រថយន្តអគ្គិសនី

ក្រុមហ៊ុនធំៗពីរមានគម្រោងចង់បើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា


នៅមួយរយៈចុងក្រោយនេះមានក្រុមហ៊ុនមួយចំនួនបានមកសិក្សាសក្តានុពលវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ក្នុងនោះក៏មានវិស័យយានយន្តអគ្គិសនីផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងចំណោមក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនធំៗពីរ បានបង្ហាញពីបំណងចង់វិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី ដែលកំពុងបោះជំហានឈានទៅរកភាពរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខ។
រថយន្តអគ្គិសនី
ដោយ

ពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនីនេះដែរ កាលពីពេលថ្មីៗរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីជំរុញការអភិវឌ្ឍ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យឈានដល់៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០។

បើគ្មានអ្វីផ្លាស់ប្តូរទេកម្ពុជាអាចនឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីលើកដំបូងនាពេលអនាគតដ៏ខ្លីខាងមុខជាក់ជាមិនខាន។ ជាក់ស្តែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ដែលកំពុងមានប្រតិបត្តិការលក់រថយន្តអគ្គិសនីនៅកម្ពុជាស្រាប់នោះ បានបង្ហាញពីគម្រោងចង់សាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។

បើតាមការគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី រោងចក្រដែលក្រុមហ៊ុន BYD មានគម្រោងចង់សាងសង់នៅកម្ពុជាមានសមត្ថភាពអាចដំឡើង និងផ្គុំរថយន្តបានចំនួន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ នេះ ផលិតរថយន្តបានចំនួន៣លានគ្រឿង និងមានសាខា៧០ប្រទេសគិតត្រឹមឆ្នាំ២០២២។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី។

ក្រៅពីក្រុមហ៊ុន BYD ក្រុមហ៊ុន Sun Wah Properties (Cambodia) ក៏បានបង្ហាញបំណងចង់វិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។ ការបង្ហាញបំណងចង់វិនិយោគនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ ហើយកាលពីពេលថ្មីៗពោលគឺនៅថ្ងៃទី១១ ខែកក្កដា លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sun Wah Properties (CAMBODIA) បានដឹកនាំសហការីមកសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើការផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះនៅកម្ពុជាជាថ្មីម្តងទៀត។

ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនីនៅកម្ពុជានេះដែរ កាលពីពេលថ្មីៗកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភីវឌ្ឍន៍យានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយនេះ កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានដល់៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះរថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន២,៩៦៨គ្រឿង ក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕

None



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិកត្រសៀរៗទៅរកឥណ្ឌូនេស៊ី ដើម្បីបង្កើតភាពជាដៃគូសន្តិសុខរ៉ែរួមគ្នា

សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១លើពិភពលោកកំពុងត្រសៀរៗទៅរកឥណ្ឌូនេស៊ី ដែលជាប្រទេសសម្បូរធនធានរ៉ែនីកែល ក្នុងគោលបំណងដើម្បីបង្កើតភា…

ប្រហុកម្សៅរបស់ខ្មែរកំពុងត្រៀមខ្លួន ដើម្បីហក់ចូលទីផ្សារអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខ

ម្សៅប្រហុកគីរម្យ របស់ក្រុមហ៊ុន ខនហ្វីរេល ក្រោមការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរបស់ឧកញ៉ាឱសថ ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល និង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ