ដ្បិតគ្រួសារ ដែលមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំរួចហើយ ពួកគេតែងតែចង់ជំរុញកូនឱ្យចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ដើម្បីទទួលបានបុព្វសិទ្ធិសង្គម ស្ថិរភាព និងកិត្តិយស ជាជាងការស្វែងរកប្រាក់ចំណូលខ្ពស់តែមួយមុខ។
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សង្កេតឃើញថា នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សិស្សដែលរៀននៅសាលាឯកជនភាគច្រើន គឺជាកូនរបស់មន្ត្រីរាជការ និងអ្នកដែលមានធនធានច្រើន ដ្បិតពួកគេចង់បណ្តុះបណ្តាលកូនឱ្យមានចំណេះដឹង និងភាពប្រកួតប្រជែងខ្ពស់ ព្រមជាមួយចំណេះដឹងភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទៅរៀនបន្តនៅក្រៅប្រទេស ហើយត្រឡប់មកបំពេញការងារនៅក្នុងស្ថាប័នរដ្ឋ។ យ៉ាងណាមិញសម្រាប់សិស្ស ដែលរៀននៅសាលារដ្ឋភាគច្រើន ដោយសារពួកគេមិនសូវមានធនធាន និងទំនាក់ទំនងច្រើន ដូចសិស្សដែលរៀននៅសាលាឯកជន ទើបធ្វើឱ្យពួកគេពិបាកក្នុងការចូលទៅធ្វើការក្នុងស្ថាប័នដ្ឋ។ តែយ៉ាងណា ក្នុងនោះក៏មានសិស្សដែលពូកែកំពូលៗក្នុងសាលារដ្ឋមួយចំនួនចេញទៅធ្វើការងារក្នុងស្ថាប័នរដ្ឋផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា បើពិនិត្យលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច កត្តាដែលជំរុញឱ្យសិស្សរៀននៅសាលាឯកជនភាគច្រើនធ្វើការនៅស្ថាប័នរដ្ឋ ដោយសារគ្រួសារដែលបញ្ជូនកូនរៀននៅសាលាឯកជន ពួកគេមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំរួចហើយ ហើយពួកគេច្រើនជំរុញកូនឱ្យចូលបម្រើការងាររដ្ឋ ដើម្បីទទួលបានបុព្វសិទ្ធិសង្គម ស្ថិរភាព និងកិត្តិយស ជាជាងការស្វែងរកប្រាក់ចំណូលខ្ពស់តែមួយមុខ។ ដោយឡែក សិស្សរៀននៅសាកលវិទ្យាល័យរដ្ឋ គឺប្រមូលផ្ដុំដោយសិស្សពូកែមកពីខេត្ត ដែលភាគច្រើនមានជីវភាពមធ្យម ឬខ្វះខាត ហើយគោលដៅចម្បងរបស់ពួកគេក្រោយរៀនចប់ គឺប្រាក់ចំណូលភ្លាមៗ ដើម្បីជួយគ្រួសារ ដ្បិតវិស័យឯកជនមានភាពបត់បែនខ្លាំង និងផ្ដល់ប្រាក់បៀវត្សរ៍តាមសមត្ថភាពជាក់ស្ដែង ដែលឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានលឿន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយគម្លាតនេះ រដ្ឋាភិបាល គួរតែបន្តពង្រឹងប្រព័ន្ធជ្រើសរើសដោយផ្អែកលើសមត្ថភាពនិយមក្នុងស្ថាប័នរដ្ឋឱ្យកាន់តែមានតម្លាភាពបំផុត ដើម្បីផ្ដល់ឱកាសដល់សិស្សរៀននៅសាលារដ្ឋដែលពូកែៗ អាចចូលរួមចំណែកក្នុងកិច្ចការជាតិបានស្មើភាពគ្នាជាមួយសិស្សរៀននៅសាលាឯកជន។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា មិនថា នៅស្ថាប័នរដ្ឋ ឬឯកជននោះទេការជ្រើសរើសបុគ្គលិកមកបំពេញការងារ គឺពឹងផ្អែកលើចំណេះដឹង និងសមត្ថភាព មិនថា រៀននៅស្ថាប័នរដ្ឋ ឬឯកជនឡើយ។ តែយ៉ាងណា ក្នុងករណីខ្លះ ក៏មានការទទួលបានការងារតាមរយៈខ្សែរយៈផងដែរ ពិសេសក្នុងស្ថាប័នរដ្ឋតែម្តង។
បើតាមលោកបណ្ឌិត ញិល រដ្ឋា ប្រសិនបើនិន្នាការខាងលើនេះរីកកាន់តែរីកធំ វាបង្ហាញពីសញ្ញាព្រមានមួយចំនួនក្នុងប្រព័ន្ធសេដ្ឋកិច្ច ពិសេសសម្ពាធចំណាយរបស់អាណាព្យាបាល ដែលអាចត្រូវបង្ខំចិត្តខ្ចីបុល ឬលក់ទ្រព្យសម្បត្តិ ដើម្បីបញ្ជូនកូនទៅរៀនសាលាឯកជនល្បីៗមិនមែនព្រោះតែគុណភាពអប់រំនោះទេ តែដើម្បីស្រួលរកការងារធ្វើនៅក្នុងស្ថាប័នរដ្ឋ ខណៈតាមទិន្នន័យការចំណាយលើការសិក្សានៅសាលាឯកជនអាចខ្ពស់ជាងសាលារដ្ឋពី៣ទៅ៥ដងឯណោះ៕
អត្ថបទ សោម ស្រីពេជ្រ