ព្រែកជីកហ្វូណន តេជោ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានឆាប់


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រញាប់ប្រញាល់បើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ ឱ្យបានឆាប់ ដោយមិនត្រូវរង់ចាំអ្វីទៀតនោះទេ។ ការជំរុញឱ្យប្រញាប់ប្រញាល់បើកការដ្ឋាននេះ ក្រោយសម្តេចតេជោមើលឃើញថា គម្រោងនេះផ្ដល់នូវផលប្រយោជន៍លើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្តេចតេជោអះអាងថា គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាទ និងមិនពាក់ព័ន្ធជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននោះទេ។
ព្រែកជីកហ្វូណន តេជោ
ដោយ

ថ្លែងសារពិសេសនៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជំរុញឱ្យរាជរដ្ឋាភិបាលសិក្សាលទ្ធភាពបើកការដ្ឋានសាងសង់គម្រោងព្រែក ហ្វូណន តេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្តិរបស់កម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តាមផែនការគម្រោងព្រែកជីកនេះគ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះ សម្តេចតេជោ បានអះអាងថា គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងរបស់ខ្មែរសុទ្ធសាធមិនជាប់ពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះទេ។ ការអះអាងបែបនេះរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការលើកឡើងបែបវាយប្រហារមកលើកម្ពុជាថា គម្រោងនេះគឺជាគម្រោងដែលសាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ឱ្យប្រទេសចិនក្នុងការចល័តទ័ពជាសើម។

បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន គម្រោងព្រែកជីក ហ្វូណន តេជោ ជាគម្រោងប្រវត្តិសាស្ត្ររបស់ពលរដ្ឋខ្មែរ ដែលមិនត្រឹមតែជួយបម្រើឱ្យការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាផ្នែកក្នុងការជួយលើកកម្ពស់បរិស្ថានបៃតងនៅភាគនិរតី ជួយបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាជួយទប់ស្កាត់ទឹកជំនន់នៅភាគនិរតីនៃប្រទេសកម្ពុជាផងដែរ។

ជុំវិញគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានថា គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជា ហើយមិនមែនជាគំនិតណាមួយរបស់ចិននោះទេ។

បើយោងតាមលទ្ធផលនៃការសិក្សា តាមរយៈគម្រោងព្រែកជីកហ្វូណន តេជោនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២០% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

None



អត្ថបទបន្ទាប់


មេដឹកនាំក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

[ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង] – ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទ…

មេដឹកនាំក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ