីផ្សារ ស្រាប់តែត្រូវផ្អាក​ចង្វាក់ផលិតកម្មផលិតវិញ បានធ្វើឲ្យ​អតិថិជនផ្តល់យោបល់​ថា ហេតុអ្វីបានជា​មិនអាចផលិត​ឲ្យបានគ្រប់គ្រាន់ និងទាន់ពេល​វេលាដូចផលិត​ផល​ប្រទេសជិតខាង ខណៈដែល​ផលិតផលក្នុង​ស្រុកមួយ​ប្រភេទនេះ មានគុណភាពល្អទៅហើយនោះ។

ដោយមូលហេតុនេះ សព្វថ្ងៃ លោក សាយ ពន្លឺចិត្តៈករុណា កំពុងរៀបចំគម្រោង​ផែនការមួយឲ្យ​បានច្បាស់លាស់ ដោយបានរកអ្នក​ជំនាញផ្នែកវិយោគ ជាជំនួយបន្ថែម ក្នុងការប្រឹក្សា​យោបល់នានា ដើម្បីធ្វើ​យ៉ាងណា អាចឲ្យលោក​ប្រមែប្រមូល​ដើមទុនបន្ថែម ដើម្បីពង្រីក​ចង្វាក់​ផលិតមួយ​ឲ្យកាន់តែធំ ដែលមិនត្រឹម​តែលក់នៅ​ក្នុងស្រុក​នោះទេ តែនឹងត្រូវ​នាំចេញ​ទៅក្រៅ​ប្រទេសផងដែរ។

សូមជម្រាបថា រហូតមកទល់នឹងសព្វថ្ងៃ ការលក់ផ្លែម្នាស់​ទឹកឃ្មុំស្រស់មានតិចតួចទេ ដោយសារម្នាស់​ជាច្រើនត្រូវប្រមូល​យកមកផលិតជា​ទឹកម្នាស់វិញ​ទើបអាចបំពេញតម្រូវការទីផ្សារបាន ដោយទីផ្សារសម្រាប់​ទឹកម្នាស់ទឹកឃ្មុំ​នៅខេត្តស្ទឹងត្រែង រួមមាន ក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងព្រះសីហនុជាដើម។

មហិច្ឆតាដ៏ធំរបស់កសិករវ័យជាង ៣០ឆ្នាំ ផ្លាយរូបនេះ មិនត្រឹមតែចង់ពង្រីក​កសិដ្ឋាន​និងសិប្បកម្ម​របស់លោកនោះទេ លោកមានគម្រោងនឹងជួយដល់កសិករដែលដាំម្នាស់​ទូទាំងខេត្តស្ទឹងត្រែងទាំងអស់ ឲ្យមាន​ទីផ្សារមួយដ៏រឹងមាំ តម្លៃសមរម្យ និងធ្វើឲ្យខេត្តស្ទឹងត្រែងទាំងមូល សម្បូរដោយ​ចម្ការ​ម្នាស់ទឹកឃ្មុំ​គ្រប់ទីកន្លែង។

លោកថា៖«មើលទៅ ខ្ញុំមិនអាចដេករងចាំសំណាងពីគេបានទេ មានតែខ្ញុំត្រូវបង្កើត​សំណាងឲ្យ​ខ្លួនឯងហើយ ទើបបាន»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ដុតដៃដុតជើងជំរុញឲ្យមានកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប

ព័ត៌មាន
នាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ បានប្រកាសថា អាចនឹងបញ្ចប់ការសិក្សាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹង សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗខាង…

នាយកដ្ឋានរដ្ឋាករថៃ រំពឹងប្រមូលចំណូលពន្ធអាករបានជាង ១៦,៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ត្រឹមខែកញ្ញានេះ

ព័ត៌មាន
សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបិទបញ្ចប់នៅត្រឹមខែកញ្ញានេះ នាយកដ្ឋានរដ្ឋាករថៃ រំពឹងថា នឹងអាចប្រមូលចំណូលពន្ធអាករបានប្រមាណ១៦,៦ ពាន់លានដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ