សម្ដេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី៖ ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារ១៧លាននាក់នោះទេ តែសម្រាប់ទីផ្សារនានាលើពិភពលោក


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការ និងគាំទ្រដល់វិនិយោគិនទាំងអស់ ដែលមានបំណងមកវិនិយោគនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជាបានដាក់ចេញនូវភាពអនុគ្រោះជាច្រើនចំពោះវិនិយោគិនបរទេស ហើយកម្ពុជាក៏ជាទីតាំងយុទ្ធសាស្ត្រដែលមានភាពអំណោយផល គួបផ្សំកម្ពុជាទទួលបានឱកាសជាច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី ពហុភាគី និងថ្នាក់តំបន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត
ដោយ

សម្រាប់សម្តេចធិបតី ការវិនិយោគនៅកម្ពុជា មិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជនកម្ពុជា១៧លាននាក់នោះទេ តែជាការវិនិយោគទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក។

ថ្លែងក្នុងមហាសន្និបាតពាណិជ្ជករត្រកូលលីនពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ស្របពេលដែលស្ថានភាពពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ស្ថិរភាព និងបរិយាកាសដែលអាចព្យាករណ៍បាន កាន់តែក្លាយជាលក្ខខណ្ឌតម្រូវសម្រាប់ការបង្កើតអាជីវកម្ម ជាពិសេសអាជីវកម្មនៅក្រៅប្រទេស។ សម្តេចធិបតី បានប្រាប់ក្រុមវិនិយោគិនថា កម្ពុជាមានភាពទាក់ទាញ និងជាគោលដៅសម្រាប់វិនិយោគដ៏មានសក្តានុពល ដោយសារកម្ពុជាមានសន្តិភាព និងស្ថិរភាព ហើយកម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុតសម្រាប់ការវិនិយោគបរទេសនៅឆ្នាំ២០២៤នេះ ដោយបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែកលំហូរវិនិយោគបរទេស។

បើតាមសម្តេចធិបតី កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល ខណៈច្បាប់វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរី ជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងការលើកទឹកចិត្តដល់អ្នកវិនិយោគផងដែរ។ មិនតែប៉ុណ្ណោះ កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ពោលគឺការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជនកម្ពុជា១៧លាននាក់នោះទេ ប៉ុន្តែការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទាំងទ្វេភាគី និងពហុភាគី។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ដែរថា កត្តាសំខាន់មួយទៀតនោះ គឺកម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ ដោយ៦០%នៃចំនួនប្រជាជនទាំងអស់ មានអាយុក្រោម៣៥ឆ្នាំ ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទូលំទូលាយសម្រាប់យុវជន១,៥លាននាក់ ដើម្បីធានាថា កម្ពុជាមានសមត្ថភាពក្នុងការផ្តល់ជូនវិនិយោគិន នូវកម្លាំងពលកម្មដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ។

សម្តេចធិបតី បានបន្ថែមទៀតថា កម្ពុជាបាននិងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់ផងដែរ។ ទន្ទឹមនេះ សេដ្ឋកិច្ចបៃតង និងឌីជីថល ក្លាយជាអាទិភាពថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដោយបានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ តែងតាំងកំពូលមហាសេដ្ឋី Elon Musk ឱ្យដឹកនាំអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាល

ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានតែងតាំងកំពូលមហាសេដ្ឋី Elon Musk ដែលបានជះលុយរាប់លានដុល្លារ ជួយគាំទ្រដល…

តើផែនការដំឡើងពន្ធលើទំនិញចិន៦០% របស់លោក ត្រាំ អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដែរឬទេ ស្របពេលចិន វិនិយោគច្រើនជាងគេនៅកម្ពុជា?

វិនិយោគិនចិន បានឈរលំដាប់ទី១ ជាអ្នកបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ខណៈទំនិញជាច្រើនក្រោមការវិនិយោគរបស់ចិននេះ ត្រូវបាននាំចេញទៅកាន់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ