ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗបានគាំទ្រ និងឯកភាពផ្តល់ទិន្នន័យដីធ្លីដល់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងកិច្ចការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការចាំបាច់មួយចំនួនរបស់សមាគម។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជឿជាក់ថា តាមរយៈទិន្នន័យនេះ វានឹងជួយធ្វើឱ្យការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា កាន់តែមានប្រសិទ្ធភាព និងជាក់លាក់បន្ថែមទៀត។ តែយ៉ាងណាដើម្បីឱ្យការវាយតម្លៃអចលនទ្រព្យកាន់តែមានប្រសិទ្ធភាព ប្រធានសមាគមរូបនេះ ស្នើឱ្យក្រុមហ៊ុនផ្តល់សេវាតម្លៃដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករអចលនវត្ថុ និងបញ្ចាំទាំងអស់ចូលរួមសហការ និងផ្តល់ទិន្នន័យទិញលក់ ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំទិន្នន័យមួយឱ្យកាន់តែមានសុគតភាព។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា តាមរយៈការចូលរួមគាំទ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វានឹងធ្វើឱ្យវិស័យអចលនវត្ថុកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។ សម្រាប់អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ ភាពរីកចម្រើនរបស់វិស័យអចលនទ្រព្យអាចបន្តដំណើរទៅបាន គឺទាមទារឱ្យមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បើពុំដូច្នោះទេ វិស័យនេះអាចនឹងជួបការលំបាកក្នុងការរីកចម្រើន។
ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុនេះដែរ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលា ស្ដីពី ផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥-២០២៦ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ដែលមានការចូលរួមពីសមាជិកយ៉ាងច្រើន។ តាមរយៈសិក្ខាសាលានេះបានបង្ហាញពីការរួបរួម ដើម្បីឈានទៅសម្រេចបាននូវគោលដៅ ដែលបានដាក់ចេញ និងឱ្យស្របតាមស្តង់ដា ព្រមទាំងបទបញ្ញត្តិនានា។
លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សមាគមនឹងពង្រឹងយុទ្ធសាស្រ្តស្តង់ដា ដែលចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០២៥-២០២៦នេះ។ បើតាមអ្នកជំនាញរូបនេះ ការអនុវត្តរួមគ្នានូវស្តង់ដារួមនឹងធ្វើឱ្យសេវាកម្មវាយតម្លៃអចលនវត្ថុនៅកម្ពុជាកាន់តែមានការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា។ ទន្ទឹមនេះ ការអនុវត្តនូវស្តង់ដាតែមួយនឹងធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកមានសមត្ថភាពប្រហាក់ប្រហែលនឹងក្រុមហ៊ុនអន្តរជាតិ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា