

ថ្មីៗនេះ អេសស៊ីជី បានប្រគល់អំណោយជា Negative Pressure Room ចំនួន ១, សម្ភារៈឧបករណ៍សម្រាប់បម្រើដល់ការងារចាក់វ៉ាក់សាំង ជូនទៅក្រសួងសុខាភិបាលកម្ពុជា និងបញ្ជរ/ទូយកសំណាកអ្នកជំងឺកូវីដ-១៩ ឬហៅថា SWOP ចំនួន ៥ ដែលបានប្រគល់ទៅឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អេសស៊ីជី ក៏បានរួមវិភាគទានជាប្រាក់ចំនួន ៥០០០០ដុល្លារអាមេរិក សម្រាប់ការទិញវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជា ផងដែរ ។ សរុបជាទឹកប្រាក់នៃជំនួយទាំងនេះ គឺប្រមាណជាង ១សែនដុល្លារអាមេរិក ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជាបានមានប្រសាសន៍ថា អេសស៊ីជី គាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិភាគទាននិងជំនួយដែលអាចធ្វើទៅបាន ជូនទៅក្រសួងសុខាភិបាលកម្ពុជា ។
លោក រ៉ាត់ឆាយុត មានប្រសាសន៍ដូច្នេះថា ៖ «យើងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ហើយយើងតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ។ តាមរយៈការរួមចំណែករបស់ អេសស៊ីជី ក៏ដូចជាវិស័យឯកជនទាំងមូល យើងសង្ឃឹមថា អាចចែករំលែកបន្ទុកខ្លះជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។»

គួរបញ្ជាក់ថា ការប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើកិច្ចការយកសំណាកអ្នកជំងឺកូវីដ១៩ ដែលបានធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក៏មានការចូលរួមសហការពីក្រុមហ៊ុន KUBOTA ផងដែរ ។
គួររំឭកថា កាលពីឆ្នាំទៅមិញ អេសស៊ីជី ក៏បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield box) ចំនួន៥០ឈុត ដល់ក្រសួងសុខាភិបាលកម្ពុជា និងបានចែកជូននូវទឹកអាល់កុលលាងដៃ និងម៉ាស ដល់ប្រជាជនទូទៅផងដែរ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា ៕