ការចេញសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តពោធិ៍សាត់នេះបានធ្វើឱ្យការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម ដោយមានអ្នកខ្លះគាំទ្រ និងអ្នកខ្លះមិនគាំទ្រ។ ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញក្នុងវិស័យកសិកម្មយល់ឃើញថា កសិករគួរធ្វើតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបញ្ចៀសការខាតបង់ផ្សេងៗ ព្រោះអាជ្ញាធរអាចមានព័ត៌មាន និងជំនាញគ្រប់គ្រាន់ក្នុងការវាយតម្លៃពីបញ្ហានេះ។
រដ្ឋបាលខេត្តពោធិ៍សាត់បានគូសបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា តាមផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នាំ២០២៥ខាងមុខនេះ គឺបានត្រឹមតែប្រមាណ២ម៉ឺនហិកតាប៉ុណ្ណោះ។ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង៥ម៉ឺន៨ពាន់ហិកតា ដែលលើសផែនការប្រើប្រាស់ទឹកជិត៣ម៉ឺនហិកតាឯណោះ។ កត្តានេះបានជំរុញឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំដល់កសិករឱ្យផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ជាបណ្តោះអាសន្ន បន្ទាប់ពីកសិករប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានវាយតម្លៃថា ដើម្បីបញ្ចៀសនូវការខាតបង់ក្នុងប្រការណាមួយ ប្រជាកសិករចាំបាច់ត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយសារអាជ្ញាធរជំនាញមានព័ត៌មាន និងបច្ចេកទេសច្បាស់លាស់ដែលអាចប៉ាន់ស្មានអំពីបរិមាណទឹកបានត្រឹមត្រូវ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហាខ្វះទឹកផ្គត់ផ្គង់ឱ្យកសិករធ្វើស្រែប្រាំងតាមតម្រូវការនេះ មិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ហើយដើម្បីដោះស្រាយបញ្ហានេះបានទាល់តែមានការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ ដែលប្រើរយៈពេលច្រើនឆ្នាំ និងចំណាយទុនវិនិយោគខ្ពស់ ហើយជួនកាលផលចំណេញពីដំណាំស្រូវ មិនអាចរួចថ្លៃវិនិយោគលើប្រព័ន្ធធារាសាស្ត្រនោះទេ។
ទន្ទឹមនឹងស្នើឱ្យពលរដ្ឋផ្អាកបង្កបង្កើនផលស្រូវប្រាំងលើកទី២ រដ្ឋបាលខេត្តពោធិ៍សាត់បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការជូនដំណឹងរបស់រដ្ឋបាលខេត្តទេនោះ ប្រជាពលរដ្ឋអាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នឹងខាតបង់ទាំងសម្ភារ ថវិកា និងពេលវេលាជាក់ជាមិនខានឡើយ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូងប្រឡាយ ដែលអាចស្តុកទឹកសម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនៈជាដើម៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ