នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំង សារព័ត៌មានធំៗនៅក្នុងតំបន់ និងរុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួប និងពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាន ចំនួនបីប្រទេស ដែលរួមមាន ថៃ វៀតណាម និងឡាវ។
យ៉ាងណាមិញនៅក្នុងជំនួបជាមួយលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃ នៅខាងក្រៅវេទិកាខ្សែរក្រវាត់និងផ្លូវលោក ពូទីន បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរ ហើយបាន សន្យាថា នឹងស្វះស្វែងរកការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានេះលោក ពូទីន បានសរសើរទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសថៃ និងរុស្ស៊ី និងបានបញ្ជាក់ផងដែរពីតម្រូវការសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ និងទេសចរណ៍។ ពាក់ព័ន្ធវិស័យនយោបាយ ភាគីទាំងពីរគាំទ្រការបន្តផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខនៃប្រទេសទាំងពីរ។
សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើនការសម្របសម្រួលពាណិជ្ជកម្ម ក្នុងនោះលោកនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឱ្យរុស្ស៊ីជំរុញការវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម ហើយលោកក៏បានស្នើឱ្យរុស្ស៊ីពិចារណាបង្កើនការវិនិយោគលើវិស័យផ្សេងៗនៅប្រទេសថៃផងដែរ។
ចំណែកនៅក្នុងជំនួបរវាងលោក វូ វាន់ ធួង ប្រធានាធិបតីវៀតណាម ជាមួយលោក ពូទីន វិញ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីផែនការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-រុស្ស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងជំនួបទ្វេភាគីនោះលោក ធួង បាននិយាយថា វៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ហើយសង្ឃឹមថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី នឹងមានការជំរុញបន្ថែមទៀត។
ជាមួយគ្នានេះលោកសង្ឃឹមថា រុស្ស៊ីនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមបន្ថែមទៀត ក៏ដូចជាពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ និងរវាងប្រជាជនជាមួយប្រជាជន”រវាងប្រទេសទាំងពីរផងដែរ។ បន្ថែមលើនេះ ប្រធានាធិបតីវៀតណាម ស្នើឲ្យរុស្ស៊ីបន្តជួយឧបត្ថម្ភប្រជាជនវៀតណាម ដែលកំពុងសិក្សា និងរស់នៅអចិន្ត្រៃយ៍នៅប្រទេសរុស្ស៊ី។
យ៉ាងណាមិញលោក ពូទីន បានចាត់ទុកវៀតណាម គឺជាដៃគូដ៏សំខាន់បំផុតរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរុស្ស៊ី បានគាំទ្រចំពោះការផ្ដល់យោបល់របស់លោក ធួង ជាពិសេសលើការលើកទឹកចិត្តគំនិតច្នៃប្រឌិត និងផែនការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងទេ្វភាគីរវាងប្រទេសទាំងពីរនាពេលអនាគត។ លើសពីនេះលោក ពូទីន ក៏បានទទួលយកការអញ្ជើញរបស់លោក ធួង សម្រាប់ការបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ ។
ដោយឡែកនៅក្នុងជំនួបទ្វេភាគីរវាងលោក ពូទីន ជាមួយលោក ថងលួង ស៊ីសូលីត ភាគីទាំងពីរបានទទួលស្គាល់ថា ភាគីទាំងពីរមានទំនាក់ទំនងនយោបាយល្អ ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញលោក ពូទីន ជំរុញឱ្យប្រទេសទាំងពីរត្រូវគិតគូរបន្ថែមទៀតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានចាត់ទុកឡាវគឺជាមិត្តដ៏គួរឱ្យទុកចិត្តបាន៕
ដោយៈ សរ សុជាតិ