នាកិច្ចពិភាក្សាស្តីពីសក្តានុពលនៃយន្តការបរធនបាលកិច្ច និងនិន្នាការថ្មីៗនៃសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា វិស័យចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់ និងជាឆ្អឹងខ្នងក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសកលនានាដែលកើតឡើងជាបន្តបន្ទាប់។ បើទោះបីបច្ចុប្បន្នទីផ្សារអចលនទ្រព្យហាក់នៅទ្រឹង តែថ្នាក់ដឹកនាំរូបនេះអះអាងថា ការវិនិយោគក្នុងវិស័យនេះតាមរយៈយន្តការបរធនបាលកិច្ចមានសម្ទុះកើនឡើងយ៉ាងគំហុក។ ជាក់ស្តែងគិតមកទល់ពេលនេះ បរធនបាលកិច្ចអចលវត្ថុ ដែលបានចុះបញ្ជីមានការកើនឡើងរហូតដល់ប្រមាណ៦៨០ករណីជាមួយទំហំបរធនជាង៦៧០លានដុល្លារដែលបានរួមចំណែករហូតដល់ប្រមាណ៤៥% នៃទីផ្សារបរធនបានកិច្ចទាំងអស់នៅកម្ពុជា។
បើតាមថ្នាក់ដឹកនាំរូបនេះ ការស្ទុះឡើងយ៉ាងគំហុកលើការវិនិយោគវិស័យអចលទ្រព្យតាមរយៈយន្តការបរធនបាលកិច្ចនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំអនុវត្តសម្រាប់ជំរុញ និងស្តាវិស័យអចលនទ្រព្យកម្ពុជាឱ្យប្រសើរឡើងវិញ។ តើនៅក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យកម្ពុជាកំពុងថមថយបែបនេះ តើនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មានផែនការសកម្មភាព និងគោលនយោបាយយ៉ាងណាខ្លះ ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានភាពប្រសើរឡើងវិញ?
ឆ្លើយតបនឹងសំណួរនេះឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានគូសបញ្ជាក់ថា ដើម្បីជំរុញឱ្យវិស័យអចលនវត្ថុកម្ពុជារក្សាបាននូវស្ថិរភាព និងការរីកចម្រើននោះ រាជរដ្ឋាភិបាលតាមរយៈនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ដូចជាការលើកលែងពន្ធមួយចំនួនជាដើម។ បើតាមថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងរៀបចំយន្តការសម្រាប់គ្រប់គ្រងការពារវិស័យសំណង់ និងអចលនវត្ថុនៅកម្ពុជាក្នុងរយៈពេលវែងផងដែរ។
បើតាមឯកឧត្តម សុខ ដារ៉ា តាមរយៈការដាក់ចេញនូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជានេះ ឯកឧត្តមមានក្តីរំពឹងខ្ពស់ថា វិស័យអចលនទ្រព្យកម្ពុជានឹងអាចវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញយ៉ាងយូរក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន