ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ បានទទួលពាក្យ បណ្ដឹង ពីអ្នកទិញ លំនៅដ្ឋាន ចំនួន១.៧០០ករណី លើបុរីប្រមាណ៣០ទៅ៤០ ហើយបានជួបសម្របសម្រួលរវាងអ្នកទិញនិងអ្នកលក់ ប៉ុន្តែជំនួបខ្លះពុំទទួលបានផ្លែផ្កាឡើយ ដោយសារភាគីទាំងពីរ ពុំយល់ស្របនូវលក្ខខណ្ឌដែលបានដាក់រៀងៗខ្លួន។ ទោះបែបនេះក្ដី មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះបញ្ជាក់ថា នឹងជួយសម្របសម្រួលរវាងអ្នកទិញ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ជាបន្តបន្ទាប់ទៀត ខណៈនិយ័តករអាជីវកម្មអចលនវត្ថុ គ្រាន់តែជាអ្នកជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហា ហើយពុំមានសិទ្ធិសម្រេចឱ្យភាគីនេះ ឬភាគីនោះឈ្នះ ឬចាញ់នោះទេ ពោលគឺការសម្រេចយ៉ាងណា គឺអាស្រ័យលើភាគីវិវាទទាំងពីរ។
បញ្ហាវិវាទរវាងអ្នកទិញលំនៅដ្ឋាន ជាមួយនឹងក្រុមហ៊ុនបុរី បានកើតមានជាហូរហែនៅមួយរយៈកន្លងមកនេះ។ តួយ៉ាង ក្រោយពីមានការតវ៉ាពីសំណាក់អ្នកទិញផ្ទះជាច្រើននាក់ ក្រុមហ៊ុន បុរីពិភពថ្មី ដែលគេស្គាល់ថា ជារបស់អ្នកឧកញ៉ា ហុង ពីវ បានសម្រេចប្រកាសប្រមូលទិញយកលំនៅដ្ឋានពីអតិថិជន ដែលអស់លទ្ធភាពបង់ប្រាក់រំលស់ជាមួយក្រុមហ៊ុន ដោយផ្ដល់ជូនតម្លៃ ៥០% នៃទឹកប្រាក់ ដែលអតិថិជនបានបង់ជាមួយនឹងក្រុមហ៊ុនបុរីពិភពថ្មី ប៉ុន្តែក្រុមហ៊ុនមិនទទួលទិញផ្ទះពីបុគ្គលណាដែលមានផ្ទះចាប់ពី២ផ្ទះនោះទេ។
ក្រោយពីការប្រកាសនេះ ត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ ពោលគឺគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបុរីពិភពថ្មី បានទទួលទិញផ្ទះពីអតិថិជនរបស់ខ្លួនវិញ សរុបចំនួន ៣៣៧ផ្ទះ និងត្រូវចំណាយថវិការហូតដល់ជាង៤លានដុល្លារ។ នេះបើតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី៕
អត្ថបទ៖ បូ ដូឡា