ប្រទេសជប៉ុន

ជប៉ុនខិតខំពង្រឹងវិស័យការពារជាតិរបស់ខ្លួនកាន់តែខ្លាំង ដោយមិនចង់ពឹងផ្អែកខ្លាំងលើយោធាអាមេរិក


សង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន និងហានិភ័យនៃការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ បង្ហាញពីតម្រូវការសម្រាប់ប្រទេសជប៉ុនក្នុងការកសាងប្រព័ន្ធយោធាការពារឯករាជ្យមួយសម្រាប់ខ្លួនឯងឲ្យកាន់តែរឹងមាំ ដែលមិនចាំបាច់ត្រូវពឹងផ្អែកតែទៅលើយោធាបងធំរបស់ខ្លួន គឺសហរដ្ឋអាមេរិកនោះទេ បើទោះបីជា មានជម្លោះផ្ទុះឡើងនៅពេលណាមួយយ៉ាងណាក្ដី។ នេះបើយោងតាមឯកសារចំនួនបីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ។
តើហេតុអ្វីបានជាជប៉ុនអនុម័តកែប្រែយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះ?

ឯកសារទាំងនោះ រួមមាន «យុទ្ធសាស្ត្រសន្តិសុខជាតិ» (NSS) ដែលត្រូវបានដាក់ចេញនូវគោលនយោបាយដូចជា ការបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២% នៃផលិតផលក្នុងស្រុកសរុប និងការអភិវឌ្ឍសមត្ថភាពប្រឆាំងការវាយប្រហារ ដើម្បីវាយប្រហារទីតាំងបាញ់មីស៊ីលរបស់សត្រូវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

យុទ្ធសាស្ត្រសន្តិសុខជាតិជប៉ុន (NSS) ពិពណ៌ថាជា «នៅចំកណ្តាលនៃបរិយាកាសសន្តិសុខក្រោយសម័យសង្រ្គាមដ៏ធ្ងន់ធ្ងរនេះ» ការប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង និងចិន ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀតនាពេលកន្លងទៅ ប្រទេសជប៉ុននឹង «រៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់សេណារីយ៉ូដែលអាក្រក់បំផុត»។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីឯកសារការពារជាតិនេះត្រូវបានអនុម័តថា «បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុនកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយលោកនឹងបំពេញបេសកកម្មរបស់ខ្លួនជានាយករដ្ឋមន្ត្រីយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារ គឺការពារជាតិ និងប្រជាជនជប៉ុននៅចំពោះមុខចំណុចរបត់នៃប្រវត្តិសាស្ត្រនេះ»។

លោក គីស៊ីដា បានពន្យល់ថា រដ្ឋាភិបាលរបស់លោកបានចោទជាសំណួរថាតើ សមត្ថភាពការពារជាតិដែលមានស្រាប់របស់ជប៉ុន គឺគ្រប់គ្រាន់ដើម្បីការពារប្រទេសដែរ ឬទេ។ ក្នុងនោះ លោកបានមានប្រសាសន៍ថា «តាមការយល់ឃើញរបស់លោក សមត្ថភាពបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់នៅឡើយទេ»លោកបានបន្ថែមថា ប្រទេសជប៉ុនត្រូវតែកសាងកម្លាំងនៅក្នុងផ្នែកមួយចំនួន ដូចជាសមត្ថភាពវាយបកតបវិញជាដើម ហើយថាជប៉ុនត្រូវតែពង្រឹងការការពារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ខណៈដែលខ្សែបន្ទាត់នៃភាពតានតឹង និងសន្តិភាពកំពុងមានភាពស្រពិចស្រពិល»។

មែនទែនទៅ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) ដែលជាគោលនយោបាយមូលដ្ឋានសម្រាប់ការទូត និងការពារជាតិត្រូវបានកែសម្រួលជាលើកដំបូងចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ ឯកសារពីរផ្សេងទៀតស្តីអំពី «យុទ្ធសាស្ត្រការពារជាតិ» និង «ផែនការអភិវឌ្ឍកងកម្លាំងការពារ» ក៏ត្រូវបានប្តូរឈ្មោះថ្មីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរកាលពីថ្ងៃសុក្រនេះ។ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយជាភាសាចិនដោយស្ថានទូតរបស់ខ្លួននៅទីក្រុងតូក្យូបាននិយាយថា ប្រទេសជប៉ុនកំពុង «អះអាងដោយមិនពិតថាឥរិយាបថខាងក្រៅ និងសកម្មភាពយោធារបស់ចិន គឺជាបញ្ហានៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ»។ សេចក្តីថ្លែការណ៍នោះបានបន្ថែមទៀតថា ឯកសារការពាររបស់ជប៉ុនក៏បានបង្វែរនៃអង្គហេតុជាមូលដ្ឋាន រំលោភលើស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ដោយចេតនាញុះញង់ឱ្យមានការគំរាមកំហែងពីប្រទេសចិន និងបង្កឱ្យមានភាពតានតឹង និងការប្រឈមមុខដាក់គ្នាក្នុងតំបន់» ដោយទីក្រុងប៉េកាំងសំដៅលើសន្ធិសញ្ញាសំខាន់ៗ និងសេចក្តីថ្លែងការណ៍រួមជាមួយទីក្រុងតូក្យូនាពេលកន្លងមក។

ដោយឡែក កិច្ចសហប្រតិបត្តិការរវាងជប៉ុន ជាមួយសហរដ្ឋអាមេរិកនឹងនៅតែមានសារៈសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងការពារ ដោយក្នុងនោះរួមមានការបង្កើត «បញ្ជាការអចិន្រ្តៃយ៍រួមមួយ» ដែលនឹងទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងកងកម្លាំងជើងគោក ដែនសមុទ្រ និងផ្លូវអាកាសនៃកងកម្លាំងស្វ័យការពារ ជាមួយនឹងយោធាសហរដ្ឋអាមេរិក។

ទន្ទឹមនឹងគ្នានេះ យោងការសង្កេតដោយទីភ្នាក់ងារ Nikkei បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា មានបំណងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកឱ្យបានឆាប់នៅខែមករា ឆ្នាំក្រោយនេះ ដើម្បីពិភាក្សាអំពីផែនការរបស់ប្រទេសជប៉ុនសម្រាប់ការកសាងប្រព័ន្ធការពារជាតិជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ ហើយជំនួបនៅសហរដ្ឋអាមេរិកនោះនឹងក្លាយជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីខែវិច្ឆិកាមក នៅពេលដែលពួកគេបានជួបគ្នានៅកម្ពុជាក្រៅកិច្ចប្រជុំថ្នាក់តំបន់អាស៊ីបូព៌ា៕




អត្ថបទបន្ទាប់


អាជីវកម្មប្រេងរបស់ចិននៅមជ្ឈិមបូព៌ាបង្កើនការដោះដូរពាណិជ្ជកម្មជាប្រាក់យ័នកាន់តែច្រើន

ព័ត៌មាន
អ្នកវិភាគទីផ្សារបានព្យាករណ៍ថា ផែនការរបស់ប្រទេសចិនក្នុងការពង្រីកការប្រើប្រាស់រូបិយបណ្ណរបស់ខ្លួនសម្រាប់ការជួញដូរប្រេងជាមួយបណ្តាប្រទេសមជ្ឈិមបូ…

រុស្ស៊ី និងបេឡារុស្សដាក់ពាក្យបណ្តឹងទៅកាន់តុលាការ EU ក្រោយប្លុកមួយនេះសម្រេចដាក់ទណ្ឌកម្មកញ្ចប់ទី៩លើរុស្ស៊ី

ព័ត៌មាន
យោងតាមកាសែតអាល្លឺម៉ង់ Bild am Sonntag បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី១៧ ធ្នូ ថា មានក្រុមហ៊ុន និងជនជាតិរុស្ស៊ី និងបេឡារុស្សរាប់សិបនាក់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ