វិស័យការបរទេស

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលដាក់លិខិតតវ៉ាទៅរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោយយោធាថៃ ប្រើយន្តហោះចម្បាំងរបស់កូរ៉េ ទម្លាក់គ្រាប់ចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា


យោធាឈ្លានពានថៃ បានប្រើប្រាស់អាវុធ និងមធ្យោបាយគ្រប់ប្រភេទទាំងជើងគោគ ជើងអាកាស និងជើងទឹកវាយប្រហារទាំងកំរោលចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែធ្នូ យោធាល្មោភសង្រ្គាមថៃ បានប្រើប្រាស់យន្តហោះចម្បាំង T-50TH របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម ដែលអន្តរជាតិហាមឃាត់ចូលទៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
វិស័យការបរទេស
ដោយ

អ្នកតាមដានស្ថានការសង្គមចាត់ទុកទង្វើដ៏ព្រៃផ្សៃរបស់យោធាល្មោភសង្គ្រាមថៃនេះ ជាអំពើល្មើសនឹងច្បាប់សង្រ្គាម និងស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាទៅរដ្ឋាភិបាលកូរ៉េ ដើម្បីទប់ស្កាត់ការប្រើប្រាស់យន្តហោះប្រយុទ្ធខុសគោលការណ៍ច្បាប់។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកការឈ្លានពានរបស់យោធាថៃ ដែលប្រើយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា គឺជាអំពើល្មើសនឹងច្បាប់សង្រ្គាម។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវដាក់លិខិតតវ៉ាទៅស្ថានទូតកូរ៉េ ក៏ដូចជាក្រសួងការបរទេសកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការប្រើប្រាស់យន្តហោះចម្បាំងរបស់កូរ៉េ ប្រយុទ្ធដោយខុសគោលការណ៍ច្បាប់។ បើតាមលោកបណ្ឌិត ជ័យ តិច ដើម្បីឱ្យថៃ អនុវត្តបទឈប់បាញ់មានប្រសិទ្ធភាពលុះណាតែសហគមន៍អន្តរជាតិ ថ្កោលទោស និងដាក់សម្ពាធជាក់ស្ដែងលើប្រទេសថៃ។

​លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវកត់សម្គាល់ឃើញថា មកដល់ពេលនេះ ប្រទេសថៃ បានបំពានលើកិច្ចសន្យាប្រើប្រាស់អាវុធជាមួយបណ្ដាប្រទេសនានា និងលែងគោរពច្បាប់អ្វីទាំងអស់។ ជាក់ស្ដែងយោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើឱ្យពេលរដ្ឋខ្មែរ និងស្ថានទូតកម្ពុជា នៅកូរ៉េខាងត្បូង នាំគ្នាតវ៉ា និងផ្ញើកំណត់ទូតទៅរដ្ឋាភិបាលកូរ៉េ ឱ្យសើរើកិច្ចព្រមព្រៀងលក់អាវុធ និងដាក់ទណ្ឌកម្មលើប្រទេសថៃ ដែលប្រើប្រាស់អាវុធបំពានដែនអធិបតេយ្យកម្ពុជា។

​ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា មកដល់ពេលនេះ កម្ពុជា មានភស្តុតាងរឹងមាំហើយសម្រាប់ប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រោយយោធាថៃ បានប្រើយន្តហោះចម្បាំង F-16 និង T-50TH ទម្លាក់គ្រាប់មកលើពលរដ្ឋស៊ីវិលជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ។

គួរបញ្ជាក់ថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ចូលក្នុងភូមិឋានរបស់ប្រជាជនកំពុងរស់នៅស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង មុនទៅទម្លាក់គ្រាប់៤គ្រាប់បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប នៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល។ អ្វីដែលកាន់តែសាហាវជាងនេះទៀតនោះនៅវេលាម៉ោងប្រមាណ១២:២៦នាទី យោធាមិនស្គាល់ច្បាប់របស់ថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់ ក្នុងភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ថៃ អះអាងថា គ្មានការបណ្តេញពលរដ្ឋខ្មែរផុតកំណត់លិខិតការងារឱ្យត្រឡប់មកកម្ពុជា វិញនោះទេ

រដ្ឋមន្ត្រីក្រសួងការងារចាំផ្ទះថៃ លោកស្រី ទ្រីនុច ធៀនថង (Trinuch Thienthong) បានអះអាងថា គ្មានពលករកម្ពុជា ណាម្នាក់ ត្រូវបានតម្រូវឱ្យវិលត្រឡប…

ប្រព័ន្ធផ្សព្វផ្សាយថៃ ភាគច្រើនកំពុងនាំសង្គមថៃ ឱ្យមានអំនួតថា ខ្លួនជាតួឯកនៅក្នុងតំបន់

នៅក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពភាពកម្ពុជា ជាច្រើនថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃ ភាគច្រើនបានដើរតួរបាំងការពារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ