អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឲ្យប្រើប្រាស់នៅខែតុលាខាងមុខ!

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរពន្លឿនការងារសាងសង់


គិតមកទល់ពេលនេះ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានការសាងសង់ចំនួន ៨៦% ខណៈដែលតាមផែនការ គ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ឆ្នាំ២០២៣ ខាងមុខផងដែរ។ យ៉ាងណាក៏ដោយចុះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាននេះ ឲ្យខិតខំពន្លឿនការងារសាងសង់របស់ខ្លួន ព្រមទាំងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការហោះហើរផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment group

តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment group បានបញ្ជាក់អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបានចំនួន៨៦%ហើយ ដែលគ្រោងនឹងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

លោក Liu Minglin ក៏បានជម្រាបជូន សម្ដេចតេជោ អំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយលោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនលោក ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ហើយសម្ដេចបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការហោះហើរផងដែរ។ បើតាមសម្តេចតេជោ ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀមរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាប និងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។ដោយសម្ដេច បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៧០០ហិកតាស្ថិតស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយគ្រោងចំណាយពេលសាងសង់៣ឆ្នាំ ជាមួយទុនវិនិយោគប្រមាណ៨៨០លានដុល្លារ ក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំផងដែរ៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាឈរលំដាប់ទី៣ នៃសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជាឆ្នាំ២០២២

នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារក៏បានជ្រើសរើសយកសហគ្រាស ចំនួន២០០ ដែលត្រូវបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើន…

រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ឧបត្ថមដល់កម្មករ-កម្មការិនីព្យួរការងារ ជាង៣ម៉ឺននាក់

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីទៀត នៅថ្ងៃទី ៧ខែមីនាថា ដើម្បីដោះស្រាយនូវបញ្ហា ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ