ដើម្បីកាត់បន្ថយភាពទាក់ទាញរបស់មាសនៅលើទីផ្សារ អ្នកជំនាញវៀតណាមមួយចំនួនបានផ្តល់គំនិតឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវការកំណត់ការយកពន្ធលើការទិញមាស។ លោក ឃ្វៀន ធី មូ ( Nguyễn Thị Mùi ) សមាជិកក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិបានស្នើថា ធនាគាររដ្ឋវៀតណាមគួរតែស្នើទៅក្រសួងហិរញ្ញវត្ថុឲ្យបានឆាប់ ដើម្បីរៀបចំគោលនយោបាយពន្ធលើការទិញលក់មាស។
លោកបានអះអាងថា ដំណោះស្រាយពន្ធនឹងរួមចំណែកកាត់បន្ថយតម្រូវការមាសរបស់អ្នកវិនិយោគមួយចំនួន ដែលប៉ះពាល់ដល់ចិត្តសាស្ត្រអ្នកប្រើប្រាស់ និងធ្វើឱ្យពួកគេប្តូរគោលដៅទៅវិនិយោគលើអ្វីផ្សេងក្រៅពីមាស។ លោកបានអះអាងថា ពន្ធក៏ជាឧបករណ៍គ្រប់គ្រងមួយដើម្បីធានាបាននូវភាពយុត្តិធម៌ក្នុងផលិតកម្ម និងសកម្មភាពអាជីវកម្មជាទូទៅ ស្របពេលដែល បច្ចុប្បន្ននេះ វិស័យមូលបត្រ និងអចលនទ្រព្យត្រូវបានគ្រប់គ្រងដោយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ដូច្នេះវាក៏ចាំបាច់ផងដែរក្នុងការពិចារណារកដំណោះស្រាយសមស្របសម្រាប់ការជួញដូរមាស។
តែយ៉ាងណាវាហាក់ផ្ទុយពីការផ្តល់មតិយោបល់ខាងលើ លោក ឃ្វៀន វាន់ ផង ( Nguyen Van Phụng ) សមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសហព័ន្ធគណនេយ្យករ និងសវនករវៀតណាមបាននិយាយថា គោលនយោបាយពន្ធលើការជួញដូរមាសបច្ចុប្បន្ន គឺមានភាពច្បាស់លាស់បំផុតហើយ។ លោកបានអះអាងថា ការពិចារណាគួរតែត្រូវបានផ្តល់ឱ្យនៅពេលអនុវត្តពន្ធបន្ថែមចំពោះមាស ពីព្រោះពន្ធមិនមែនជាគន្លឹះសកលទេ។
ស្រដៀងគ្នានេះដែរ លោក ផាម សួន ហូ (Pham Xuan Hoè) អតីតនាយករងនៃវិទ្យាស្ថានយុទ្ធសាស្រ្តយល់ឃើញថា គោលនយោបាយពន្ធលើមាសបច្ចុប្បន្ន គឺគ្រប់គ្រាន់ហើយ។ ប្រសិនបើបន្តយកពន្ធលើតម្លៃសរុប នៃការទិញមាសពីប្រជាជនទៀតនោះ វាប្រៀបបាននឹងរដ្ឋបានយកពន្ធលើពន្ធ។ បច្ចុប្បននេះ តម្រូវការមាសនៅទីផ្សារវៀតណាមនៅក្នុងមួយខែអាចមានប្រមាណជា៣៥ពាន់តម្លឹង៕
ដោយៈ សរ សុជាតិ