
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ តេជោ មានអ្នកដំណើរចេញ-ចូលឆ្លងកាត់ជាមធ្យមប្រមាណ១ម៉ឺន៥ពាន់នាក់ក្នុង១ថ្ងៃ និងមានជើងហោះហើរចេញ-ចូលជាមធ្យមប្រមាណ១៣០ជើងក្នុង១ថ្ងៃ ក្រោយដាក់ឱ្យដំណើរការប្រមាណ១សប្តាហ៍កន្លងមកនេះ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិនេះ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលចំនួន២៨ក្រុមហ៊ុនក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៤។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រៅពីអ្នកដំណើរជាតិ និងអន្តរជាតិ ពលរដ្ឋដែលបានទៅលេងអាកាសយានដ្ឋាននេះមួយចំនួនជាអ្នកជូនដំណើរ និងរង់ចាំសាច់ញាតិឡើងចុះយន្តហោះ និងមួយចំនួនទៀតជាប្រជាពលរដ្ឋ ដែលអញ្ចើញទៅទស្សនាកម្សាន្តព្រលានយន្តហោះថ្មីនេះ។ បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ មិនមានគោលការណ៍ហាមប្រាមណាមួយមិនឱ្យប្រជាពលរដ្ឋចូលទៅទស្សនាកម្សាន្តនោះទេ ប៉ុន្តែតម្រូវឱ្យពួកគេគោរពទៅតាមការណែនាំ និងការសម្របសម្រួលរបស់សមត្ថកិច្ចពាក់ព័ន្ធ និងចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យជាដើម ដើម្បីចៀសវាងការរំខាន់ដល់អ្នកធ្វើដំណើរចេញចូលអាកាសយានដ្ឋាននេះ។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ និងត្រូវចាប់ផ្តើមគិតថ្លៃចំណតវិញពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។ អាកាសយានដ្ឋានអន្តរជាតិ តេជោ លំដាប់ 4F ដំណាក់កាលទី១ តម្លៃវិនិយោគជាង២ពាន់លានដុល្លារសាងសង់នៅលើផ្ទៃដីជាង២ពាន់ហិកតានេះ ត្រូវបានបើកឱ្យដំណើរការជើងហោះហើរដំបូងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយបើមិនមានអ្វីប្រែប្រួលទេនឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕