
ភាពចលាចល និងបញ្ហានយោបាយកំពុងជំរុញឱ្យស្ថានភាពហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍រងការរង្គោះរង្គឺ និងបាត់សណ្តាប់ធ្នាប់ ហើយវិនិយោគិនបរទេសបាននាំគ្នាសម្រុកដកប្រាក់ចេញពីតំបន់នេះ។ វិនិយោគិនបរទេសបានដកប្រាក់រហូតដល់ទៅ៦៥៣លានដុល្លារចេញពីទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេស៊ី នៅក្នុងខែនេះ ដែលជាការដកចេញដ៏អាក្រក់បំផុតមិនធ្លាប់មាន បន្ទាប់ពីផ្ទុះការបាតុកម្មដ៏ហិង្សា និងមានការរុះរើគណរដ្ឋមន្រ្តីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ានមួយនេះ។
ដោយឡែកស្ថានភាពទីផ្សារហ៊ុនរបស់ថៃ ក៏មិនខុសពីឥណ្ឌូនេស៊ី នោះដែរ ដោយកាលពីខែសីហា កន្លងទៅនៅពេលដែលប្រទេសនេះមានបញ្ហានយោបាយ រដ្ឋាភិបាលគ្មានក្បាលដឹកនាំ ដោយសារតែបញ្ហាក្តីក្តាំនៅតុលាការធម្មនុញ្ញរហូតដល់គណបក្សភឿថៃ រលំរលាយរដ្ឋាភិបាល វិនិយោគិនបានដកប្រាក់រហូតដល់ប្រមាណ៦៧០លានដុល្លារចេញពីប្រទេសនេះ។
លោក ស៊ីន យ៉ាវ ង៉ (Xin-Yao Ng) អ្នកគ្រប់គ្រងកម្មវិធីមូលនិធិនៅក្រុមហ៊ុន Aberdeen Investments បាននិយាយថា ស្ថានភាពនៅថៃ បច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានស្ថានភាពប្រសើរបន្តិចនៅពេលដែលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង ប៉ុន្តែឥណ្ឌូនេស៊ីហាក់ដូចជាកំពុងឈានឆ្ពោះទៅរកស្ថានភាពមួយកាន់តែអាក្រក់។ ការសម្រេចចិត្តរុះរើគណរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ជាពិសេសការផ្លាស់ប្តូររដ្ឋមន្រ្តីហិរញ្ញវត្ថុចាស់វង្សារបស់ប្រទេសនេះ កំពុងធ្វើទីផ្សារមានភាពរកាំរកូស ដោយសារបរទេសមានទំនុកចិត្តខ្លាំងលើអតីតរដ្ឋមន្រ្តីរូបនោះ។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារទៅក្នុងប្រព័ន្ធធនាគារ ដើម្បីពង្រឹងការគាំពារសេដ្ឋកិច្ច និងរក្សាលំនឹងហិរញ្ញវត្ថុ៕
ដោយៈ សរ សុជាតិ