
មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងមួយចំនួននៅរដ្ឋកាលីហ្វ័រញ៉ា ជាពិសេសនៅក្នុងទីក្រុងឡូសអេនជឺឡេស ដើម្បីប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងកងកម្លាំងប៉ូលិសកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមបាតុករបានធ្វើដំណើរទៅកាន់ផ្លូវដ៏សំខាន់មួយហើយបានបិទមិនឱ្យមានការធ្វើចរាចរណ៍ បន្ទាប់មកពួកគេបានប្រឈមមុខដាក់គ្នានឹងកងកម្លាំងប៉ូលិស។ ក្រុមបាតុករមួយចំនួនបានដុតរថយន្តជាច្រើនគ្រឿងនៅលើផ្លូវនោះ ហើយខ្លះទៀតបានចោលវត្ថុខ្លះៗទៅលើកងកម្លាំងប៉ូលិស ខណៈប៉ូលិសប្រដាប់ដោយខែលការពារ និងដំបងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើឧបករណ៍ផ្សេងៗទៀតដើម្បីបង្ក្រាបហ្វូងបាតុករ។
គិតត្រឹមថ្ងៃអាទិត្យ បាតុករប្រហែល៣០នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងការតវ៉ានេះដោយក្នុងនោះមានបីនាក់ត្រូវបានសង្ស័យថា បានវាយប្រហារប៉ូលិសម្នាក់ ខណៈដែលមន្ត្រីប៉ូលិស៣នាក់ទៀតបានរងរបួសស្រាល។
ក្រោយផ្ទុះការបាតុកម្មនេះ លោក ត្រាំ បានបញ្ជាឱ្យបញ្ជូនកងការពារជាតិ ចំនួន២ពាន់នាក់ទៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីបង្ក្រាបបាតុកម្មនេះ ខណៈលោក ហ្កេវីន ញូវសាំ (Gavin Newsom) អភិបាលរដ្ឋកាលីហ្វ័រញ៉ា ខាងគណបក្សប្រជាធិបតេយ្យ បានហៅចំណាត់នេះថា ជាអំពើខុសច្បាប់ ហើយលោកបានស្នើឱ្យលោក ត្រាំ ដកកងការពារជាតិនេះចេញវិញ។
លោក ញូវសាំ បានចោទលោក ត្រាំ ថា បានព្យាយាមបង្កើតវិបត្តិ និងរំលោភលើអធិបតេយ្យរបស់រដ្ឋកាលីហ្វ័រញ៉ា ហើយលោកបានបន្ថែមថា ចំណាត់ការទាំងនេះ គឺជាទង្វើរបស់ជនផ្តាច់ការមិនមែនជាប្រធានាធិបតីនោះទេ។ ភ្លាមៗនោះ សេតវិមានបានចេញមកជំទាស់នឹងការលើកឡើងរបស់លោក ញូវសាំ នេះ៕
ដោយ៖ សុខ មង្គល