ជប៉ុនផ្តើមក្រសោបទីផ្សារបន្ទះឈីប

ជប៉ុន ចាប់ផ្តើមក្រសោបយកទីផ្សារឈីបសាកលរបស់ខ្លួនឡើងវិញ ក្រោយខ្ទាតចេញពីសង្វៀននេះអស់រយៈពេលជាច្រើនឆ្នាំ


ថ្មីៗនេះ ប្រទេសជប៉ុនបានបញ្ចេញគោលបំណងក្នុងការបង្កើតកិត្យានុភាពជាតិរបស់ខ្លួនក្នុងវិស័យផលិតឈីបឡើងវិញ តាមរយៈក្រុមហ៊ុនថ្មីមួយ ដែលគ្រោងនឹងផលិតនៅឆ្នាំ២០២៧។ ក្រុមហ៊ុនថ្មីនេះ ត្រូវបានចូលរួមបង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ជប៉ុន ដើម្បីដណ្តើមយកទីផ្សារសាកលឡើងវិញ និងចំពេលមានភាពតានតឹងក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនធំៗជប៉ុនរួមគ្នា អភិវឌ្ឍឈីបដែលគ្រោងផលិតនៅឆ្នាំ២០២៧
ដោយ

ក្រុមហ៊ុនធំៗរបស់ជប៉ុនរួមមាន Sony, Toyota, NTT, NEC និង SoftBank ជាដើម គឺស្ថិតក្នុងចំណោម៨ក្រុមហ៊ុន ដែលបានវិនិយោគរួមគ្នាលើគម្រោងអភិវឌ្ឍន៍ឈីបឈានមុខ ក្រោមឈ្មោះក្រុមហ៊ុនថ្មី Rapidus ក្នុងក្តីសង្ឃឹមថា នឹងទទួលបានជោគជ័យ ក្រោយគម្រោងដែលធ្វើឡើងទាំងប៉ុន្មានកាលពីប៉ុន្មានឆ្នាំមុនសុទ្ធតែបានបរាជ័យ។

ជប៉ុន បានមើលឃើញថាការផលិតបន្ទះឈីបក្នុងស្រុក គឺមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសដោយសារតែការពឹងផ្អែកលើការផ្គត់ផ្គង់ឈីបរបស់តៃវ៉ាន់បច្ចុប្បន្ន កំពុងប្រឈមមុខនឹងហានិភ័យភូមិសាស្រ្តនយោបាយ។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយស្តារមុខមាត់ឡើងវិញ បន្ទាប់ពីជប៉ុនបានខកខានផ្តោតការវិនិយោគលើវិស័យនេះជាង ១០ឆ្នាំមកហើយ។

លោក Atsuyoshi Koike ប្រធានក្រុមហ៊ុន Rapidus បាននិយាយថា នេះគឺជាឱកាសចុងក្រោយហើយ ក្នុងការធ្វើឱ្យឧស្សាហកម្មផលិតឈីបរបស់ជប៉ុនត្រឡប់មកវិញ។

ក្រុមហ៊ុន Rapidus គ្រោងដើមទុនជាទឹកប្រាក់ប្រមាណ ៣៦ពាន់លានដុល្លារ និងការវិនិយោគផ្សេងៗទៀតក្នុងរយៈពេលជាង ១ទសវត្សរ៍។ ក្នុងនោះ ក្រុមហ៊ុននេះ នឹងវិនិយោគទឹកប្រាក់សរុបជាង ៥២លានដុល្លារ ជាមួយនឹងការឧបត្ថម្ភធនពីរដ្ឋាភិបាលជាង ៥០០លានដុល្លារ។

ក្រុមហ៊ុននេះ នឹងផ្តោតទៅលើការផលិតបន្ទះឈីប សម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ និងសម្រាប់បច្ចេកវិទ្យា AI។

Rapidus មានគោលដៅផលិតឈីបទំហំ ២ណាណូម៉ែត្រ ក្នុងប្រទេសជប៉ុន នាឆ្នាំ២០២៧ ខណៈក្រុមហ៊ុនបន្ទះសៀគ្វីតៃវ៉ាន់ និងក្រុមហ៊ុនSamsung របស់កូរ៉េខាងត្បូង គ្រោងផលិតឈីបទំហំគ្នានេះដែរនៅឆ្នាំ២០២៥។

មែនទែនទៅ ឧស្សាហកម្មឈីបជប៉ុនបានរះត្រដែតឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក ហើយរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុនជប៉ុនបានគ្របដណ្តប់ទីផ្សារសាកលបានពាក់កណ្តាល។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនជប៉ុនបានទទួលរងគ្រោះ ក្រោមការដាក់កំហិតការនាំចេញ និងបានកាត់បន្ថយសមត្ថភាពផលិត។ ក្នុងពេលនោះ ក្រុមហ៊ុនកូរ៉េខាងត្បូង និងតៃវ៉ាន់ មានសន្ទុះផលិតឈីបយ៉ាងលឿន វ៉ាដាច់ជប៉ុនមកទល់នឹងពេលនេះ។

ចូលមកដល់ទសវត្សរ៍ឆ្នាំ២០០០ និង ២០១០ ក្រុមហ៊ុនធំៗជប៉ុនមានគម្រោងអភិវឌ្ឍផលិតបន្ទះឈីបជាបន្តបន្ទាប់ដែរ ប៉ុន្តែសុទ្ធតែបញ្ចប់ទៅវិញដោយគ្មានផ្លែផ្កា បើទោះបីជាមានការគាំទ្រពីរដ្ឋយ៉ាងណាក៏ដោយ។

ការងើបឈរវាយដណ្តើមយកទីផ្សារឈីបឡើងវិញរបស់ជប៉ុននេះ គឺធ្វើឡើងចំពេលមានភាពតានតឹងរវាងអាមេរិក និងចិន លើការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីប និងការគំរាមកំហែងរបស់ចិនមកលើកោះតៃវ៉ាន់ជាដើម។

កាលពីខែឧសភា ឆ្នាំ២០២១ គណបក្សកាន់អំណាចជប៉ុន បានបង្កើតក្រុមមួយនៅសភា ដើម្បីសិក្សាពីយុទ្ធសាស្រ្តបន្ទះសៀគ្វី ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម។ សមិទ្ធផលដែលសម្រេចបាននាពេលនោះ គឺបានទាក់ទាញក្រុមហ៊ុនឈីបយក្សរបស់តៃវ៉ាន់ TSMC មកសង់រោងចក្រក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អាមេរិកសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនគ្រាក់ៗមួយចំនួន ដែលបន្តផ្គត់ផ្គង់បណ្តាញយោធាដល់រុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen បានបញ្ជាក់បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើបណ្តាញឆ្លងដែននៃបុគ្គល និងក្រុមហ…

ហេតុអ្វី IMF មើលឃើញថា សេដ្ឋកិច្ចសាកលនឹងកាន់តែងងឹតជាងមុន?

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញអំពីទស្សនវិស័យសេដ្ឋកិច្ចសាកល ដោយមើលឃើញថា វាគឺកាន់តែអាក្រក់ជាងការព្យាករកាលពីខែមុនទៅទៀត។ ការចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ