
បើតាមការគូសបញ្ជាក់របស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅ៣ខែឆ្នាំនេះ ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានប្រមាណ១លាន៥សែននាក់ មានការកើនឡើងប្រមាណ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរជាតិ មានប្រមាណ១លាន៤សែននាក់ កើនឡើងប្រមាណ៦% និងភ្ញៀវទេសចរអន្តរជាតិ មានប្រមាណជាង១០ម៉ឺននាក់ កើនឡើងជាង១៩% ក្នុងនោះភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានជាង១ម៉ឺន៤ពាន់នាក់ កើនឡើងប្រមាណ១០០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
កំណើនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុនេះ ត្រូវបានប្រធានមន្ទីររូបនេះអះអាងថាដោយសាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បានខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផលិតផលទេសចរណ៍ថ្មីៗ និងការគ្រប់គ្រងសន្តិសុខសណ្ឋាប់ធ្នាប់ និងការបដិសណ្ឋារកិច្ចល្អជាដើម។ ការតភ្ជាប់ជើងហោះហើរបន្ថែមរវាងព្រលានយន្តហោះខេត្តព្រះសីហនុ ជាមួយព្រលានយន្តហោះខេត្តសៀមរាប និងលំហូរភ្ញៀវទេសចរបរទេសពីប្រទេសជិតខាងចូលមកកម្ពុជា ដោយសារបញ្ហាគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ក៏ជាកត្តារួមផ្សំមួយផងដែរ។
តាមការបញ្ជាក់របស់ លោក តាំង សុចិត្រគ្រឹស្នា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ជើងហោះហើរបន្ថែមពីបណ្តាប្រទេសឆ្ងាយៗ ចូលមកកាន់ព្រលានយន្តហោះខេត្តព្រះសីហនុ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបរទេសចូលមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ។
គួរបញ្ជាក់ថា បើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ១,២លាននាក់ មានការកើនឡើងប្រមាណ២៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕