តម្លៃជ្រូករស់

អ្នកលក់សាច់ជ្រូករអ៊ូរទាំពីតម្លៃជ្រូករស់ឡើងថ្លៃ ខណៈមន្ត្រីក្រសួងកសិកម្មថា តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលក្នុង១គីឡូក្រាមជាតម្លៃសមរម្យ


ទីផ្សារសត្វជ្រូករស់នៅកម្ពុជា មានភាពល្អប្រសើរឡើងបន្តិចនៅមួយរយៈមកនេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលក្នុងការស្រោចស្រង់វិស័យចិញ្ចឹមសត្វ ដែលដាំក្បាលចុះ។ បច្ចុប្បន្នតម្លៃជ្រូករស់ត្រូវបានលក់ចេញចន្លោះពី១ម៉ឺនរៀល ដល់ជាង១ម៉ឺន១ពាន់រៀល ក្នុង១គីឡូក្រាម ជាហេតុធ្វើឱ្យម្ចាស់កសិដ្ឋាននានា មានទឹកចិត្តខិតខំចិញ្ចឹមជ្រូកឡើងវិញ។
តម្លៃជ្រូករស់
ដោយ

តែយ៉ាងណាភាពប្រសើរឡើងនៃតម្លៃជ្រូករស់នេះ បានធ្វើឱ្យមានភាពចម្រូងចម្រាសជាមួយក្រុមអាជីវករមួយចំនួន ខណៈពួកគេចោទប្រកាន់លើក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកមួយចំនួនថា ធ្វើឱ្យទីផ្សារឡើង ឬចុះស្រេចតែចិត្ត និងដណ្ដើមអតិថិជនពីអាជីវករលក់រាយជាដើម។​

លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ទីផ្សារជ្រូករស់បានហក់ឡើងថ្លៃខុសពីធម្មតា ដែលហាក់ផ្ទុយពីការប្រកួតប្រជែងតាមបែបទីផ្សារសេរី។ លោកបានចាត់ទុកការហក់ឡើងថ្លៃជ្រូករស់ខុសពីធម្មតានេះ គឺដោយសារមានការសហការកំណត់ថ្លៃឡើង ឬចុះពីសំណាក់ក្រុមហ៊ុនធំៗមួយចំនួន ហើយមានក្រុមហ៊ុនចិញ្ចឹមជ្រូកខ្លះ បានកាប់សាច់លក់ដោយខ្លួនឯង ជាហេតុធ្វើឱ្យបាត់បង់អតិថិជនប្រចាំថ្ងៃរបស់អាជីវករលក់រាយនៅលើទីផ្សារ។ សម្រាប់ប្រធានសមាគមរូបនេះ តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀល ក្នុង១គីឡូក្រាម ជាតម្លៃសមស្របក្នុងការទទួលផលចំណេញទាំងអស់គ្នា ប៉ុន្តែការឡើងថ្លៃជ្រូករស់រហូតដល់ជាង១ម៉ឺន១ពាន់រៀល ក្នុង១គីឡូក្រាម ដែលកំណត់ដោយក្រុមហ៊ុនផ្គត់ផ្គង់ គឺជាបញ្ហាដែលត្រូវរួមគ្នាដោះស្រាយ។

​ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានគូសបញ្ជាក់ថា តម្លៃជ្រូករស់ទើបតែមានភាពប្រសើរនៅមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ខណៈអ្នកចិញ្ចឹមជួបបញ្ហាប្រឈមនឹងការខាតបង់ថវិកាអស់ជាច្រើនឆ្នាំមកហើយ ហើយការខាតបង់កន្លងមក ក៏ពុំបានធ្វើឱ្យប៉ះពាល់ដល់អាជីវករជាអ្នកលក់សាច់ជ្រូកក្នុងទីផ្សារនោះដែរ។ ទោះបីតម្លៃជ្រូករស់នាពេលបច្ចុប្បន្នមានភាពប្រសើរសម្រាប់អ្នកចិញ្ចឹមក៏ពិតមែន ប៉ុន្តែប្រធានសមាគមរូបនេះបានលើកឡើងថា វាពុំទាន់មានផលប៉ះពាល់ដល់អ្នកទទួលទាននៅឡើយទេ ដោយសារតែសាច់ជ្រូកលក់នៅលើទីផ្សារ ក៏ពុំទាន់មានការឡើងថ្លៃខ្លាំងនោះដែរ។ សម្រាប់លោក ស្រ៊ុន ពៅ នៅពេលក្រុមហ៊ុនចិញ្ចឹមជ្រូកមានទីសត្តឃាតដ្ឋានស្តង់ដាត្រឹមត្រូវដោយខ្លួនឯង នោះនឹងធ្វើឱ្យសាច់សត្វដែលលក់នៅលើទីផ្សារកាន់តែមានភាពប្រគួតប្រជែងទៅលើផ្នែកគុណភាព។

​ពាក់ព័ន្ធបញ្ហាតម្លៃជ្រូករស់នេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ថ្លៃជ្រូករស់នាពេលបច្ចុប្បន្នមានការកើនឡើងប្រសើរជាងពេលមុនសម្រាប់កសិករអ្នកចិញ្ចឹម ខណៈតម្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ថ្លៃជ្រូករស់នៅក្នុងរង្វង់១ម៉ឺនរៀល ក្នុង១គីឡូក្រាម គឺជាតម្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូក ក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើនក្នុងអំឡុងពេល ដែលថ្លៃជ្រូករស់មានការថយចុះផងដែរ។ តែយ៉ាងណា នៅក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងកសិកម្ម នឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ ខណៈកន្លងមកក្រសួងកសិកម្ម បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ។

បើតាមការគូសបញ្ជាក់ពីលោក ស្រ៊ុន ពៅ បច្ចុប្បន្ននៅកម្ពុជា មានតម្រូវការប្រើប្រាស់ និងកាប់ជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម នៅក្នុង១ថ្ងៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា…

គយនឹងអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ចូនទំនិញ ដើម្បីបង្កើនការគ្រប់គ្រងទំនិញឆ្លងកាត់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញតាមរយៈសៀលអេឡិចត្រូនិក ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ