ការនាំចេញអង្ករ

តើភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានឹងរុញច្រាន ឬបង្អាក់ការនាំចេញអង្កររបស់កម្ពុជា?


ខ្សែច្រវាក់ផ្គត់ផ្គង់សកលកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ក្រោយផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា ដែលមិនត្រឹមតែធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កជា ព្យុះសេដ្ឋកិច្ចរំខានដល់ការធ្វើពាណិជ្ជកម្មឆ្លងទ្វីបផងដែរ។ ចំពោះកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ទោះបីជាបច្ចុប្បន្នមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែប្រសិនបើសង្គ្រាមអូសបន្លាយ វានឹងក្លាយជាសម្ពាធដ៏ធំលើថ្លៃដឹកជញ្ជូន ដែលអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់អង្ករខ្មែរនៅលើទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។
ការនាំចេញអង្ករ
ដោយ

លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធសូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានផលប៉ះពាល់គួរឱ្យកត់សម្គាល់ណាមួយបង្កឡើងដោយវិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ានៅឡើយទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភនោះ គឺការកើនឡើងតម្លៃដឹកជញ្ជូនទំនិញ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់។ បើតាមប្រធានសហព័ន្ធសូវអង្កររូបនេះ បើទោះបីជាកន្លងមកការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារនៅតំបន់មជ្ឈិមបូព៌ានៅមានកម្រិតតូចក៏ពិតមែន ប៉ុន្តែទីផ្សារនេះ ក៏ជាទីផ្សារសំខាន់មួយរបស់កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះចង់ ឬមិនចង់ប្រសិនបើបញ្ហាសង្រ្គាមនេះបន្តអូសបន្លាយពេលយូរប្រាកដណាស់វានឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាទៅកាន់តំបន់នោះជាក់ជាមិនខាន។ លើសពីនេះ ការនាំចេញទៅកាន់តំបន់ផ្សេងៗ ដូចជាអឺរ៉ុបជាដើម ក៏អាចជួបបញ្ហាប្រឈមខ្លាំងដែរ ដោយសារតម្លៃដឹកជញ្ជូននឹងហក់ឡើងកាន់តែខ្ពស់ថែមទៀត។

តែទោះជាយ៉ាងណាលោកឧកញ៉ា ឡាយ ឈុនហួរ យល់ឃើញថា នៅក្នុងកាលៈទេសៈនៃវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ានេះ វាក៏អាចជាឱកាសសម្រាប់កម្ពុជា ដែលជាប្រទេសផលិតស្បៀងផងដែរ ពិសេសអង្ករតែម្តង។ ដ្បិតតាមបទពិសោធន៍កាលពីមានបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ទោះតម្លៃប្រេងហក់ឡើងខ្ពស់ ថ្លៃដឹកជញ្ជូនកើនឡើង ប៉ុន្តែតម្រូវការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាតម្លៃទីផ្សារអង្ករកើនឡើងក៏ដោយ។

គួរបញ្ជាក់ថា នៅ១ខែដំបូងដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង៧០លានដុល្លារអាម៉េរិកពីការនាំចេញអង្ករក្នុងបរិមាណជាង១១ម៉ឺន៥ពាន់តោនទៅកាន់គោលដៅចំនួន៤៥ប្រទេស ក្នុងនោះសហភាពអឺរ៉ុបនៅតែជាទីផ្សារដ៏មានសក្តានុពល ដោយបាននាំចូលជិត៤ម៉ឺនតោនជាមួយតម្លៃជាង២៦លានដុល្លារអាម៉េរិក។ តួលេខនេះសបញ្ជាក់ឱ្យឃើញថា អង្ករកម្ពុជានៅតែមានតម្រូវការខ្ពស់ ទោះបីជាត្រូវហែលឆ្លងព្យុះនៃវិបត្តិសកលក៏ដោយ៕




អត្ថបទបន្ទាប់


ឌឹហឺស្ស បិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ បង្ហាញពីការពង្រីកខ្លួនយ៉ាងសំខាន់ក្នុងតំបន់អាស៊ី

ក្រុមហ៊ុន De Heus Animal Nutrition នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសអំពីការបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពី ក្រុមហ៊ុន …

អ្នកជំនាញចាត់ទុកការចេញទៅព្យាបាលជំងឺនៅក្រៅស្រុករបស់ពលរដ្ឋ ជាសញ្ញាបរាជ័យមួយរបស់វិស័យសុខាភិបាល

អ្នកជំនាញ និងអ្នកតាមដានសង្គមសង្កេតឃើញថា បន្ទាប់ពីមានការរឹតបន្តឹង និងបិទច្រកទ្វារព្រំដែនគោកកម្ពុជា-ថៃកន្លងមក និន្នាការរបស់ពលរដ្ឋខ្មែរ ដែលនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ