ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នលើការការពារសុខភាពផ្ទាល់ខ្លួន គ្រប់ទីកន្លែងទាំងអស់ ដើម្បីបញ្ជៀសការរីករាលដាលចូលទៅក្នុងក្រុមគ្រួសារ ឬសហគមន៍ និងអំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅទទួលវ៉ាក់សាំងកូវីដ១៩ដូសជំរុញ ក្នុងករណីមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ឲ្យបានទាន់ពេលវេលា។ នេះបើយោងតាមសារសម្លេងពិសេសបន្ទាន់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ ខែមិថុនា។
ក្នុងសារសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជាចាប់ផ្ដើមមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ឡើងវិញហើយ ក្រោយកម្ពុជាមិនមានការរកឃើញករណីឆ្លងកូវីដ១៩ អស់រយៈពេល៥២ថ្ងៃមកហើយ។ សម្តេចតេជោ ហ៊ុន សែនអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងការការពារសុខភាពផ្ទាល់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ដោយត្រូវមានវិធានការយ៉ាងមត់ចត់ បន្តអនុវត្តន៍ ៣កុំ ៣ការពារដើម្បីបញ្ជៀសការរីករាលដាលចូលទៅក្នុងក្រុមគ្រួសារ ឬសហគមន៍។ ដោយត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ក្នុងការតាមដាននៃការវិវត្តន៍នេះ ប្រសិនបើគ្មានវិធានការការពារឲ្យបានមត់ចត់នោះទេ ប្រទេសកម្ពុជាអាចត្រឡប់ទៅកាន់ស្ថានភាពដ៏អាក្រក់ជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានអង្វរករដល់ប្រជាពលរដ្ឋ ឲ្យទៅទទួលវ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ក្នុងករណីមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ឲ្យបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដែលកំពុងបន្តចាក់ជូនជារៀងរាល់ថ្ងៃ។ ហើយការចាក់វ៉ាក់សាំងកូវីដ១៩ នេះនៅតែជាឧបករណ៍មួយចាំបាច់ក្នុងការបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលចិនបានចុះហត្ថលេខា ដើម្បីទិញវ៉ាកសាំងដើម្បីវេចខ្ចប់ក្នុងប្រទេសកម្ពុជាជាង១០៤លានដូសបន្ថែមផងដែរ ដើម្បីត្រៀមសម្រាប់ចាក់ជូនប្រជាពលរដ្ឋរយៈពេល ៣ឆ្នាំ គឺចាប់ពី ឆ្នាំ២០២៤-២០២៦។ ដោយឡែក សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តប្រើប្រាស់វ៉ាក់សាំងដែលមានស្រាប់នៅក្នុងឃ្លាំងសរុបប្រមាណជាង២០លានដូស តាមរយៈការបញ្ជាទិញនិងជំនួយពីប្រទេសដទៃ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា មានចំនួន ៩៤,២៧% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំងដូសទី៣ សរុបមានជាង៩លាននាក់ អ្នកចាក់ដូសទី៤មានជិត៣លាននាក់ និងអ្នកចាក់ដូសទី៥ មានជិត២៨ម៉ឺននាក់៕