ក្រោយកិច្ចព្រមព្រៀង ដែលមាន១៥ប្រទេសជាសមាជិកនេះចូលជាធរមាន វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កម្ពុជាក្នុងការធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនការនាំចេញ និងទាក់ទាញវិនិយោគិនបរទេសជាដើម។ តួយ៉ាងតាម របាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បង្ហាញថា តាមរយៈកិច្ចព្រមព្រៀង RCEPនេះ នឹងជួយកម្ពុជាបង្កើនការនាំចេញ ៧% កំណើនវិនិយោគជាង២៣% និងកំណើនផលិតផលក្នុងស្រុកសរុបប្រមាណ២%បន្ថែមទៀតនៅឆ្នាំក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោយទទួលបានសច្ចាប័នពីប្រទេសជាសមាជិកកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្នកម្ពុជាក៏បានដាក់តម្កល់លិខិតតុបករណ៍នៃការទទួលបានសច្ចាប័នទៅអគ្គលេខាធិការអាស៊ានរួចហើយ កាលពីចុងខែតុលា ឆ្នាំ២០២១។ ឯកឧត្តម បានបន្ថែមថា កិច្ចព្រមព្រៀង RCEP នឹងអនុវត្តភ្លាមៗតែម្តង ក្រោយចូលជាធរមានរួច។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ក្រោមកិច្ចព្រមព្រៀង RCEP នេះ ប្រទេសជាសមាជិកនីមួយៗអាចនាំចេញទំនិញជាច្រើនបន្ទាត់ពន្ធគយទៅវិញទៅមក ដោយរួចរនាំងពន្ធមួយចំនួន ដែលវានឹងធ្វើឲ្យការដោះដូរទំនិញរវាងប្រទេសក្នុងក្រមខណ្ឌអាស៊ាន និងប្រទេសធំៗចំនួន៥ផ្សេងទៀតកាន់តែសកម្មជាងមុន។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបានគូសបញ្ជាក់ដោយផ្អែកទៅលើរបាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)ថា ក្រោយកិច្ចព្រមព្រៀង RCEP ចូលជាធរមាន កម្ពុជាអាចនឹងមានកំណើនការនាំចេញប្រចាំឆ្នាំចំនួន៧,៣%, ការវិនិយោគចំនួន២៣,៤% និងផលិតផលក្នុងស្រុកសរុបប្រមាណ២% បើធៀបនឹងផលិតផលក្នុងស្រុកសរុបបច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះបានបន្ថែមទៀតថា ក្រៅពីអត្ថប្រយោជន៍ខាងលើ កិច្ចព្រមព្រៀងនេះ មានសារសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឲ្យស្របនឹងយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០០១-២០៣៥។ បន្ថែមលើនេះ វានឹងជួយកម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារ និងទំនិញនាំចេញឲ្យកាន់តែល្អប្រសើរ និងទទួលបានជំនួយបច្ចេកទេសក្នុងការពង្រឹងលទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះកាន់តែច្រើនផងដែរ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នេះមានប្រទេសជាសមាជិកចំនួន១៥ រួមមានប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយចិន ជប៉ុន អូស្ត្រាលី ញ៉ូសេឡេន និងកូរ៉េខាងត្បូង៕