ជុំវិញទៅនឹងបញ្ហានេះ ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា លោក ឧកញ៉ា តែ តាំងប៉ បានមើលឃើញថា ផលិតផលកម្ពុជា នៅតែមានសមត្ថភាពប្រកួតប្រជែងទាបជាងផលិតផលនាំចូល ដោយសារតែមានកត្តារួមផ្សំច្រើន ដូចជាការអនុវត្តច្បាប់នៅមានចន្លោះប្រហោងដែលធ្វើឲ្យទំនិញនាំចូលមកមានតម្លៃធូជាង ផលិតផលនៅក្នុងវិស័យ SME នៅមានកម្រិតទាប នាំឲ្យថ្លៃដើមផលិតកម្មខ្ពស់ ទំហំផលិតកម្មតូច ការផលិតមិនមានលក្ខណៈស្តង់ដាសេដ្ឋកិច្ចជាដើម។
ជាមួយនឹងភាពអន់ខ្សោយទាំងអស់នេះហើយ ទើបធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រ និងជំរុញលើកទឹកចិត្ត វិស័យផលិតកម្ម ក្នុងគោលបំណងប្រែក្លាយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យក្លាយទៅជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា។ មានលទ្ធភាពផលិតទំនិញកាន់តែច្រើនជំនួសឲ្យការនាំចូលផលិតផលពីបរទេស។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ នៅក្នុងពិធីថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ កាលពីថ្ងៃទី២៥ កុម្ភៈ នេះថា គោលដៅដែលរដ្ឋាភិបាលបានដាក់ចេញជាវិធានការនេះដើម្បីរៀបចំបង្កើតនូវគណៈកម្មការសកម្មភាពគោលនយោបាយសម្រាប់ជំរុញ និងអភិវឌ្ឍសហគ្រាសធនតូចនិងមធ្យមកម្ពុជា និងព្រមទាំងបានចាត់ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវជំរុញដាក់ឲ្យដំណើរការធនាគារសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាឲ្យបានកាន់តែឆាប់។ សម្តេចតេជោ បញ្ជាក់ថា និងរៀបចំឲ្យមានកម្មវិធីហិរញ្ញប្បទានពិសេសមួយដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីផ្តល់កម្ចីមានការប្រាក់ទាបដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្មដែមានដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីជាដើម។
ការប្រកាសគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលនេះ ត្រូវបានប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា លោក ឧកញ៉ា តែ តាំងប៉ មានក្តីសង្ឈឹមយ៉ាងមុតមាំថា នេះគឺជាការផ្តល់កម្លាំងចិត្តមួយដែលនឹងជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបន្តសកម្មភាពពង្រីកការផលិតរបស់ខ្លួនបន្ថែម ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ដោយនឹងធ្វើយ៉ាងណាបង្កើនការផលិត និងច្នៃផលិតផលកសិកម្មធ្វើជាចំណីអាហារសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ ដែលនេះជាចំណែកមួយជំនួសឲ្យការនាំចូលផងដែរ។
បើយោងតាមទិន្នន័យពីសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ផ្នែកតាមជំរឿនផែនការមានសហគ្រាសរហូតជាង ៥៣ ម៉ឺន សហគ្រាស ប៉ុន្តែសហគ្រាសដែលបានចុះបញ្ជីផ្លូវការមានជាង ១៥ម៉ឺនសហគ្រាស៕