
ស្របពេលដែលរដូវទុរេនកំពុងពេញប្រមូលផលនៅឆ្នាំនេះ ក្រុមហ៊ុន U-T Crop Protections កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ បានរៀបចំកម្មវិធី ទស្សនាចម្ការបង្ហាញបច្ចេកទេសដំណាំទុរេន នៅភូមិអូរបេង ឃុំ មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមហ៊ុន U-T Crop Protection ប្រធានរោងចក្រថ្នាំកសិកម្ម និងសហការីមកពីប្រទេសថៃ, បុគ្គលិកបច្ចេកទេសផ្នែកដាំដុះថែទាំទុរេន និងម្ចាស់ចម្ការទុរេនសរុបជាង ៦០នាក់។

ឯកឧត្តម លី ហ៊ុយ ប្រធានក្រុមហ៊ុន U-T Crop Protections បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយដល់កសិករម្ចាស់ចម្ការ ដើម្បីបានឈ្វេងយល់អំពីការថែទាំទុរេនត្រឹមត្រូវតាមបច្ចេកទេសទាំងមុន និងក្រោយពេលប្រមូលផល ពិសេសការប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីជួយឱ្យទុរេនអាចទទួលបានទិន្នផលល្អ ស្របតាមតម្រូវការទីផ្សារ។

ប្រធានក្រុមហ៊ុនរូបនេះ បានគូសបញ្ជាក់ទៀតថា ទោះបីជា នៅក្រោយរដូវប្រមូលផលទុរេនរួចក្ដី ប៉ុន្ដែ ម្ចាស់ចម្ការក៏ត្រូវមើលថែទាំដើមទុរេនរបស់ខ្លួនជាប្រចាំ ដើម្បីធានាថាវាមានសុខភាពល្អ ជៀសផុតពីបញ្ហាជំងឺផ្សេងៗ ដែលអាចធ្វើឱ្យដើមងាប់ ឬអន់ថយ ដែលអាចប៉ះពាល់ដល់ទិន្នផលនៅឆ្នាំក្រោយ។ លើសពីនេះ អ្នកជំនាញកសិកម្មរូបនេះ ក៏បានជំរុញឱ្យម្ចាស់ចម្ការចងក្រងគ្នាជាក្រុម និងចេះចែករំលែកព័ត៌មាន ឬវិធីសាស្ត្រល្អៗទាក់ទងនឹងការថែទាំដំណាំ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍ទាំងអស់គ្នា។

ឯកឧត្តម លី ហ៊ុយ បានបន្ថែមថា ក្រុមហ៊ុន U-T Crop Protections ឈរជើងលើទីផ្សារកម្ពុជាជាង ២០ឆ្នាំមកហើយ នៅក្នុងការជួយប្រឹក្សាបច្ចេកទេសដល់កសិករឱ្យទទួលបានជោគជ័យ ក្នុងការដាំដុះដំណាំ ដ្បិតថា ទាល់តែកសិករជោគជ័យ នោះទើបក្រុមហ៊ុនជោគជ័យ។ ឈរលើទស្សនៈនេះ ក្រុមហ៊ុន U-TO Crop Protections នឹងបន្ដនៅជាមួយកសិករ ដើម្បីផ្ដល់ដំណោះស្រាយកសិកម្មដ៏ល្អបំផុត។

ជាមួយគ្នានេះ លោក ឡេង សាម៉ុន ប្រធានផ្នែកទីផ្សារ និងបច្ចេកទេស នៃក្រុមហ៊ុន U-T Crop Protection បានគូសបញ្ជាក់ដែរថា ការរៀបចំកម្មវិធីនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ព្រោះក្រុមហ៊ុនបានត្រៀមផែនការជាយូរមកហើយ ដើម្បីប្រមូលបទពិសោធន៍ បច្ចេកទេសល្អៗ សម្រាប់ចែករំលែកទៅកាន់ប្រជាកសិករ។
លោកបន្ថែមថា ក្រុមហ៊ុន U-T Crop Protections បានបំពាក់បំប៉នសមត្ថភាពក្រុមការងារជំនាញបច្ចេកទេសកសិកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីចុះតាមមូលដ្ឋានជួយផ្ដល់ការប្រឹក្សា និងបច្ចេកទេស ដល់ម្ចាស់ចម្ការ។

ម្ចាស់ចម្ការទុរេន ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ បានលើកឡើងដែរថា ជាទូទៅ ការដាំដុះទុរេន ទាមទារឱ្យមានការថែទាំយ៉ាងដិតដល់ ទើបអាចទទួលបានទិន្នផលល្អ ដូច្នេះហើយ ការចែករំលែកអំពីបច្ចេកទេសថែទាំទុរេនពីសំណាក់អ្នកជំនាញនេះ គឺពិតជាបានជួយជាច្រើនដល់អ្នកដាំទុរេន ពិសេសអ្នកដែលកំពុងមានដើមទុរេន ដែលមានជំងឺ និងត្រូវការជួយសង្គ្រោះជាបន្ទាន់។
ក្រុមហ៊ុន U-T Crop Protections ជាក្រុមហ៊ុនជីថ្នាំកសិកម្ម ដែលផ្តោតលើផ្នែកការពារដំណាំ។ ក្រុមហ៊ុនខ្មែរមួយនេះ តែងតែផ្ដល់ដំណោះស្រាយតាមបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ជួយឱ្យដំណាំរបស់កសិករ ទទួលបានទិន្នផលខ្ពស់ គុណភាពល្អ ប្រកបដោយនិរន្ដរភាព។ ក្រុមហ៊ុន U-T Crop Protections ក៏មានការសហការជាមួយដៃគូពាណិជ្ជកម្មធំៗជាច្រើននៅក្រៅប្រទេស ដូចជាថៃ ចិន អាម៉េរិក និងអូស្ត្រាលីជាដើម៕




