
រដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាជំនួយប្រមាណជិត២០០លានដុល្លារអាម៉េរិក ដើម្បីជួយដល់ពលរដ្ឋជាង៦៨ម៉ឺន៥ពាន់គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ព្យុះភ្លៀង និងការបាក់ស្រុតដី។ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានបញ្ជាឱ្យចែកជំនួយថវិកាប្រមាណ២៧៧ដុល្លារអាម៉េរិកក្នុងមួយគ្រួសារភ្លាមៗ ហើយបានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាជន និងការខូចខាតដំណាំកសិកម្ម។
ស្របពេលកម្រិតទឹកហក់ឡើងខ្ពស់ក្នុងអាងទំនប់ទឹកចៅប្រាយ៉ាក្រោម លោក អានុទីន បានបញ្ជាឱ្យគ្រប់គ្រងទឹកជាបន្ទាន់ ដោយប្រើគ្រប់មធ្យោបាយទាំងអស់ មុននឹងទឹកហក់ឡើងខ្លាំងគ្រប់គ្រងលែងបាន ដែលតាមការព្យាករអាចនឹងកើនឡើងខ្ពស់នៅចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃ១៣ ខែតុលា ដ៏ខ្លីខាងមុខនេះ។ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានដាក់ចេញបទបញ្ជាមួយចំនួនដូចជាបញ្ចេញទឹកពីទំនប់ Chao Phraya និងកាត់បន្ថយរំហូរចេញពីទំនប់ Pasak Cholasit និងទំនប់រាមាទី៦, បង្កើនការបង្ហូរទឹកតាមប្រឡាយ និងទ្វារទឹកនៅតាមបណ្ដោយច្រាំងទន្លេ, បង្កើនប្រតិបត្តិការបូមទឹកដើម្បីបញ្ចេញទឹកចូលទៅក្នុងឈូងសមុទ្រថៃ, សម្របសម្រួលជាមួយក្រុងបាងកក ដើម្បីកាត់បន្ថយទឹកជំនន់ និងបង្កើនសមត្ថភាពស្តុកទឹកនៅតំបន់ទំនាបលិចទឹកដែលមានទឹកពេញ ៨០%រួចទៅហើយ។
ទន្ទឹមនឹងដាក់ចេញវិធានការ ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ ជាក់ស្តែងគ្រាន់តែនៅក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ មានភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់ព្យុះបណ្ដាលឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន១៦របស់ថៃ ដែលបានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១២នាក់ ហើយជះផលប៉ះពាល់ដល់ប្រជាជនជាង១០ម៉ឺនគ្រួសារ។
នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ព្យុះទីហ្វុងឈ្មោះថា Matmo បានចុះខ្សោយប្រែក្លាយទៅជាប្រព័ន្ធសម្ពាធទាប បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា។ ហើយជាលទ្ធផល ចំហាយព្យុះទីហ្វុង នេះ កំពុងនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ ដែលធ្វើឱ្យស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍៕
ដោយ: តែម សុខុម