វិវាទដីធ្លី

សម្តេចនាយករដ្ឋមន្ត្រី ជំរុញក្រសួងឲ្យខិតខំដោះស្រាយវិវាទដីធ្លី ខណៈបច្ចុប្បន្ននៅសល់ជាង៣ពាន់ករណីកំពុងដោះស្រាយ


សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំលើកទឹកចិត្ត ឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ តែត្រូវមានភាពសុចរិត។ បន្ថែមលើនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចជាដើម។
តើតម្លៃដីធ្លីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មី ប្រែប្រួលយ៉ាងណាហើយ?

ជុំវិញ​បញ្ហា​នេះ​ដែរ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់​ថា កន្លង​មក​ក្រសួង​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​បាន​ជាង​១​ម៉ឺន​ករណី និង​មាន​ជាង​៣​ពាន់​ករណី​កំពុង និង​ត្រៀម​ដោះស្រាយ​។ ទន្ទឹម​នឹង​នេះ ក្រសួង​ប្តេជ្ញា​ថា នឹង​ខិតខំ​បញ្ចប់​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដី​ធី​ជូន​ពលរដ្ឋ​ឲ្យ​បាន​១០០% នៅ​ត្រឹម​ឆ្នាំ​២០២៣​។

នា​ពិធី​សម្ពោធ​ទីស្នាក់ការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ពី​បញ្ហា​ធំ​ៗ​ចំនួន​៣ ពាក់ព័ន្ធ​វិស័យ​ដីធ្លី ឲ្យ​ក្រសួង​រៀបចំ​ដែន​ខិតខំ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ បញ្ហា​សំខាន់​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​បី គឺ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជា​ឲ្យ​ក្រសួង​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ដែល​តែងតែ​កើត​មាន​ជា​ញឹកញាប់ ជា​ពិសេស​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​ម្តង​ៗ​។

សម្រាប់​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន លើកទឹកចិត្ត​ឲ្យ​ក្រសួង​ព្យាយាម​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រោះ​ការ​ដោះស្រាយ​របៀប​នេះ​អាច​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​បញ្ចប់​បញ្ហា​បាន​លឿន ជាង​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ដែល​មាន​ភាគី​មួយ​ត្រូវ​ចាញ់ ឬ​ឈ្នះ​។ ជាមួយ​គ្នា​នេះ សម្តេច ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ខិតខំ​ក្នុង​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​គ្នា និង​ដោះស្រាយ​បញ្ហា​រឿង​ដី​សម្បទាន​សង្គមកិច្ច​ជាដើម​។ 

ជុំវិញ​បញ្ហា​ខាងលើ ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា កន្លង​មក​ក្រសួង​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន ដើម្បី​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ដីធ្លី និង​សំណង់​ក្នុង​ការ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។ ឯកឧត្តម​បាន​បន្ថែម​ថា កន្លង​មក​ក្រសួង​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង​១​ម៉ឺន​ករណី និង​កំពុង​ដោះស្រាយ​ជាង ៣​ពាន់​ករណី​។

ពាក់ព័ន្ធ​បញ្ហា​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​គូសបញ្ជាក់​ថា កន្លង​មក​ក្រសួង​បាន​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៦​លាន​៣​សែន​ស្មើ​ប្រមាណ​៩០,០៣% នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​៧​លាន​ក្បាលដី ហើយ​ឯកឧត្តម​ប្តេជ្ញា​ថា ក្រសួង​នឹង​ខិតខំ​ចុះបញ្ជី​ក្បាលដី​ឲ្យ​បាន​១០០% នៅ​ត្រឹម​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់ចិននៅតែរក្សាភាពធន់ទោះ ស្ថិតក្នុងវិបត្តិខ្វះខាតថាមពល

ព័ត៌មាន
ការនាំចេញរបស់ចិន នៅបន្តរក្សាបានភាពខ្លាំងក្លា ដែលបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ ទោះស្ថិតក្នុងវិបត្តិខ្វះខ…

តើវិស័យអចលនទ្រព្យនៅឆ្នាំ២០២២ នឹងមានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រុមអ្នកជំនួញ និងវិនិយោគិនធំៗក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំក្រោយនេះ ក្រោយរា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ