នៅពេលធ្វើដំណើរចុះពីផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅសាលាសង្កាត់ទឹកថ្លា មិនដល់ ១០០ម៉ែត្រផង គេសង្កេតឃើញអតិថិជនជាច្រើនអង្គុយតម្រៀបគ្នាជុំវិញគ្រែបបរ ដើម្បីហុតបបរលាន់គ្រូកៗ ទំនងឆ្ងាញ់ខ្លាំងណាស់ ខណៈអ្នកខ្លះបន្តកន្ទុយគ្នារង់ចាំទិញបបរច្រកយកទៅញ៉ាំនៅគេហដ្ឋាន ដោយសារគ្មានកន្លែងអង្គុយ ដ្បិតគ្រែដែលមានដំបូលប្រក់តង់តូចមួយនេះ អាចទទួលអតិថិជនបានត្រឹមពី ៥ ទៅ ៦នាក់ប៉ុណ្ណោះ។
បើទោះបីមានការកកស្ទះចរាចរណ៍នៅពេលល្ងាចតាមផ្លូវនេះក្តី ប៉ុន្តែ អតិថិជនហាក់មិនធុញទ្រាន់នឹងសំឡេងស៊ីផ្លេឡានម៉ូតូនោះឡើយ ប៉ុន្តែ ពួកគេបែរជាផ្តោតអារម្មណ៍ហូបបបរយ៉ាងរីករាយទៅវិញ។
លោក មាស បូរ៉ា និស្សិតនៅសាកលវិទ្យាល័យមួយនៅភ្នំពេញ ដែលជាអតិថិជនប្រចាំនៅទីនេះ បានអះអាងថា លោកតែងតែញ៉ាំបបរនៅទីនេះស្ទើររៀងរាល់ល្ងាច ពីព្រោះ បបរនេះមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំខ្ជិលដាំបាយល្ងាច ព្រោះ ខ្ញុំនៅតែម្នាក់ឯង។ ខ្ញុំឧស្សាហ៍ហូបបបរនៅទីនេះ ព្រោះ វាមានអនាម័យ និងឆ្ងាញ់ ខុសពីកន្លែងផ្សេងៗទៀត ដែលខ្ញុំធ្លាប់ហូបពីមុន»។
ដូចគ្នាដែរ កញ្ញា ឆេង ចាន់ណា ដែលជាអាជីវករនៅក្បែរនោះ និងតែងហូបបបរនៅទីនេះជាញឹកញយនោះ បានរៀបរាប់ថា៖ «កាលមុន នៅពេលល្ងាច ខ្ញុំទៅហូបបបរនៅ Water Park ក្បែរហ្នឹងដែរ ព្រោះ វាមានកន្លែងអង្គុយស្រួលបួល ដោយអត់ដឹងថា បបរគាត់ឆ្ងាញ់នោះទេ ប៉ុន្តែ ពេលសាកបានម្តង ក៏ញ៉ាម ហើយញ៉ាំនៅទីនេះរហូត ទោះពិបាកកន្លែងអង្គុយមែន ព្រោះ បបរនៅ Water Park អត់ឆ្ងាញ់ទេ»។
អ្នកស្រី កែវ សាព្រី ដែលមានវ័យ៥០ឆ្នាំ បានប្រាប់ ខេមបូណូមីស ថា ក្នុងមួយថ្ងៃ អ្នកស្រីលក់បបរពីរពេល គឺពេលព្រឹកលក់នៅផ្ទះ និងពេលល្ងាចលក់នៅផ្សារ (ផ្លូវចូលសាលាសង្កាត់ទឹកថ្លា) ដែលពលរដ្ឋនៅម្តុំនេះ ចាត់ទុកជាផ្សាររបស់ពួកគេទៅហើយ។
អ្នកស្រីបន្តថា ក្នុងមួយថ្ងៃ អ្នកស្រីលក់អស់ពីរឆ្នាំងកន្លះ ដោយបបរមួយចានមានតម្លៃពី ២ ទៅ ៣ពាន់រៀល ខណៈមួយឆ្នាំងបានចំណូលជិត ១០០ដុល្លារ និងទទួលបានប្រាក់ចំណេញជាង ១០ម៉ឺលរៀល។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖ «កាលមុន ខ្ញុំលក់ម្ជូរទេ តែ៥ឆ្នាំហើយ ខ្ញុំបានលក់បបរវិញ ព្រោះដាច់ ហើយធ្វើឲ្យជីវភាពធូរជាងមុន។ ខ្ញុំអាចចិញ្ចឹមកូនឲ្យរៀនបានចប់មហាវិទ្យាល័យបានម្នាក់ និងផ្សេងទៀត រៀនចប់ត្រឹមបាក់ឌុប»។
តាមពិតទៅ អ្នកស្រី កែវ សាព្រី មានផ្ទះតៀមជញ្ជាំងក្តារនិងប្រក់ស័ង្កសីផ្ទាល់ខ្លួនតូចមួយឆ្ងាយពីផ្សារបន្តិច ប៉ុន្តែ ទោះបីផ្ទះនៅកន្លៀតឆ្ងាយពីភ្នែកអ្នកដំណើរក៏ដោយ ពេលព្រឹកឡើង មានអតិថិជនជាច្រើន បានស្វែងរកទាល់តែឃើញកន្លែងលក់បបររបស់គាត់ ដោយសារតែរសជាតិបបរឆ្ងាញ់ និងមានអនាម័យ ព្រមទាំងមានតម្លៃសមរម្យ។
អ្នកស្រីបានប្រាប់រូបមន្តនៃការធ្វើបបរយ៉ាងដូច្នេះថា៖ «យើងឆាអង្ករ ស្ងោរឆ្អឹងជ្រូក និងស្ងោរសាច់មួយសា ទើបយកទៅដាក់ក្នុងបបរ ហើយពេលលក់ ខ្ញុំដាក់សាច់ច្រើន។ ក្រៅពីហ្នឹង គ្មានស្អី ដូចគេដែរ យើងដាក់ស្ករ ប៊ីចេង ប្រេងខ្យង… ខ្ញុំមិនបានរៀនពីណានោះទេ ចេះតែច្នៃថែមលិចកើត ក៏ឆ្ងាញ់ គេចូលចិត្តច្រើន»។
តាមពិតទៅ ទីកន្លែងនៅតាមចិញ្ចើមផ្លូវ ពិតជាមានបរិស្ថាននិងបរិយាកាសមិនល្អប៉ុន្មានទេ ប៉ុន្តែ អ្វីដែលធ្វើឲ្យអតិថិជនទ្រាំមិនបាន ចង់តែហូបបបររបស់អ្នកស្រី កែវ សាព្រី គឺរសជាតិឆ្ងាញ់ និងតម្លៃធូរថ្លៃ។
ក្រៅពីរសជាតិឈ្ងុញឆ្ងាញ់ ការថែរក្សាអនាម័យ ការប្រាស្រ័យទាក់ទងល្អជាមួយអតិថិជន រួសរាយរាក់ទាក់ បានជំរុញឲ្យអាជីវកម្មលក្ខណៈគ្រួសារមួយនេះ ទទួលបានការគាំទ្រច្រើនពីអ្នកទិញ ដែលធ្វើឲ្យគាត់អាចរកប្រាក់ចំណេញបានជាង ២ពាន់ដុល្លារក្នុងមួយខែៗ៕