តម្លៃភាគហ៊ុន​អេស៊ីលីដា

តម្លៃភាគហ៊ុនអេស៊ីលីដាធ្លាក់ចុះខ្លាំងដល់ក្រោមតម្លៃ IPO ខណៈអ្នកជំនាញថាជាឱកាសល្អសម្រាប់ការប្រមូលទិញទុក


តម្លៃភាគហ៊ុនរបស់ អេស៊ីលីដានៅតែបន្តធ្លាក់ចុះខ្លាំង ពោលគឺបានធ្លាក់ចុះនៅក្រោមតម្លៃបោះផ្សាយ IPOដំបូងទៅទៀត ដោយតម្លៃក្រោយបិទបញ្ចប់ការជួញដូរនៅថ្ងៃទី ១៦ មិថុនានេះ ភាគហ៊ុនអេស៊ីលីដាមានតម្លៃត្រឹមតែ ១៤.៦០០រៀលប៉ុណ្ណោះក្នុងមួយភាគហ៊ុន ខណៈដែលតម្លៃបោះផ្សាយ IPO ដំបូងគឺ ១៦.២០០រៀលក្នុងមួយភាគហ៊ុន។
ស្នាក់ការកណ្ដាល​ធនាគារអេស៊ីលីដា

ការធ្លាក់ចុះ​តម្លៃ​ភាគហ៊ុនអេស៊ីលីដានេះដែរ ត្រូវបានក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធី អះអាងថា ដោយសារតែមានការបញ្ចេញ​លក់​​ភាគហ៊ុន​ច្រើន ដែលនាំឲ្យការផ្គត់ផ្គង់​លើស​តម្រូវការ ប៉ុន្តែ​បើនិយាយពី​ស្ថានភាព​របស់ធនាគារអេស៊ីលីដាវិញ គឺមានភាពល្អប្រសើរជាធម្មតាទេ។ ទោះជា​បែបនេះក្តី អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធីអះអាងថា នេះជាឱកាសល្អ ដែលវិនិយោគសាធារណៈដទៃទៀត ជាពិសេសវិនិយោគិនរយៈពេលវែង អាចប្រមូលទិញ​ដើម្បីទុកចំណេញពេលក្រោយ ព្រោះតាមការសង្កេតរបស់លោក ទំនោរភាគហ៊ុនរបស់អេស៊ីលីដា នឹងឡើងមកវិញក្នុងពេលឆាប់ៗនេះ។

លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធី ភីអិលស៊ី បានប្រាប់ក្រុមការងារខេមបូណូមីសថា ជាការពិតណាស់នៅ​ផ្សារហ៊ុន ពេលការផ្គត់ផ្គង់​លើសតម្រូវការ នោះនឹងមានបម្រែបម្រួល​នៃការឡើងចុះតម្លៃ​ភាគហ៊ុនដែរ គឺជារឿងធម្មតា។

លោក ព្រំ វិសុទ្ធ បានបញ្ជាក់ថា ហេតុផល​ចម្បង​ដែល​ធ្វើឲ្យ​តម្លៃ​ភាគហ៊ុន​អេស៊ីលីដា ធ្លាក់ចុះ​ដល់​ក្រោម​តម្លៃ IPO យ៉ាងដូច្នេះ គឺដោយសារភាគហ៊ុនចំនួន ៤% នៃភាគហ៊ុនធនាគារអេស៊ីលីដា​សរុប ដែលជាភាគហ៊ុនរបស់បុគ្គលិកអេស៊ីលីដា កាន់កាប់តាមរយៈក្រុមហ៊ុនភាគហ៊ុនិកនីតិបុគ្គល អេ.អេស.អេ (ASA) បានធ្វើនិយ័តកម្មភាគហ៊ុនទាំងអស់ទៅឲ្យបុគ្គលិកម្នាក់ៗវិញ ដែលធ្វើឲ្យបរិមាណលក់ភាគហ៊ុន​មានច្រើន ទើបធ្វើការផ្គត់ផ្គង់លើសតម្រូវការយ៉ាងដូច្នេះ។

ទោះជាយ៉ាងណាក៏ដោយចុះ អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធី បញ្ជាក់ថា នេះជាឱកាសល្អមួយដែរ សម្រាប់វិនិយោគិនសាធារណៈដទៃទៀត ក្នុងការប្រមូលទិញ ដើម្បីទុកចំណេញទៅពេលក្រោយ ព្រោះភាគហ៊ុនអេស៊ីលីដា នឹងមានទំនោរកើនឡើងមកវិញក្នុងពេលឆាប់ៗនេះ។

គួរម្លឹកថា កាលពីថ្ងៃទី១៥ មិថុនានេះ ធនាគារអេស៊ីលីដា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន អេ.អេស.អេ ភីអិលស៊ី ដែលជាភាគហ៊ុនិកនីតីបុគ្គលមួយរបស់ធនាគារអេស៊ីលីដា បានធ្វើនិយ័តកម្មភាគហ៊ុន​ទាំងអស់ទៅឲ្យភាគហ៊ុននិកជាក់ស្តែងម្នាក់ៗ ដែលមានសមាជិកសរុបចំនួនជាង១ម៉ឺននាក់ និងមានភាគហ៊ុនសរុបជាង ១០០លានហ៊ុន ដែលស្មើនឹងចំនួនជិត២៥% នៃភាគហ៊ុនសរុបរបស់ធនាគារ។ នៅក្នុងនោះដែរ ភាគហ៊ុន ដែលបានធ្វើនិយ័តកម្មរួចរាល់នឹងត្រូវដាក់ឲ្យជួញដូរបាននៅលើផ្សារមូលបត្រកម្ពុជាត្រឹម ៤% ស្មើនឹងជាង ១៧លានហ៊ុន សម្រាប់ឆ្នាំ២០២១ ចំណែកភាគហ៊ុននៅសល់ជាង២០%ទៀត នឹងត្រូវអនុវត្តតាមផែនការជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ដែរថា ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១០មិថុនា ទើបតែ​បានសម្រេចបែងចែកភាគលាភសម្រាប់ប្រាក់ចំណេញឆ្នាំ២០២០សម្រាប់ភាគហ៊ុននិករបស់ខ្លួនហើយ ប៉ុន្ដែ ការបែងចែកនេះ គឺសម្រាប់តែវិនិយោគិនសាធារណៈតែប៉ុណ្ណោះ ដែលភាគលាភត្រូវបែងចែកមានចំនួនប្រមាណជាង ៤២ម៉ឺនដុល្លារ។ ចំណែកភាគលាភជាសាច់ប្រាក់ដែលនៅសល់ចំនួនជាង ៤២លានដុល្លារទៀត ត្រូវរក្សាទុកក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុក សម្រាប់ធ្វើការបែងចែក ជូនភាគហ៊ុនិកជានីតិបុគ្គល ដែលមិនមែនជាភាគហ៊ុននិកសាធារណៈ បន្ទាប់ពី​ទទួលបានការអនុម័តពីនិយ័តករ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្រ្តាលីនឹងឈានទៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសក្នុងពេលខាងមុខ

ព័ត៌មាន
នាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី និង អង់គ្លេសត្រូវបានគេរំពឹងថា នឹងធ្វើការបញ្ជាក់ពីចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពី…

រយៈពេល១ឆ្នាំ អាជីវកម្មជាង ៦ពាន់ បានចុះបញ្ជីតាមដានអនឡាញ ជាមួយដើមទុនជាង២.៦០០លានដុល្លារ

ព័ត៌មាន
យ៉ាងហោចណាស់មានអាជីវកម្មជាង៦ពាន់ ជាមួយនឹងដើមទុនជាង ២ពាន់៦រយលានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមរយៈថ្នាក់បច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ