GES2017

លោក​ជំទាវ លឹម ឈីវហូ អំពាវនាវ​ឲ្យ​ស្ដ្រី​ចូលរួម​ក្នុង​វិស័យ​ជំនួញ​ឲ្យ​ច្រើន​ថែមទៀត


លោកជំទាវ​ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន LCH Investment Group ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួមទាំង​សហគ្រិន​ស្ត្រី​កម្ពុជា​ ៦រូបទៀត កំពុង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក (GES 2017) លើក​ទី៨ ដែល​សហការ​រៀបចំ​ដោយ​ឥណ្ឌា និង​សហរដ្ឋ​អាមេរិក នៅទីក្រុង​ ហៃដ្រាបាដ (Hyderabad) ឥណ្ឌា។ នៅ​ខាង​ក្រៅ​កិច្ចប្រជុំ លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ បាន​អំពាវនាវ​ផ្ដាំ​ផ្ញើ​ដល់​ស្ត្រី​ខ្មែរ​ឲ្យ​ចូលរួម​ក្នុង​វិស័យ​ជំនួញ​និង​សហគ្រិន​ភាពឲ្យ​បាន​កាន់​តែ​ច្រើន។
លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន LCH Investment Group
ដោយ

ជួប​ផ្ដល់​សម្ភាសន៍​ខ្លី​ជាមួយ​អ្នក​សារព័ត៌មាន ខេមបូណូមីស ដែល​បាន​ចូលរួម​យក​ព័ត៌មាន​ព្រឹត្តិការណ៍​ពិភព​លោក​នេះ ក្រោម​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ មាន​ប្រសាសន៍​ថា លោក​ជំទាវ​មាន​មោទនភាពក្នុង​នាម​​ជា​ស្ត្រី​ខ្មែរ ដែល​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក ជួប​ជាមួយ​នារី​មក​ពី​គ្រប់​ទិសទី ​ជុំវិញ​ពិភព​លោក ​ដែល​សុទ្ធ​តែ​មាន​បទ​ពិសោធន៍ និង​ដែល​មាន​​លោកស្រី អ៊ីវ៉ាន់កា ត្រាំ កូនស្រី​​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ថ្លែង​ផ្ដោត​ចំណាប់​អារម្មណ៍​និង​ផ្ដល់​សារសំខាន់​យ៉ាង​ខ្លាំង​​លើ​ស្ត្រី​។

លោក​ជំទាវ​​មាន​ប្រសាសន៍​ថា សូម្បី​កូន​ស្រី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏​បាន​លើក​ឡើង​ពី​ការលំបាក​របស់សហគ្រិន​ស្ត្រី​នៅ​អាមេរិក​ផង​ដែរ ដែល​នេះ​បង្ហាញថា មិនមែន​តែ​សហគ្រិន​ស្ត្រី​ខ្មែរទេ ដែល​ជួប​ការ​លំបាក​ក្នុង​ការងារ​មុខ​ជំនួញ គឺ​ស្ត្រី​ជា​សហគ្រិន​មក​ពី​ជា​ច្រើន​ប្រទេស​ ក៏​បាន​ចែក​រំលែក​ពី​ការ​លំបាក​ប្រហាក់​ប្រហែល​គ្នា​ដែរ។

សម្រាប់​ស្ត្រី​ក្នុង​មុខ​ជំនួញ លោក​ជំទាវ​ លឹម​ ឈីវហូ មាន​ប្រសាសន៍បន្ត​ថា គឺ​ត្រូវ​តែ​ពុះពារ​មែនទែន កាន់កាប់​ការងារ​ឲ្យ​ខ្ជាប់​ខ្ជួន កុំ​បោះបង់​ឲ្យ​សោះ ទោះ​បី​ជួប​ការ​លំបាក​ក្នុង​គ្រួសារ កូនចៅយ៉ាង​ណាក្ដី គឺ​ត្រូវ​តែ​ជំនះ នោះ​ទើប​ទទួល​បាន​ជោគជ័យ។

លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ (រូបកណ្ដាល) ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន LCH Investment Group ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក នៅ​ប្រទេស​ឥណ្ឌា។

លោកជំទាវ​ឧកញ៉ា​អ្នក​ជំនួញ​ស្ត្រី​ដ៏​លេច​ធ្លោ​នៅ​កម្ពុជា​ដដែល ថ្លែង​យ៉ាង​ដូច្នេះ ថា «សម្រាប់​ខ្ញុំ ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​តែងតែចែករំលែក​ដល់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា ថា មាន​ពាក្យ​មួយ​ម៉ាត់ថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ អ៊ីចឹង ស្ត្រី​យើងត្រូវ​តែ​ខំ​ស្វែង​រក​ការងារ​ធ្វើ ត្រូវ​ចែក​រំលែក​អម្រែក​ក្នុង​គ្រួសារ​ ដោយ​យើង​មិន​សង្ឃឹម​លើ​ប្ដី​តែ​ម្យ៉ាង​ទេ គឺ​យើង​ទាំង​ពីរ​នាក់​អាចជួយ​គ្នា យើង​ក៏​មាន​ការងារ​ធ្វើ ប្ដី​ក៏​មាន​ការងារ​ធ្វើ គ្រួសារ​យើង​ធូរធារ ហើយ​សប្បាយ​ចិត្ត​រៀងៗខ្លួន»។ 

ថ្លែង​អំពីកិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក ឆ្នាំ​២០១៧ (GES 2017) ដែល​ប្រារព្ធ​ធ្វើ​រយៈពេល​ ៣ថ្ងៃ ពីថ្ងៃទី២៨-៣០ វិច្ឆិកា នៅ​ប្រទេស​ឥណ្ឌា​នេះ លោក​ជំទាវ​ ឧកញ៉ា លឹម ឈីវហូ មាន​ប្រសាសន៍ថា ៖ «ព្រឹត្តិការណ៍​នេះ គឺ​សំខាន់ណាស់ គឺ​គេ​ចង់​បង្ហាញ​ទៅកាន់​ពិភព​លោក ថា ស្ត្រី​អាច​ទទួល​បាន​ការងារ​ដូច​បុរស​អ៊ីចឹង ក្នុង​ជួរ​រដ្ឋាភិបាល​ក្ដី ក្នុង​វិស័យ​ឯកជនក្ដី គឺ​ស្ត្រី​ទាំងអស់​អាច​ធ្វើ​បាន​គ្រប់រូប មិន​តែ​ប៉ុណ្ណោះ​ ស្ត្រី​អាច​ជួយ​ចម្រើន​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ថែមទៀត»។

គួរ​បញ្ជាក់ថា ឆ្នាំ​២០១៧នេះ ជា​លើក​ទី៨​ហើយនៃការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាព​ពិភព​លោក ដែល​ផ្ដួច​ផ្ដើម​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។ ឆ្នាំ​នេះ ប្រទេស​ឥណ្ឌា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​សហការរៀបចំ​ជាមួយ​សហរដ្ឋ​អាមេរិក និង​មាន​ការ​ចូលរួម​ពី​សហគ្រិន និង​វិនិយោគិន ១៥០០នាក់ ​មក​ពី​ជាង ១៥០​ប្រទេស​ជុំវិញ​ពិភព​លោក ក្នុង​នោះ​ សហគ្រិន​ស្ត្រី​កម្ពុជា​ ៧រូប រួមទាំង​អ្នក​សារព័ត៌មាន​មួយ​រូប ក៏​បាន​ការ​ជ្រើសរើស​ឲ្យ​មក​ចូលរួម​ព្រឹត្តិការណ៍​ពិភព​លោក​នេះ​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លំនៅដ្ឋាន​​បែប​រមណីយដ្ឋាន​ប្រណីត The Palms បើក​លក់​ដើម​ខែ​ធ្នូ ២០១៧​នេះ

ព័ត៌មាន
នៅ​ទី​បំផុត គម្រោង​លំនៅដ្ឋាន​បែប​រមណីយ​ដ្ឋាន​ដ៏​ប្រណីត The Palms ប្រកាស​លក់​ជា​ផ្លូវការ​ហើយ នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ ជាមួយ​នឹង​តម្…

វិស័យសំណង់​នៅតែ​មាន​កំណើន​រឹងមាំ​នៅចុង​ឆ្នាំនេះ ទោះបី​ការ​បោះឆ្នោតជាតិ​កាន់តែ​ខិតចូល​មកដល់

ព័ត៌មាន
កំណើន​ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​នៅកម្ពុជា នារយៈ​ចុងឆ្នាំ​២០១៧នេះ នៅតែរក្សា​បាននូវ​កំណើនខ្ពស់​រឹងមាំ​គួរឲ្យ​កត់សម្គាល់ ទោះបីជា​ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ