ទុនវិនិយោគសំណង់ធ្លាក់ចុះ៦៦%នៅត្រីមាសទី១

ទុនវិនិយោគសំណង់ធ្លាក់ចុះ៦៦%នៅត្រីមាសទី១ឆ្នាំ២០២២ ប៉ុន្ដែអ្នកជំនាញថាមិនប៉ះពាល់ខ្លាំងដល់វិស័យអចលនទ្រព្យឡើយ


ការអនុម័តគម្រោងសំណង់នានា នៅកម្ពុជាគិតក្នុងត្រីមាសទី១ឆ្នាំ២០២២ មានការធ្លាក់ចុះទុនវិនិយោគដល់ទៅ ៦៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺថយចុះ ពីជាង១ពាន់៦រយលានដុល្លារ មកនៅត្រឹមតែជាង៥៦៥លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលចំនួនគម្រោងវិនិយោគវិញ មានជាង១ពាន់គម្រោង ថយចុះប្រមាណ ៦%។ នេះបើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច។
ទិដ្ឋភាពទីក្រុងភ្នំពេញ

អ្នកជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​យល់​ឃើញ​ថា ការ​ធាក់​ចុះ​នៃ​វិស័យ​សំណង់​នេះ​នៅ​ដើមឆ្នាំ​២០២២ ដោយសារ​តែ​កម្ពុជា​ទើប​ងើប​ចេញពី​វិបត្តិ​កូ​វី​ដ​-១៩ គួប​ផ្សំ​ប្រជាពលរដ្ឋ​កំពុង​ខិតខំ​ស្តារ​ប្រាក់​ចំណូល​របស់​ពួក​គេ ដែល​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ទើប​មិនសូវ​ជា​មានការ​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ធំ​ដូច​ពី​មុន​។ ទោះ​យ៉ាងណា​អ្នកជំនាញ​អះអាង​ថា ការ​ធ្លាក់​ចុះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ​។

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​បាន​អនុម័ត​លើ​សំណើរ​គម្រោង​សាងសង់​បាន​ចំនួន​ជាង​១​ពាន់​គម្រោង​ម្រោ​ង​នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​២០២២​នេះ មានការ​ធ្លាក់​ចុះ​៦៤​គម្រោង ឬ​ស្មើនឹង​ជាង​៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ប៉ុន្ដែ បើ​មើលទៅ​លើ​ទុន​វិនិយោគ​សំណង់​វិញ គឺ​មាន​ត្រឹមតែ​ជាង ៥៦៥​លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់​ចុះ​ដល់​ទៅ​៦៦%​។ ក្នុង​នោះ​ដែរ ការ​ធ្លាក់​ចុះ​ចំនួន​គម្រោង​សំណង់​នេះ ភាគច្រើន​ជា សំណង់​ពាណិជ្ជកម្ម​, សំណង់​ឧស្សាហកម្ម និង​សំណង់​សាធារណៈ​។

ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​គម្រោង​សាងសង់​នេះ​ដែរ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​យល់​ឃើញ​ថា ការ​ធ្លាក់​ចុះ​នេះ​ទំនង​មក​ពី​ក្រុមហ៊ុន​មួយ​ចំនួន​មាន​អាក់ខាន​ក្នុង​ការ​ដាក់​សំណើរ​សុំ​វិនិយោគ បន្ទាប់​ពី​ពួក​គេ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ នៅ​ដើមឆ្នាំ​នេះ​។ តែ​យ៉ាងណា​លោក​សង្កេត​ឃើញ​ថា ទាំង​គម្រោង​វិនិយោគ​ចាស់ និង​ថ្មី​នៅ​តែ​បន្ត​កើត​មាន និង​ដំណើរការ​សាងសង់​របស់​ខ្លួន ដូច្នេះ​ការ​ធ្លាក់​ចុះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នោះ​ទេ​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​យល់​ឃើញ​ថា ការ​ធ្លាក់​ចុះ​គម្រោង​សាងសង់​នេះ អាច​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ និង​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​។ ហើយ​ការ​រីក​ចម្រើន​របស់​វិស័យ​សំណង់​ដែល​ធ្លាប់​បាន​ឈាន​ដល់​ចំណុចកំពូល និង​ត្រូវ​ដល់​ដំណាក់កាល​ថមថយ​ចុះ​មក​វិញ ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ​។

ដោយឡែក របាយការណ៍​របស់​ធនាគារជាតិ នៃ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គិត​ត្រឹម​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​សរុប​ប្រមាណ​ជាង ៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​មានការ​កើនឡើង​ជាង​២២% បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ ឥណទាន​ដែល​ផ្ដល់​ទៅ​ក្នុង​វិស័យ​សំណង់​មាន​ច្រើន​ជាងគេ​បំផុត ដល់​ទៅ​ប្រមាណ​ជិត ១៤​ពាន់​លាន​ដុល្លារ កើន​ជិត​៣០%​ឯណោះ​។

កើនឡើង​ទំហំ​ឥណទាន​ក្នុង​វិស័យ​សំណង់​នេះ​ដែរ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​ក្តី​រំពឹង​ថា វិស័យ​សំណង់​នឹង​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​អត្រា​៣% នៅ​ឆ្នាំ​២០២២៕




អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថា កម្ពុជានិងអ៊ីស្រាអែលខ្វះការជំរុញទំនាក់ទំនងទើបធ្វើឲ្យការវិនិយោគនៅមានកម្រិត

ព័ត៌មាន
ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជាលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងបាងកកប្រទេសថៃបានលើកឡើងពីចំណុចសក្តានុពលរបស់…

ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេល២ថ្ងៃទៀតសម្រាប់ការចុះបញ្ជីអាជីវកម្មតាមអនឡាញ

ព័ត៌មាន
នៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអ្នកលក់ទំនិញតាមអនឡាញរាប់រយនាក់ បានសម្រុកនាំគ្នាទៅស្នើសុំចុះបញ្ជី និងស្នើសុំអាជ្ញាបណ្ណអាជីវកម្មនៅក្រសួងពាណិជ្ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ