លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា៖ «កសិករខ្មែរយើង ពេលទទួលផល តម្លៃកសិផលធ្លាក់ចុះ ដែលធ្វើពួកគាត់ខាត ហើយលះបង់ការដាំដុះ។ ការមើលឃើញពីផលលំបាករបស់ពួកគាត់នេះហើយ ទើបយើងធ្វើផែនការបើករោងចក្រកែច្នៃកសិផល។ ដូច្នេះ យើងបានធ្វើគម្រោងអាជីវកម្មហ្នឹង ដាក់ទៅអង្គការ SNV ដែលគេជួយលើគម្រោង Business Startup ហើយគេបានឲ្យថវិកាដល់យើងចំនួន២០ម៉ឺនអឺរ៉ូ ដើម្បីអនុវត្តការផលិតផ្លែឈើក្រៀម»។
ផលិតផលផ្លែឈើក្រៀមដែលគ្រោងនាំចេញនេះ រួមមាន៖ ចេក ល្ពៅ ត្រាវ ខ្នុរ និង ដំឡូង។ ហើយអគាររោងចក្រកំពុងសាងសង់ គឺទទួលបានបច្ចេកវិទ្យា ពីប្រទេសចិន ស្ថិតក្នុងរោងចក្រផលិតនំស្រួយ លីលី ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវឧកញ៉ា កែវ មុំ ថៅកែនំស្រួយលីលី។
រោងចក្រដ៏ទំនើប ដែលមានសមត្ថភាពផលិតបានច្រើនជាង ៣តោនក្នុងមួយថ្ងៃ នឹងគ្រោងនាំចេញទៅប្រទេសចិនមុនគេ និងពង្រីកទីផ្សារជាបន្តបន្ទាប់។ បើសិនរោងចក្រនេះដំណើរមែននោះ វានឹងជួយផ្តល់ការងារដល់កសិករដែលដាំដុះផ្លែឈើ ១០កន្លែងនៅតាមបណ្តាខេត្តផ្សេងៗ ដែលមានប្រមាណ ១៥០០គ្រួសារ។
លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុដែលក្រុមហ៊ុនលីលី ហ៊ានវិនិយោគផ្លែឈើក្រៀម ព្រោះ ខ្ញុំឃើញថា វៀតណាម ថៃ ឥណ្ឌូនេស៊ី ជាប្រទេសសម្បូរផលិតផលកែច្នៃផ្លែឈើក្រៀមច្រើន ដែលគេលក់ទូទាំងពិភពលោករួចទៅហើយ ហេតុអីលីលីទើបទើបចាប់ផ្តើម? យើងមានជំនឿចិត្តលើកសិផលរបស់ខ្មែរ ដែលជាកសិផលមានរសជាតិឈ្ងុញឆ្ងាញ់ ហើយគួបផ្សំនឹងបច្ចេកវិទ្យាយើង ខ្ញុំរំពឹងថា នឹងអាចប្រកួតប្រជែងជាមួយប្រទេសដទៃបាន»។
សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៨នេះ ក្រៅពីដំណើរការរោងចក្រផលិតផ្លែឈើក្រៀម លោកជំទាវឧកញ៉ា កែវ មុំ ក៏បើកដំណើរការព្រមគ្នា នូវរោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនលីលី ផលិតនំស្រួយ ដែលបានចាប់ដៃជាមួយជប៉ុន ដោយមានសមត្ថភាពផលិតនំបានច្រើនជាង៣ដងនៃរោងចក្របច្ចុប្បន្ន សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិនៅថ្ងៃខាងមុខ ខណៈបច្ចុប្បន្ននេះ នំស្រួយលីលី ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី អូស្រ្តាលី វៀតណាម ថៃ មីយ៉ាន់ម៉ា កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម នឹងគ្រោងនាំចេញទៅប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំក្រោយនេះ៕