តម្លៃ​ប្រេង​សាំង​ធ្លាក់​ចុះ​

​តម្លៃ​ប្រេង​សាំងធ្លាក់​ចុះ​​ជា​​បន្ត​បន្ទាប់ ដោយសារ​វិបត្តិ​វីរុស​កូវីដ១៩


គិតតាំង​ពី​ដើម​ឆ្នាំ​២០២០​មក តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ គឺ​ពីប្រហែល ៣៧៥០​​រៀល នៅដើម​ខែ​មករា មក​នៅ​ត្រឹម ៣០៥០​រៀល ចាប់ពី​ថ្ងៃ​នេះ ដល់​ដំណាច់​ខែ​មីនា។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

យ៉ាងណាក៏ដោយ ការថមថយ​ចុះ​នេះ គឺ​ដោយសារ​តែ​មាន​បញ្ហា​ជា​ច្រើន​កំពុង​កើត​មាន​ឡើង​នៅ​ជុំវិញ​សកល​លោក ដែល​បាន​ទាញ​ទម្លាក់​តម្លៃ​ទីផ្សារ​ប្រេង​ឆៅ​នៅ​លើ​សកល​លោក ឲ្យ​បន្ត​ធ្លាក់​ចុះ​ឥត​ស្រាកស្រាន្ត។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

ឯកឧត្តម ស៊ាង ថៃ មន្ត្រី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់​ឲ្យ​ដឹង​ថា តម្លៃ​សាំង​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ពីព្រោះ​តម្លៃ​ទីផ្សារ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​សកលលោក​កំពុង​ធ្លាក់​ចុះ ដោយសារតែ​បញ្ហា​ជា​ច្រើន​ ដូចជា តម្រូវការ​ប្រើប្រាស់​ប្រេង​ថយចុះ ដោយសារតែ​ការរាតត្បាត​នៃ​មេរោគ​កូវីដ​១៩ ខណៈ​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន​មិន​បាន​កំណត់​លើ​ផលិតកម្ម​ប្រេង​ទៀត​ឡើយ ដែល​ធ្វើ​ឲ្យ​មាន​ការផ្គត់ផ្គង់​លើស​ពី​តម្រូវការ។

ដោយឡែក សម្រាប់​តម្លៃ​សាំង​ធម្មតា​នៅ​លើ​ទីផ្សារ​កម្ពុជា គិត​ចាប់​ពី​ថ្ងៃ​ទី​១៦ មីនា ដល់​​ដំណាច់​ខែ​មីនា​នេះ ត្រូវ​លក់​ក្នុង​តម្លៃ ៣០៥០​រៀល ក្នុង​មួយ​លីត្រ ដែល​ថយ​ចុះ ៤០០​រៀល ធៀបនឹង​តម្លៃ​លក់ កាលពី​ដើម​ខែមីនា រីឯ​តម្លៃ​ម៉ាស៊ូត​ថយចុះ ៣៥០​រៀល មក​នៅ​ត្រឹម ២៨០០​រៀល​ក្នុង​មួយ​លីត្រ។

បើយើង​ក្រឡេក​ទៅ​លើ​តម្លៃ​ប្រេងឆៅ នៅ​លើ​ទីផ្សារ​សកលលោក គឺ​កំពុង​តែ​បន្ត​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​កត្តា​ជា​ច្រើន រួមមាន ប្រទេស​កំពូល​ផលិត​ប្រេង​យក្សៗ ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ប្រទេស​អេមីរ៉ាត អារ៉ាប់រួម ជាមួយ​និង​ប្រទេស​រុស្ស៊ី ប្រកាស​សង្គ្រាម​លើ​ការ​ផ្គត់ផ្គង់​ប្រេង និង​ការ​ថមថយ​ចុះ​នូវ​តម្រូវការ​ប្រើប្រាស់​ប្រេង​ទូទាំង​សកលលោក ដោយសារ​តែ​មេរោគ​កូវីដ ១៩។

សម្រាប់​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ គិតត្រឹម​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ បាន​បន្ត​ធ្លាក់​ចុះ ដូចជា ទីផ្សារ Brent របស់​អង់គ្លេស ថយ​ចុះ​ប្រមាណ ១១% មក​នៅ​ត្រឹម ៣០ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អាមេរិក West Texas Intermediate ថមថយ​ប្រមាណ ៩% មក​នៅ​ត្រឹម ២៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន តាំង​ពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ។

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ថាមពល​មក​ពី​អឺរ៉ុប បាន​អះអាង​ថា ដោយសារតែ​មេរោគ​កូវីដ​១៩ ប្រទេស​កាន់តែ​ច្រើន​បាន​ផ្អាក​សកម្មភាព​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ សម្រេច​បិទ​ព្រំដែន និង​ផ្អាក​ជើង​ហោះ​ហើរ ជា​ហេតុ​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​កាន់តែ​ចុះ​ទាប ផល​ប៉ះពាល់​កាន់​តែ​រីក​ធំ ហើយ​ប្រទេស​ផលិត​ប្រេង​ធំៗ បែរ​ជា​ជំរុញ​ផលិតកម្ម​ប្រេង​ទៅ​វិញ។

គួរជម្រាប​ដែរ​ថា តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​សកលលោក បាន​ថយ​ចុះ​ខ្លាំង​ពី​រង្វង់ ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅដើម​ខែ​មករា ឆ្នាំ​២០២០​នេះ មក​នៅ​ត្រឹម​ប្រមាណ ៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ក្នុងខែ​មីនា​នេះ ដោយសារ​តែ​រង​ផល​​ប៉ះពាល់​ខ្លាំង​ក្នុង​ពេល​តែ​មួយ ទាំង​ផ្នែក​ផ្គត់ផ្គង់​ក៏​លើស និង​តម្រូវការ​ប្រើ​ប្រាស់​ប្រេង​ក៏​ថយ​ចុះ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាម គ្មានមូលដ្ឋាន កែប្រែមហិច្ឆិតាគោលដៅ កំណើនសេដ្ឋកិច្ចនោះទេ ទោះបីមានវិបត្តិមេរោគកូវីដ

ព័ត៌មាន
នៅក្នុងអំឡុងពេលដែលមានវិបត្តិមេរោគកូវីដ ១៩ កំពុងសាយភាយទូទាំងសកលលោកនេះ ប្រទេសវៀតណាម បានសម្រេចនូវអតិរេកពាណិជ្ជកម្មប្រមាណ ១ពាន់ ៨រយលានដ…

ស្វាយចន្ទីខ្មែរអាចនឹងមានក្តីសង្ឃឹមខ្ពស់ដែរទេ បើសិនគោលនយោបាយស្វាយចន្ទីជាតិត្រូវបានអនុម័ត?

ព័ត៌មាន
មន្ត្រីជំនាញរៀបចំឯកសារគោលនយោបាយស្វាយចន្ទីជាតិបានប្រាប់ឲ្យដឹងថា ឯកសារគោលនយោបាយស្វាយចន្ទីជាតិកម្ពុជានឹងដាក់ឆ្លងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ