ជាពិសេសសម្ដេច ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ប្រធានគណៈកម្មាធិការដោះស្រាយវិវាទដីធ្លី ដោះស្រាយបន្ទាន់លើបញ្ហានេះ ជាមួយក្រសួងធនធានធានទឹក និងឧតុនិយម,ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ក្រសួងបរិស្ថាន រួមទាំងស្ថាប័នពាក់ពាន្ធទាំងអស់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែវិច្ឆិកា បានសម្រេច បង្កើតក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតនៅក្នុងខេត្តចំនួន ៦ រួមមាន ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ ក្រុមការងារនេះ មានការចូលរួមជាអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប នៅក្នុងទីតាំងខេត្តចំនួន៦ខាងលើនេះ។
ការបង្កើតនូវក្រុមការងារនេះឡើង គឺនៅក្រោយពេល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យ និងស្រាវជ្រាវបញ្ហាជាបន្ទាន់ និងត្រូវអនុវត្តច្បាប់ទៅលើជនខិលខូច ដែលបានទន្ទ្រានយកដីព្រៃលិចទឹកនៃតំបន់ទន្លេសាប។
បើតាមសម្តេច តេជោ ហ៊ុន សែន យោងតាមរបាយការណ៍ស្រាវជ្រាវដែលដឹកនាំដោយ ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដីបឹងទន្លេសាបកំពុងតែរងគ្រោះ ដោយសារតែការកាប់បំផ្លាញព្រៃលិចទឹក និងការកាន់កាប់ទន្ទ្រានខុសច្បាប់ និងយ៉ាងអណាធិបតេយ្យ ពីអ្នកមានអំណាច និងជនខិលខូច។ សម្ដេចបានបញ្ជាឱ្យស្ថាប័ន្ធពាក់ព័ន្ធបង្ក្រាបជាបន្ទាន់ចំពោះមន្ត្រីមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ ហើយសម្ដេចក៏បានក្រើនរំលឹកដល់ អភិបាលខេត្ត និងអភិបាលស្រុក ដែលបានប្រព្រឹត្តខុសត្រូវតែចេញមុខសារភាពនូវកំហុសរបស់ខ្លួន ដើម្បីទទួលបានការបន្ធូរបន្ថយទោសផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបផងដែរ ពីករណីអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន ដែលបានកាន់កាប់ទន្ទ្រានដីព្រៃលិចទឹកជាង២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង ដោយសម្ដេចបានគូសបញ្ជាក់ថា សម្ដេចមិនខ្វល់នោះទេថា វាជាដីរបស់អតីតអភិបាលខេត្ត ទោះថ្នាក់ណាក៏ត្រូវប្រមូលយកមកវិញដែរ។ បន្ថែមពីនេះ សម្ដេច ក៏បានបញ្ជាឱ្យ ឯកឧត្តម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវស្រាវជ្រាវបន្ទាន់រកមុខមន្ត្រីណាខ្លះ ដែលមានការជាប់ពាក់ព័ន្ធនូវបញ្ហាខាងលើ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។
បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៩ ខែវិច្ឆិកា បានសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបនោះ។
ការបង្កើតក្រុមការងារនេះឡើង បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយ ដែលមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធដូចជា៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន , ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តម នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងអភិបាល និងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាបទាំងអស់៕