វិបត្តិខ្វះប្រេងឥន្ធនៈឡាវ

រដ្ឋាភិបាលឡាវប្រាប់ពលរដ្ឋកុំចេញធ្វើដំណើរបើមិនចាំបាច់ ខណៈកង្វះខាតប្រេងឥន្ធនៈមិនទាន់ដោះស្រាយបាន


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ រួមជាមួយសមាគមប្រេងឥន្ធនៈ និងឧស្ម័នឡាវ បានជំរុញនិងលើកទឹកចិត្តឲ្យប្រជាជនសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ តាមរយៈការកុំធ្វើដំណើរទៅណាផ្តេសផ្តាស បើសិនជាមិនមានករណីចាំបាច់ណាមួយនោះ។ ការអំពាវនាវរបស់រដ្ឋាភិបាលក្រុងវៀងចន្ទន៍ដូចនេះ ធ្វើឡើងស្របពេលដែលវិបត្តិខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសឡាវ បន្តជាប់គាំងមិនទាន់អាចរកផ្លូវចេញបាននៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ឡាវ LAOTIAN TIMES។
ឡាវប្រាប់ពលរដ្ឋសំចៃសាំងកុំធ្វើដំណើរបើមិនចាំបាច់
ដោយ

បើតាមការអះអាងពីរដ្ឋាភិបាល និងសមាគមប្រេងឥន្ធនៈឡាវ ការអំពាវនាវឲ្យពលរដ្ឋជួយសន្សំប្រេងនេះ គឺដើម្បីធានាថា ប្រេងសាំងមានបម្រុងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បម្រើឲ្យវិស័យកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត។

អំឡុងពេលជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈ កសិករមួយចំនួនបានត្អូញត្អែរថា ពួកគេមិនអាចបង្កបង្កើនផលបានក្នុងរបបកសិកម្មរបស់ពួកគេបានទេ ដោយសារតែកង្វះខាតប្រេងសាំង និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័ស ពុំនោះទេ វានឹងប៉ះពាល់ដល់វិស័យកសិកម្ម និងស្បៀងអាហារក្នុងប្រទេស។ របាយកាណ៍កាលពីឆ្នាំ២០២០បង្ហាញថា ពលរដ្ឋជិត៧០%នៃពលរដ្ឋសរុបរបស់ឡាវទាំងជាង៧លាននាក់ ជាកសិករ។

គួរជម្រាបថា ខេត្តខាំមួន (Khammun) ជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនទៀតរបស់ឡាវ ដែលទទួលរងការខ្វះខាតប្រេងឥន្ធនៈខ្លាំងជាងគេ ខណៈដែលស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនក្នុងខេត្តមួយនេះ ស្ទើរតែរីងស្ងួតគ្មានប្រេងទៅហើយ។ ប្រការនេះធ្វើឲ្យ អ្នកបើកបរយានយន្តជាច្រើនមិនអាចប្រើប្រាស់យានជំនិះរបស់ពួកគេទេ។

សារព័ត៌មាន Laotian Times ដដែលបន្តរាយការណ៍ថា រដ្ឋសភាបានអនុម័តសេចក្តីសម្រេចដំណោះស្រាយមួយ ដើម្បីកាត់បន្ថយពន្ធអាករលើការនាំចូលឥន្ធនៈ ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេសផងដែរ។

ជាក់ស្តែង ពន្ធអាករលើប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយពី ២១%មកនៅត្រឹម ១១% ខណៈពន្ធអាករលើប្រេងសាំងនឹងធ្លាក់ចុះពី ៣១%មកនៅត្រឹម១៦%។ យ៉ាងណាក៏ដោយ ការកាត់បន្ថយពន្ធលើឥន្ធនៈ គឺជាវិធានការបណ្ដោះអាសន្ន ដែលនឹងមានសុពលភាពរយៈពេលបីខែប៉ុណ្ណោះ ហើយវានឹងត្រូវលុបចោលវិញ ប្រសិនបើស្ថានការណ៍ប្រេងនៅក្នុងប្រទេសនិងពិភពលោកមានការផ្លាស់ប្តូរ។

សូមជម្រាបថា ក្រៅពីដំណោះស្រាយបន្ថយពន្ធរបស់រដ្ឋាភិបាលឡាវក៏បានពិភាក្សាពីដំណោះស្រាយដែលអាចទៅរួចមួយទៀត គឺការស្វែងរកប្រភពអ្នកនាំចូលប្រេង ដែលមានតម្លៃថោក ហើយ បច្ចុប្បន្នគេកំពុងសម្លឹងឃើញការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ហ្សេលេនស្គី ប្រាប់លោកខាងលិចឲ្យឈប់ចំណាយពេលជាមួយជារុស្ស៊ី ប៉ុន្ដែត្រូវថែមទណ្ឌកម្ម

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនហ្សេលេនស្គី បានជំរុញឱ្យលោកខាងលិចឈប់ចំណាយពេលច្រើនជាមួយរុស្ស៊ីទៀតទៅ ហើយត្រូវបន្តថែមទណ្ឌកម្មឲ្យកាន់តែតឹងរ៉ឹងជាងមុនទៀតល…

រដ្ឋមន្ត្រីការបរទេសអាមេរិកចេញមុខបកស្រាយថា យុទ្ធសាស្ត្រទប់ទលចិន មិនមែនបង្កើតសង្គ្រាមត្រជាក់ឡើយ

ព័ត៌មាន
លោក អាន់តូនី ប្លែងខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានចេញមុខនិយាយការពារ ផែនការយុទ្ធសាស្ត្រទប់ទល់ចិនរបស់អាមេរិកថា ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ