ជាការឆ្លើយតបលោកពូទីននិយាយថា លោកមានឆន្ទៈក្នុងការពិភាក្សាអំពីការបន្តការនាំចេញស្បៀង ពិសេសគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ ដោយរង់ចាំតែលោកខាងលិចសហការតែប៉ុណ្ណោះ។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បើបូកបញ្ចូលគ្នាទៅមានផលិតកម្មតំណាងឲ្យជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីសកលលោក ខណៈដែលប្រទេសរុស្ស៊ីតែងឯង ក៏ជាអ្នកនាំចេញជីកសិកម្មជាសកលដ៏សំខាន់មួយផងដែរ ហើយអ៊ុយក្រែនជាអ្នកនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏ធំ។ ជារួមប្រទេសទាំងពីរនេះ មានឃ្លាំងផ្គត់ផ្គង់វត្ថុធាតុដើម និងស្បៀងអាហារសំខាន់ៗជាច្រើនប្រភេទសម្រាប់ក្រពះមនុស្សជាច្រើនលើលោក។
វិមានក្រឹមឡាំងបានស្រង់សំដីលោកពូទីនពីការពិភាក្សាកាលពីថ្ងៃសៅរ៍ដោយលើកឡើងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយស្វែងរកជម្រើស និងដំណោះស្រាយ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារទូទៅទាំងអស់ដោយមិនមានការរារាំង រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅផងដែរ។
បើតាមវិមានក្រឹមឡាំង រុស្ស៊ីក៏បានជូនដំណឹងដល់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ ថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការនាំចេញជី និងផលិតផលកសិកម្មរបស់ខ្លួន ប្រសិនបើទណ្ឌកម្មប្រឆាំងនឹងម៉ូស្គូត្រូវបានដកចេញ។
គួរជម្រាបថា អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចបានចោទរុស្សីថា មានបំណងបង្កផលប៉ះពាល់ដល់បញ្ហាស្បៀងអាហារសកល តាមរយៈការឈ្លានពានទៅលើអ៊ុយក្រែន ហើយដែលបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃខ្លាំង។ ប៉ុន្តែរុស្ស៊ីវិញ បានស្តីបន្ទោសស្ថានការណ៍នេះ បណ្តាលមលពីទណ្ឌកម្មលោកខាងលិចដែលបានដាក់ប្រឆាំងនឹងខ្លួន ហើយថាភាគីអ៊ុយក្រែនបានដាក់បង្កប់មីនតាមកំពង់ផែទើបធ្វើឲ្យពិបាកនាំកប៉ាល់ចេញ៕