នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំការពារជាតិ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ លោក ពូទីន បាននិយាយថា អ្នកដែលប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន នៅអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក ប្រសិនបើពួកគេចង់ចរចារ នោះលោកត្រៀមខ្លួនរួចជាស្រេច។ ប៉ុន្តែរុស្ស៊ីនឹងធ្វើវាដោយផ្អែកលើផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ ទោះយ៉ាងណា មេវិមានក្រឹមឡាំងរូបនេះបានបន្ថែមថា រុស្ស៊ីនឹងមិនបោះបង់ចោលគោលដៅ នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួននោះទេ ដោយលោកបានបន្ថែមថា រុស្ស៊ីត្រូវការប្រព័ន្ធទំនាក់ទំនងយោធា ការឈ្លបយកការណ៍ ការកំណត់គោលដៅ និងសមត្ថភាពផ្កាយរណបឱ្យកាន់តែល្អ និងខ្លាំងជាងនេះ។
ការថ្លែងបែបនេះរបស់លោក ពូទីន បានធ្វើឡើងនៅក្នុងជំនួបដែលមានការចូលរួមដោយមេដឹកនាំយោធាកំពូលៗរបស់ប្រទេសរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងឧត្តមសេនីយ Valery Gerasimov អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ព្រមទាំងប្រធានភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) លោក Alexander Bortnikov។ ក្នុងនោះ មេដឹកនាំរុស្ស៊ីលោក ពូទីន ក៏បាននិយាយផងដែរថា រុស្ស៊ីនឹងបន្តអភិវឌ្ឍន៍កងកម្លាំងនុយក្លេអ៊ែ និងរក្សាការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួនក្នុងកម្រិតខ្ពស់បំផុត។
យោងតាមរដ្ឋមន្ត្រីការពារជាតិ លោក Shoigu ផលិតកម្មរថក្រោះរបស់រុស្ស៊ី បានកើនឡើងពី៥ទៅ៦ដងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈយន្តហោះគ្មានមនុស្សបើកកើនឡើងជាង១៦ដង និងកាំភ្លើងធំជាង១៧ដង។ បើតាមមេដឹកនាំការពារជាតិរូបនេះ ក្នុងឆ្នាំ២០២៣នេះ រុស្ស៊ីទទួលបានទាហានកិច្ចសន្យា និងទាហានស្ម័គ្រចិត្តចំនួន៤៩ម៉ឺននាក់ និងព្យាយាមបង្កើនឱ្យដល់ជាង៧៤ម៉ឺននាក់នៅឆ្នាំក្រោយ។
ដោយឡែក កាលពីថ្ងៃអង្គារ លោក Zelenskiy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុងកៀវថា លោកមានទំនុកចិត្តខ្លាំងបំផុតថា សហរដ្ឋអាម៉េរិកនឹងមិនក្បត់លោកទេ ហើយអ្វីដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅសហរដ្ឋអាម៉េរិកនឹងត្រូវធ្វើបានទាំងស្រុងនៅទីបំផុត។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ជំនួយផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះក្នុងការការពារអ៊ុយក្រែនពីការវាយប្រហារពេញទីពីសំណាក់ទីក្រុងមូស្គូ ដែលសង្គ្រាមនេះហៀបឈានចូលឆ្នាំទីពីរទៅហើយក្តី។
លោក ហ្សេលេនស្គី ក៏រំពឹងផងដែរថា សហភាពអឺរ៉ុបនឹងអនុម័តកញ្ចប់ជំនួយចំនួន៥០ពាន់លានអឺរ៉ូក្នុងពេលឆាប់ៗនេះ។ ខណៈជំនួយរាប់ពាន់លានដុល្លារផ្សេងទៀតពីទីក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ុយក្រែន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីមានការរារាំងដោយសមាជិកសភាបក្សសាធារណរដ្ឋ ចំពេលដែលសេតវិមានបានព្រមានថា ជំនួយអ៊ុយក្រែនអាចនឹងអស់នៅចុងឆ្នាំ ប្រសិនបើអាម៉េរិកមិនបន្ត៕