វិស័យចិញ្ចឹមសត្វ

​អ្នកចិញ្ចឹមជ្រូកក្នុងស្រុកស្នើឱ្យអាជ្ញាធរបិទការនាំចូលជ្រូកមួយរយៈ ក្រោយជំងឺប៉េស្តជ្រូកកំពុងវាយលុកនៅឡាវ និងវៀតណាម


ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងអ្នកជំនាញចិញ្ចឹមសត្វនៅកម្ពុជា បានចេញមុខស្នើដល់ស្ថាប័នពាក់ព័ន្ធឱ្យផ្អាក ឬហាមឃាត់ការនាំចូលសាច់បង្កក និងជ្រូករស់ចូលមកទីផ្សារកម្ពុជា ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ហានិភ័យ នៃការឆ្លងរាលដាលជំងឺប៉េស្តជ្រូក ដែលអាចបំផ្លាញខ្សែច្រវាក់ផលិតកម្មជ្រូកនៅទូទាំងប្រទេស។ ការស្នើឱ្យចាត់វិធានការនេះធ្វើឡើងស្របពេលដែលប្រទេសឡាវ និងវៀតណាម កំពុងប្រឈមមុខនឹងការផ្ទុះរាលដាល នៃជំងឺប៉េស្តជ្រូក ដែលកំពុងបង្កវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់កសិករ និងម្ចាស់កសិដ្ឋាននៅក្នុងប្រទេសទាំងនោះ។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិបានអះអាងថា មកទល់ពេលនេះនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូករបស់លោកពុំទាន់មានករណីជំងឺឆ្លងធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។ ទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យរឹតបន្តឹងការនាំចូលជ្រូករស់ និងសាច់បង្កកពីប្រទេសជិតខាងជាបណ្តោះអាសន្ន ដើម្បីការពារជំងឺប៉េស្តជ្រូក ដែលកំពុងមានការរាលដាល បើពុំដូច្នេះទេ នោះនឹងអាចមានការបំផ្លាញផលិតកម្មជ្រូកនៅទូទាំងប្រទេសតែម្ដង។ បើតាមលោក ហួត រ៉ាដេត ដើម្បីទប់ស្កាត់ការនាំចូលជ្រូក ដែលមានជំងឺឱ្យមានប្រសិទ្ធភាពបាន លុះណាតែស្ថាប័នជំនាញមានការត្រួតពិនិត្យតាមបច្ចេកទេសឱ្យបានច្បាស់លាស់នោះទើបអាចបង្ការហានិភ័យបាន។

ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះមានការនាំចូលកូនជ្រូកមួយចំនួនពីប្រទេសជិតខាង តែការនាំចូលនោះមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ។ តែយ៉ាងណានៅក្នុងស្ថានភាពនេះ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែនឱ្យបិទការនាំចូលសាច់ និងជ្រូករស់កុំឱ្យនាំចូលមកកម្ពុជាទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺដល់ជ្រូករបស់កសិករខ្មែរ ខណៈមកទល់ពេលនេះនៅតាមកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជាពុំទាន់កើតមានជំងឺឆ្លងខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ បើតាមលោក ស្រ៊ុន ពៅ មកទល់ពេលនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកំពុងចាត់វិធានការទប់ស្កាត់ជំងឺឆ្លងនានាលើសត្វជ្រូកនៅតាមកសិដ្ឋាន ខណៈនៅក្នុងរដូវវស្សានេះសត្វជ្រូកងាយប្រឈមនឹងជំងឺឆ្លង។

សូមរំលឹកថា នាពេលថ្មីៗនេះអាជ្ញាធរឡាវ បានប្រកាសអាសន្នពីការផ្ទុះរាលដាលយ៉ាងរហ័ស នៃជំងឺប៉េស្តជ្រូក ដោយបានចាត់វិធានការសម្លាប់ និងតម្រូវឱ្យកម្ទេចចោលសត្វជ្រូកជាង៥ពាន់ក្បាល។ ជុំវិញវិបត្តិនេះ ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដោយបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យការដឹកជញ្ជូនជ្រូករស់ សាច់ជ្រូក និងហាមឃាត់ដាច់ខាតលើការនាំចូលផលិតផលសាច់ជ្រូកពីបរទេស។ ដោយឡែក នៅប្រទេសវៀតណាមវិញ អាជ្ញាធរក៏បានដាក់ចេញវិធានការក្តៅដូចគ្នា បន្ទាប់ពីរកឃើញជ្រូកជាច្រើនបានងាប់ដោយសារជំងឺនេះ ដោយបានហាមឃាត់ដាច់ខាតមិនឱ្យកសិករលក់ ដឹកជញ្ជូន ឬបរិភោគសាច់ជ្រូកដែលឈឺ ព្រមទាំងហាមបោះចោលសាកសពជ្រូកពាសកាលផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋពង្រឹងវិធានការបង្ការការបាក់ច្រាំងទន្លេ និងបង្កើនតម្លាភាពលើការគ្រប់គ្រងអាជីវកម្មបូមខ្សាច់

ការបាក់ស្រុតច្រាំងទន្លេប្រវែងជាង១២គីឡូម៉ែត្រនៅខេត្តកំពង់ចាម បន្ទាប់ពីរងការវាយប្រហារដោយទឹកជំនន់ទន្លេមេគង្គឡើង២លើកជាប់ៗគ្នា បានបង្កផលប៉ះពា…

កម្ពុជា-បារាំង ចាប់ដៃគ្នាពង្រឹងប្រព័ន្ធច្បាប់ និងនីតិរដ្ឋបាល ដើម្បីទាក់ទាញការវិនិយោគ និងទំនុកចិត្តសាធារណៈ

កម្ពុជា និងបារាំង បានឈានដល់របត់ថ្មីមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ