នាពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាស គង់ សំអុល នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់ប្រទេស ជាពិសេសជប៉ុន ថៃ និងកូរ៉េខាងត្បូងមានការយោគយល់ចំពោះពលករខ្មែរ ដែលបានរត់ចោកការងារត្រឡប់មកកម្ពុជា ដោយសារជឿការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថាពិភពលោកនឹងត្រូវបាក់ស្រុតលិចលង់ ដោយមេបក្សនយោបាយរូបនេះ ក៏បានអំពាវនាវឲ្យពឡរដ្ឋខ្មែរវិលចូលស្រុកវិញ និងត្រូវទៅស្នាក់នៅតំបន់ភ្នំគូលែនខេត្តសៀមរាប ទើបអាចផុតគ្រោះនេះ។ ទន្ទឹមនឹងបង្ហាញក្តីបារម្ភអំពីរឿងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យប្រទេសដែលមានកម្មករខ្មែររត់ចោលការងារ សូមកុំដាក់ពាក្យបណ្តឹងទាមទារសំណងពីរាជរដ្ឋាភិបាល ឬពលករខ្មែរជុំវិញបញ្ហានេះផងដែរ។
មកទល់ពេលនេះយើងមិនទាន់បានដឹងពីចំនួនបុគ្គលិក ឬពលករខ្មែរ ដែលបានបោះបង់ចោលការងារនៅប្រទេសកូរ៉េ ជប៉ុន ថៃ និងប្រទេសផ្សេងទៀតមានចំនួនប៉ុន្មាននៅឡើយទេ។ ហើយយើង ក៏មិនទាន់បានដឹងទេថា មកទល់ពេលនេះមានក្រុមហ៊ុន សហគ្រាស និងសិប្បកម្មប៉ុន្មានហើយ ដែលបានផ្ញើលិខិតមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញបញ្ហានេះផងដែរ ដោយក្រុមការងារសារព័ត៌មានខេមបូណូមីសបានព្យាយាមទាក់ទងសុំការបញ្ជាក់ពីឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមតេឡេក្រាមដែរ តែពុំមានការឆ្លើយតប។
ក៏ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា បុគ្គលិក ឬពលករខ្មែរដែលបានបោះបង់ការងារត្រឡប់មកកម្ពុជាតាមការឃោសនារបស់លោក ខឹម វាសនា នឹងមិនអាចត្រឡប់ទៅធ្វើការងារនៅប្រទេសកូរ៉េបាននោះទេ។ ជាមួយគ្នានេះ ឯកឧត្តម បានចាត់ទុក ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់របស់ពលករខ្មែរទាំងនោះ គឺបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរពស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ សម្រាប់ឯកឧត្តម ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន៕