

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ នៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងការពិសារអាហារសាមគ្គី នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជនសំខាន់ៗ មួយចំនួនផងដែរ។ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីនេះ។
សមាគមឧកញ៉ាកម្ពុជា ជាសមាគមស្របច្បាប់ ដែលទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយមានសម្ដេចហ៊ុន សែន ជាប្រធានកិត្តិយស។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។ សមាគមឧកញ៉ាកម្ពុជា មានចែកចេញជាគណៈកម្មការជំនាញ ចំនួន៤ រួមមាន គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។

សូមបញ្ជាក់ថា ទស្សនៈវិស័យ របស់សមាគមឧកញ៉ាកម្ពុជា គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖
១. តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២. រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤. បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះសមាជិករបស់សមាគមឧកញ៉ាកម្ពុជាមានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និងសមាជិកទ្រទ្រង់៕
